កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ ​Man Utd អំពាវនាវឱ្យមានការវិនិយោគពិតប្រាកដ បើក្លិបរកបានម្ចាស់ថ្មី
20, Aug 2022 , 11:29 am        
រូបភាព
ក្រុមអ្នកគាំទ្រក្លិប ​Manchester United ឈ្មោះ The Man United Supporters Trust (MUST) ថ្ងៃទី១៨​​ ខែសីហា បាននិយាយថា ប្រសិនបើក្លិបបិសាចក្រហមរកបានម្ចាស់ថ្មី ម្ចាស់ថ្មីនោះគួរតែប្រើការវិនិយោគដ៏ពិតប្រាកដដើម្បីកសាងក្រុមឱ្យងើបឡើងវិញ។

 
ក្រុមបិសាចក្រហមដែលមានម្ចាស់បច្ចុប្បន្នជាគ្រួសារក្រកូល Glazer ពេលថ្មីៗនេះ ត្រូវបានកាសែតជាច្រើនរាយការណ៍ថា នឹងអាចដាក់លក់ក្លិបយក្សអង់គ្លេសមួយនេះឆាប់ៗ ខណៈកំពុងស្ថិតក្នុងសម្ពាធពីអ្នកគាំទ្រ។ រឿងរ៉ាវរបស់ក្រុមគ្រួសារ Glazer កំពុងក្លាយជាប្រធានបទក្តៅ ក្រោយពេលក្រុម Man United ចាប់ផ្តើមរដូវកាលថ្មីដ៏អាក្រក់ដោយចាញ់ពីរប្រកួតជាប់គ្នានៃរដូវកាលថ្មី Premier League។
 
បើតាមសារព័ត៌មាន Bloomberg ផ្សាយនៅថ្ងៃទី១៨ ក្រុមគ្រួសារ Glazer អាចនឹងប្រកាសលក់ភាគហ៊ុនមួយចំនួននៃក្លិបបិសាចក្រហមដែលទំនងជាការបើកផ្លូវឱ្យលោក Sir Jim Ratcliffe។ លោក Sir Jim Ratcliff ជាមហាសេដ្ឋីអង់គ្លេសម្នាក់ដែលធ្លាប់បានប្រជែងដេញថ្លៃទិញក្លិប Chelsea កាលពីខែមីនាក្រោយពេលលោក Roman Abramovich ប្រកាសលក់ក្រោយរងទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស។
 
តាមការបង្ហោះមួយរបស់ MUST នៅលើបណ្តាញ Twitter ក្រុមអ្នកគាំទ្រ Man United កំពុងរំពឹងថា ក្លិបនឹងមានការផ្លាស់ប្តូរម្ចាស់ថ្មី ហើយអ្នកគាំទ្របានអំពាវនាវឱ្យមានការវិនិយោគពិតប្រាកដប្រសិនក្លិបរកបានម្ចាស់ថ្មីពិតមែន។
 
«ក្តីរំពឹងជាច្រើនពេលនេះ គឺការផ្លាស់ប្តូរអ្នកគ្រប់គ្រង ឬ ស្វែងរកអ្នកវិនិយោគថ្មីនៅ ​Manchester United ។ ខណៈអ្នកគាំទ្រច្រើនរយនាក់ទាមទារឱ្យមានការផ្លាស់ប្តូរ ពិតណាស់ថាការផ្លាស់ប្តូរនេះជារឿងដ៏ត្រឹមត្រូវ។ សម្រាប់អ្នកគ្រប់គ្រងថ្មី ឬអ្នកវិនិយោគថ្មីត្រូ ប្តេជ្ញាចិត្តបំពេញឱ្យត្រឹមត្រូវទៅតាមមវប្បធម៌ដែលក្លិបធ្លាប់មាន ហើយពួកគេត្រូវកសាងក្លិបត្រលប់ទៅភាពខ្លាំងវិញ ដូច្នេះការវិនិយោគថ្មីរបស់ពួកគេក៏ត្រូវប្រើប្រាស់ប្រាក់ថ្មីដ៏ច្រើនហើយពិតប្រាកដទៅលើក្រុម ក៏ដូចជាការកសាងកីឡដ្ឋាន។» នេះបើតាមសេចក្តីថ្លែងការណ៍ MUST។
លើសពីនេះ MUST ក៏ទាមទារចង់បានរចនាសម្ព័ន្ធថ្មីដែលអ្នកគាំទ្រក្លិបរួមចំណែកជាម្ចាស់ភាគហ៊ុនដែរ។
 
សូមជម្រាបថាក្រុមបិសាចក្រហមនាការបើករដូវកាលថ្មីនេះរងបរាជ័យ ២ប្រកួតរួចមកហើយក្រោមការដឹកនាំអ្នកចាត់ការថ្មីលោក Erik ten Hag ហើយការប្រកួតបន្ទាប់ពួកគេនឹងត្រូវស្វាគមន៍ក្រុម Liverpool ដែលជាក្រុមបញ្ហាច្រើនដូចគ្នា នៅថ្ងៃទី២៣៕
 
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com