អន្តរជាតិ
Washington Post៖ លោក ស៊ី ស្នើលោក បៃឌិន ជួយរារាំងលោកស្រី ផេឡូស៊ី ទៅតៃវ៉ាន់
21, Aug 2022 , 12:19 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងការសន្ទនាតាមប្រព័ន្ធវីដេអូជាមួយសមភាគីចិន ស៊ី ជិនភីង កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងការសន្ទនាតាមប្រព័ន្ធវីដេអូជាមួយសមភាគីចិន ស៊ី ជិនភីង កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រូបថត AFP
ប្រធានាធិបតីចិន ស៊ី ជិនភីង​ បានស្នើឱ្យសមភាគីអាម៉េរិក ចូ បៃឌិន ជួយរារាំងប្រធានសភាតំណាងរាស្រ្តលោកស្រី ណាន់ស៊ី ផេឡូស៊ី កុំទៅតៃវ៉ាន់ តែត្រូវបានច្រានចោល។ នេះបើតាមការផ្សាយរបស់កាសែត The Washington Post នៅថ្ងៃទី២០ ខែសីហា។ លោក បៃឌិន ប្រាប់លោក ស៊ី វិញ ថា ស្ថាប័ននីតិបញ្ញត្តិ ជាស្ថាប័នឯករាជ្យដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

 
ទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ធ្វើឱ្យចិនក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ រដ្ឋបាលលោក ចូ បៃឌិន ដែលត្រូវដឹងថា មិនយល់ស្របនឹងទស្សនកិច្ចនេះ ប្រឹងបកស្រាយជំហររបស់អាម៉េរិកចំពោះគោលនយោបាយចិនតែមួយ ដែលមិនផ្លាស់ប្ដូរដោយសារទស្សនកិច្ចនេះឡើយ ខណៈដែលចិនក៏សម្ញែងអានុភាពយោធារបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធដ៏កក្រើកសមុទ្រជុំវិញកោះតៃវ៉ាន់។
 
ប៉ុន្មានថ្ងៃមុនទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តនៅតៃវ៉ាន់ មេដឹកនាំចិន ក៏ស្នើដោយផ្ទាល់ទៅកាន់លោក បៃឌិន ឱ្យទប់ស្កាត់ទស្សនកិច្ចនេះ។ កាសែត Th Washington Post ចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ដោយស្រង់សម្ដីមន្ត្រីអាម៉េរិក ថា ប្រធានាធិបតីចិន ស៊ី ជិនភីង បានជជែកតាមទូរសព្ទជាមួយលោក បៃឌិន នៅថ្ងៃទី២៨ ខែកក្កដា ហើយក៏ប្រាប់លោក បៃឌិន ឱ្យបញ្ឈប់គម្រោងទស្សនកិច្ចនេះតែម្ដង។
 
បើតាមប្រភពព័ត៌មានដដែល លោក បៃឌិន ឆ្លើយវិញថា​ លោកមិនអាចធ្វើតាមសំណើនេះឡើយ។ ប្រធានាធិបតីអាម៉េរិកពន្យល់សមភាគីចិនទៀតថា សភាអាម៉េរិក ជាស្ថាប័នឯករាជ្យពីរដ្ឋាភិបាល ហើយលោកស្រី ផេឡូស៊ី និងសមាជិកសភាផ្សេងទៀត មានការសម្រេចចិត្តដោយខ្លួនឯងលើទស្សនកិច្ចនៅបរទេស។ មន្រ្តីអាម៉េរិកនិយាយដែរថា លោក បៃឌិន ក៏ព្រមានលោក ស៊ី កុំធ្វើសកម្មភាពបង្កហេតុណាមួយ បើលោកស្រី ផេឡូស៊ី ទៅតៃវ៉ាន់មែន។
 
តាមពិតទៅ មិនមែនរដ្ឋាភិបាលអាម៉េរិក មិនបារម្ភសោះនឹងដំណើរលោកស្រី ផេឡូស៊ី ឡើយ។ មន្ទីរបញ្ចកោណ បញ្ជាការដ្ឋានយោធាប្រចាំឥណ្ឌូប៉ាស៊ីហ្វិក និងក្រុមប្រឹក្សាសន្តិសុខសេតវិមាន សុទ្ធតែបានបង្ហាញពីហានិភ័យនៃទស្សនកិច្ចនេះ តែចុងក្រោយលោកស្រីនៅតែទៅដដែល។ ក្នុងសេចក្ដីប្រកាសព័ត៌មានក្រោយទស្សនកិច្ច មន្រ្តីលំដាប់ទីបីរូបនេះ អះអាងថា​ លោកស្រីទៅតៃវ៉ាន់ដើម្បីគាំទ្រតៃវ៉ាន់ និងប្រជាធិបតេយ្យ៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com