ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយចុះចូលជាមួយបក្សកាន់អំណាច ថ្នាក់ដឹកនាំបក្សខ្មែរស្រឡាញ់ជាតិ៦រូប បានឡើងជាទីប្រឹក្សាក្រសួងប្រៃសណីយ៍
21, Aug 2022 , 4:39 pm        
រូបភាព
លោក ខឺយ ស៊ីនឿន និង លោក កង គឹមហាក់ ជាអតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ២រូប ក្នុងចំណោម៦រូប ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងប្រៃសណីយ៍។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សខ្មែរស្រឡាញ់ជាតិ
លោក ខឺយ ស៊ីនឿន និង លោក កង គឹមហាក់ ជាអតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ២រូប ក្នុងចំណោម៦រូប ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងប្រៃសណីយ៍។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សខ្មែរស្រឡាញ់ជាតិ
អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ៦រូប ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោយពួកគេ ដឹកដៃគ្នាទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យស្តីពីការតែងតាំងពួកគេ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ តាមការក្រាបបង្គំសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។



អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិទាំង៦រូបនោះ គឺ លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន លោក តាន់​ ទីន លោក សុខ សុធា លោក សុខ វិបុល និងលោក អាង តារ៉ា។ កាលនៅក្នុងគណបក្សខ្មែរស្រឡាញ់ជាតិ អ្នកនយោបាយ៣រូប ក្នុងចំណោម៦រូបនេះ គឺលោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន និងលោក តាន់ ទីន សុទ្ធតែជាអនុប្រធាន។ 
 
យោងតាមព្រះរាជក្រឹត្យ ក្នុងតំណែងជាទីប្រឹក្សានេះ ពួកគេទាំង៦រូប មានឋានៈស្មើអនុរដ្ឋលេខាធិការខ្លះ និងមានឋានៈស្មើអគ្គនាយកខ្លះ។ ៣រូប គឺលោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន និងលោក តាន់ ទីន មានឋានៈស្មើអនុរដ្ឋលេខាធិការ ហើយ៣រូបទៀត គឺ លោក សុខ សុធា លោក សុខ វិបុល និងលោក អាង តារ៉ា មានឋានៈស្មើអគ្គនាយក។ 
 
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សនេះចោល តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយលោកផ្ទាល់។ ក្នុងសេចក្តីប្រកាសព័ត៌មាន លោក ជីវ កក្តា លើកឡើងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំប្រទេសបានត្រឹមត្រូវហើយ ដែលនាំឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ដូច្នេះ ក្រុមលោក ពុំមានហេតុផលអ្វី ដែលត្រូវនៅធ្វើជាអ្នកប្រឆាំងទៀតឡើយ។ គេ មិនទាន់ឃើញអតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិរូបនេះ ត្រូវបានតែងតាំងឲ្យកាន់តំណែងអ្វីក្នុងជួររដ្ឋាភិបាលនៅឡើយទេ។ 
 
ការប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិចោល ត្រូវមជ្ឈដ្ឋានខ្លះ សន្និដ្ឋានថា ទំនងដោយសារមានភាពរកាំរកូសក្នុងចំណោមថ្នាក់ដឹកនាំនៃគណបក្សនេះ។ យ៉ាងណា សេចក្តីប្រកាសព័ត៌មាន១សន្លឹករបស់លោក ជីវ កក្តា ហាក់ពុំបានរំលាយគណបក្សនេះបានជាស្ថាពរឡើយ ហើយការរំលាយតាមរយៈសេចក្តីប្រកាសព័ត៌មានបែបនេះ ក៏ហាក់ដូចជាពុំមានលក្ខណៈផ្លូវការដែរ ដ្បិតច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា ការរំលាយគណបក្ស ត្រូវធ្វើឡើងតាមរយៈមហាសន្និបាតរបស់គណបក្សនោះ។ សាធារណជន ពុំបានឃើញគណបក្សខ្មែរស្រឡាញ់ជាតិ ធ្វើមហាសន្និបាតស្តីពីការរំលាយខ្លួនឡើយ។  
 
បច្ចុប្បន្ន គណបក្សខ្មែរស្រឡាញ់ជាតិ នៅតែដំណើរការជាធម្មតា ហើយអ្នកដែលចេញមុខដឹកនាំគណបក្សនេះបន្ត គឺលោក សៀវ វិសុទ្ធ ក្នុងឋានៈជាប្រធានស្តីទី។ កាលពីមិនទាន់មានបញ្ជាផ្ទៃក្នុងគណបក្ស លោក គឺជាអគ្គហេរញ្ញិក។
 
គួររម្លឹកថា ភាគច្រើននៃថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ គឺជាក្រុមអ្នកនយោបាយ ដែលមានប្រភពមកពីអតីតគណបក្សសង្គ្រោះជាតិ។ ពួកគេ នាំគ្នាបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះ នៅឆ្នាំ២០២០។ គណបក្សនេះ ទទួលបាន៥អាសនៈ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ៕ 
 

Tag:
 គណបក្សខ្មែរស្រឡាញ់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com