កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ថា Liverpool គួរទទួលបាន៣ពិន្ទុប្រសិនជំនួបទល់ Man Utd ត្រូវផ្អាកព្រោះបាតុកម្មពីអ្នកគាំទ្រ
21, Aug 2022 , 5:59 pm        
រូបភាព
លោក ​Jurgen Klopp គ្រូបង្វឹកក្រុម Liverpool ថ្ងៃទី២០ ខែសីហា និយាយថាក្រុមលោកគួរទទួលបាន៣ពិន្ទុស្វ័យប្រវត្តិ ប្រសិនប្រកួតទល់ Manchester United ផ្អាកព្រោះអ្នកគាំទ្របិសាចក្រហមនាំគ្នាធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបគ្រួសារ Glazer សម្រាប់ការប្រកួត ថ្ងៃទី២៣ ខែសីហា។

 
ជំនួបពិសេសនៃ Premier League សប្តាហ៍ទី៣ ជាជំនួបរវាង Man United ទទួល ​Liverpool ត្រូវបានរងការព្រួយបារម្ភពីការធ្វើបាតុកម្មរបស់អ្នកគាំទ្របិសាចក្រហមប្រឆាំងក្រុមគ្រួសារ ​Glazer ដែលជាម្ចាស់ក្លិប។ កាលឆ្នាំ ២០២១ ក្នុងខែឧសភា អ្នកគាំទ្របិសាចក្រហមក៏ធ្លាប់បានធ្វើបាតុកម្មនេះម្តងរួចមកហើយដោយបានចូលអុកឡុកក្នុងទីលានទាមទារឱ្យគ្រួសារ Glazer ចុះចេញពីការគ្រប់គ្រងក្រុម ហើយកាលនោះជាជំនួបជាមួយ Liverpool ដូចគ្នា។ 
 
ទោះមានការរំពឹងទុកថានឹងមិនអាចមានរឿងបាតុកម្មកើតឡើងសម្រាប់ជំនួបថ្ងៃទី២៣ លោក Klopp និយាយក្នុងសន្និសីទកាសែតថា ប្រសិនបើប្រកួតត្រូវផ្អាកក្រុមលោកគួរទទួលបាន៣ពិន្ទុ និងឈ្នះស្វ័យប្រវត្តិ។
 
«ខ្ញុំសង្ឃឹមថាវានឹងមិនកើតឡើងម្តងទៀត ប៉ុន្តែប្រសិនបើវាកើតឡើងមែនខ្ញុំគិតថាយើងគួរតែទទួលបានពិន្ទុ។ យើងគ្មានអ្វីត្រូវធ្វើឡើយជាមួយកាលៈទេសៈបែបនេះ ហើយប្រសិនបើអ្នកគាំទ្រចង់បានការប្រកួតកើតឡើង រឿងមួយនេះមិនគួរកើតឡើងឡើយ ព្រោះយើងមិនអាចរៀបចំការប្រកួតឡើងវិញឡើយព្រោះយើងកំពុងស្ថិតក្នុងរដូវកាលដ៏មមាញឹក។»។ លោក Klopp និយាយបែបនេះ។
 
មកដល់ពេលនេះ ការគ្រប់គ្រងក្លិបរបស់គ្រួសារត្រកូល Glazer កំពុងស្ថិតក្នុងបញ្ហាជាថ្មីចាប់តាំងក្រុមចាញ់២ប្រកួតដំបូងនៅ ​Premier League។ បើតាមសេចក្តីរាយការណ៍កាសែតកីឡានានានៅអង់គ្លេសគ្រួសារ Glazer បានប្រកាសលក់ភាគហ៊ុនមួយចំណែកធំនៃក្រុមបិសាចក្រហម ខណៈដែលមហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe បង្ហាញចំណាប់អារម្មណ៍ទិញភាគហ៊ុន។ 
 
Liverpool ក៏ជាក្រុមកំពុងត្រូវការពិន្ទុជាចាំបាច់ក្រោយ២ប្រកួតដំបូងស្មើទាំងពីរប្រកួតនឹងមានកីឡាកររបួសច្រើន តែយ៉ាងណាសម្រាប់ជំនួបថ្ងៃទី២៣ នេះអ្នកចាត់ការលោក Erik ten Hag អំពាវនាវឱ្យអ្នកគាំទ្ររួបរួមគ្នាហើយចូលទស្សនាការប្រកួតជាធម្មតា៕
 
 

Tag:
 Jurgen Klopp
  Liverpool
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com