អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍ នៃខែសីហា
21, Aug 2022 , 11:29 pm        
រូបភាព
ក្នុងសប្តាហ៍នេះ បណ្តាប្រទេសជាច្រើនដូចជាឥណ្ឌា ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានប្រារព្ធខួបឯករាជ្យ និងខួបរំដោះចេញពីអាណានិគម។ ស្របគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើង ខណៈប្រទេសទាំងពីរស្ថិតក្រោមទណ្ឌកម្មរបស់ប្រទេសលោកខាងលិចស្រប។ មិនតែប៉ុណ្ណោះ ប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើទស្សនកិច្ចជាលើកដំបូងនៅមីយ៉ាន់ម៉ា ចាប់តាំងពីកាន់តំណែងនៅក្នុងឆ្នាំ២០២១។

 
ថ្ងៃទី១៥ ខែសីហា
 
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានប្តេជ្ញាធ្វើឱ្យឥណ្ឌា ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងរយៈពេល២៥ឆ្នាំមុខ មុនប្រារព្ធខួបឯករាជ្យ ១០០ឆ្នាំពីអាណានិគមរបស់អង់គ្លេស។
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថា ប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ និងប្រកបដោយការស្ថាបនា តាមរយៈកិច្ចខិតខំរួមគ្នា។ ចំណែកលោកគីម បានលើកឡើងថា​ ប្រទេសទាំងពីររឹតតែមានសាមគ្គីភាពគ្នា ខណៈដែលរងការគំរាមកំហែងពីកម្លាំងយោធារបស់សត្រូវ។
 
ថ្ងៃទី១៦ ខែសីហា
 
ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) សម្រាប់មីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer ចាប់ផ្តើមធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ា នៅមួយថ្ងៃបន្ទាប់ពីតុលាការយោធា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែម។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Noeleen Heyzer ចាប់តាំងពីទទួលបានតំណែងមួយនេះ។
 
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានសាទរការកើនឡើងនៃកិត្តិនាមរបស់ឥណ្ឌូណេស៊ីនៅលើឆាកអន្តរជាតិ រួមទាំងស្នើធ្វើជាអ្នកសម្របសម្រួលសន្តិភាពជាថ្មីរវាងរុស្ស៊ី និងអ៊ុយក្រែន។
 
ថ្ងៃទី១៧ ខែសីហា
 
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល មិនអាចផ្តល់ការធានាផ្នែកសន្តិសុខសម្រាប់ក្រុងព្យុងយ៉ាងបានទេ។ យ៉ាងណាមិញ កូរ៉េខាងត្បូង ក៏មិនចង់ឱ្យស្ថានភាពបច្ចុប្បន្ននៅកូរ៉េខាងជើងផ្លាស់ប្តូរ ដោយគ្មានហេតុផល ឬដោយកម្លាំងទ័ពឡើយ។
 
របបយោធាមីយ៉ាន់ម៉ា បានរិះគន់អាស៊ានចំៗ ក្រោយត្រូវបានផាត់ចេញពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ ដែលរៀបចំនៅដើមខែសីហានេះ។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បានចោទប្រកាន់អាស៊ានថា ធ្វើតាមសម្ពាធខាងក្រៅ។
 
ថ្ងៃទី១៨ ខែសីហា
 
ក្រសួងពាណិជ្ជកម្មចិន បានជំទាស់យ៉ាងដាក់អហង្ការចំពោះកិច្ចចរចាពាណិជ្ជកម្មអាម៉េរិក និងតៃវ៉ាន់។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់វិធានការឱ្យបានខ្លាំងបំផុតដើម្បីការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍ។
 
រដ្ឋមន្ត្រីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា បានចេញមុខការពារទំនាក់ទំនងរវាង​ឥណ្ឌា​ជាមួយរបបយោធាមីយ៉ាន់ម៉ា បើទោះបីជាសហគមន៏អន្តរជាតិកំពុងបង្កើនសម្ពាធ និងសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងពីការប្រហារជីវិតអ្នកទោសនយោបាយនាពេលថ្មីៗនេះក្តី។
 
ថ្ងៃទី១៩ ខែសីហា
 
លោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង បានច្រានចោលគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូងដែលសន្យាជួយសេដ្ឋកិច្ចខ្លួន ក្នុងករណីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែរចោល។ បើតាមលោកស្រីគីម គម្រោងមួយនេះ គឺមិនសមហេតុផល និងយកគំរូតាមរដ្ឋាភិបាលចាស់ប៉ុណ្ណោះ។
 
អាម៉េរិក បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាទំហំ៧៧៥លានដុល្លារទៀតដល់អ៊ុយក្រែន ដែលជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ក្នុងការជួយទីក្រុងកៀវទប់ទល់ប្រតិបត្តិការសឹករបស់កងទ័ពរុស្ស៊ីដល់ទីបញ្ចប់។
 
ថ្ងៃទី២០ ខែសីហា
 
ប្រធានាធិបតីចិន ស៊ី ជិនភីង​ បានស្នើឱ្យសមភាគីអាម៉េរិក ចូ បៃឌិន ជួយរារាំងប្រធានសភាតំណាងរាស្រ្តលោកស្រី ណាន់ស៊ី ផេឡូស៊ី កុំទៅតៃវ៉ាន់ តែត្រូវបានច្រានចោល។ នេះបើតាមការផ្សាយរបស់កាសែត The Washington Post។ លោក បៃឌិន ប្រាប់លោក ស៊ី វិញ ថា ស្ថាប័ននីតិបញ្ញត្តិ ជាស្ថាប័នឯករាជ្យដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com