កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ស៊ុតនាំជ័យជម្នះឱ្យ ​Barca នៅថ្ងៃខួបកំណើត ឯ Villarreal បំបាក់ ​AT Madrid ដល់ផ្ទះ
22, Aug 2022 , 2:35 pm        
រូបភាព
ខ្សែប្រយុទ្ធ ​Robert Lewandowski ស៊ុត២គ្រាប់ម្នាក់ឯងដើម្បីអបអរថ្ងៃខួបកំណើតរបស់ខ្លួន និងជួយរកជ័យជម្នះរបស់ក្រុម Barcelona លើក្រុមម្ចាស់ផ្ទះ ​Real Sociedad ដោយលទ្ធផល ៤-១ ថ្ងៃទី២២ ខែសីហា នៃក្របខណ្ឌ La Liga សប្តាហ៍ទីពីរ។ ចំណែក Villarreal បំបាក់ក្រុមម្ចាស់ផ្ទះ Atletico Madrid ។


 
គ្រាប់បើកឆាកដំបូងរបស់ ​Barca ធ្វើបាននៅនាទី១ ដោយខ្សែប្រយុទ្ធ​ ​Lewandowski មុនធ្វើបានគ្រាប់ទី២របស់គេនៅនាទី៦៨ ដែលជាគ្រាប់ទី៣ឱ្យ ​Barca ដែរ ខណៈកីឡាករ ​Ousmane Dembele រកបានគ្រាប់ទី២ នៅនាទី៦៦​ និងកីឡាករវ័យក្មេង Ansu Fati ១គ្រាប់នាទី៧៩។ ១គ្រាប់របស់ Real Sociedad ស៊ុតនាទី៦ ដោយកីឡាករ Alexander Isak។
 
ឈានចូលវ័យ ៣៤ឆ្នាំ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡញ អាចរកគ្រាប់បាល់លើកដំបូងប្រចាំនៅលីគកំពូលអេស្ប៉ាញដែរ។ ជាមួយជ័យជម្នះនេះ លោក Xavi Hernandez ជាគ្រូបង្វឹកបានបង្ហាញអារម្មណ៍រីករាយចំពោះការខំប្រឹងប្រែងរបស់កីឡាករតាមអ្វីដែលបានគ្រោងទុក។
 
«យើងបានផ្លាស់ប្តូរទម្រង់លេងទៅតាមកីឡាករចំណូលថ្មី ដែលគម្រោងរបស់យើងគឺលេងជាក្រុមហើយ តម្រូវឱ្យលេងគ្របដណ្តប់លើគូប្រកួត។ ខ្ញុំពិតជាសប្បាយចិត្តចំពោះលទ្ធផលនៃការងារនេះ។ ​[​…] សប្តាហ៍មុនយើងប្រកួតស្មើក្នុងផ្ទះដោយគ្មានគ្រាប់ស៊ុត។ វាជាការខកចិត្តមួយ តែជ័យជម្នះថ្ងៃនេះបានពង្រឹងយើងឱ្យធ្វើបានល្អនៅការប្រកួតប្រជែងខាងមុខទៀត។»។ Xavi និយាយប្រាប់ទូរទស្សន៍ Movistar Plus បែបនេះ។
 
ចំណែកការប្រកួតរវាង ​Atletico Madrid ទទួល ​Villarreal វិញ ក្រុមម្ចាស់ផ្ទះរងភាពអាម៉ាស់ក្រោមថ្វីជើងក្រុមភ្ញៀវដោយលទ្ធផល ២-០។ កីឡាករ ​Yeremi Pino និងខ្សែប្រយុទ្ធ Gerard Moreno ជាអ្នកនាំជ័យជម្នះដ៏ធំមកឱ្យ Villarreal ក្នុងកីឡដ្ឋាន​ Wanda Metropolitano ថ្ងៃទី២២ ខែសីហា។ ក្រោយឈ្នះ ​AT Madrid បែបនេះ ក្រុមដែលដឹកនាំដោយលោក Unai Emery នាសប្តាហ៍ទីពីរនេះជាក្រុមឈរកំពូលតារាងដែលមាន៦ពិន្ទុស្មើក្រុម Real Madrid ដែលឈរលេខពីរ។ 
 
មិនខុសពី Barcelona ឡើយ  ​Real Madrid ថ្ងៃទី២១ ក៏បានបំបាក់ក្រុម Celta Vigo ដល់ក្នុងផ្ទះដោយលទ្ធផល ៤-១ ដែរ។ ឈ្នះ៤គ្រាប់លើម្ចាស់ផ្ទះគឺជាការសហការគ្នាយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធបារាំង ​Karim Benzema ខ្សែបម្រើ Luka Modric ខ្សែប្រយុទ្ធវ័យក្មេង ​Vinicius JR និងខ្សែបម្រើ Fade Valverde។ រីឯម្ចាស់ផ្ទះរកបាន១គ្រាប់នៅនាទី២៣ ដោយកីឡាករ​ ​Iago Aspas។
 
ខាងក្រោមនេះជាលទ្ធផលក្រុមផ្សេងៗនៃក្របខណ្ឌ ​La Liga សប្តាហ៍ទីពីរ៖
Athletic Bilbao ឈ្នះ Valencia លទ្ធផល ១-០
Mallorca ចាញ់ ​Real Betis លទ្ធផល ២-១
Osasuna ឈ្នះ Cadiz ២-០
Sevilla ស្មើ ១-១ ​Real Valladolid 
Espanyol ចាញ់ Rayo Vallecano លទ្ធផល ២-០៕
 

Tag:
 Robert Lewandowski
  Barcelona
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com