អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិសប៉ាគីស្ថាន ស៊ើបអង្កេតលើអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ ក្រោយរិះគន់ស្ថាប័នរដ្ឋ
22, Aug 2022 , 3:59 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់។ រូបថត AFP
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប៉ូលិសប៉ាគីស្ថាន បានបើកការស៊ើបអង្កេតលើអតីតនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន ខាន់ ដោយចោទលោកថា បានបំពានលើច្បាប់ប្រឆាំងភេរវកម្ម។​ ការស៊ើបអង្កេតដែលទំនងជាបង្កើនភាពតានតឹងផ្នែកនយោបាយនៅប៉ាគីស្ថាន កើតឡើងបន្ទាប់ពីលោក ខាន់ និយាយគំរាមមន្រ្តី និងស្ថាប័នរដ្ឋក្នុងការថ្លែង​សុន្ទរកថា​ នយោបាយរបស់លោក។

 
ក្នុងសុន្ទរកថាផ្សាយផ្ទាល់មួយនៅថ្ងៃទី២០ ខែសីហា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ 
បានថ្កោលទោសស្នងការប៉ូលិសទីក្រុងអ៊ីស្លាម៉ាបាដ និងចៅក្រមស្រ្តីម្នាក់ចំពោះការឃុំខ្លួន និងចោទប្រកាន់លោក Shahbaz Gill ពីបទញុះញង់ឱ្យមានការបះបោរនៅក្នុងយោធាប៉ាគីស្ថាន។ លោក Shahbaz ជាជំនួយការជិតស្និទ្ធរបស់លោក​។ ទាក់ទងនឹងការចាប់ខ្លួននេះ លោក ខាន់ ចោទប្រកាន់ស្ថាប័នរដ្ឋថា លំអៀងប្រឆាំងគណបក្សរបស់លោក ហើយទាមទារឱ្យមានការដោះលែងលោក Shahbaz ជាបន្ទាន់។
 
ជាការឆ្លើយតប អាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកប៉ាគីស្ថាន (PEMRA) នៅថ្ងៃទី២១​ ខែសីហា បញ្ជាក់ថា លោក Imran Khan ចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងផ្សព្វផ្សាយពាក្យសំដីបង្កឱ្យមានការស្អប់ប្រឆាំងនឹងមន្រ្តី និងស្ថាប័នរដ្ឋ។ សេចក្តីថ្លែងការណ៍ដដែលបន្តថា សុន្ទរកថារបស់លោក ខាន់ ក៏បំពានលើមាត្រា ១៩ នៃរដ្ឋធម្មនុញ្ញ។
 
ចំណែក រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន Rana Sanaullah នៅថ្ងៃទី​២១ ខែសីហា អះអាងក្នុងសន្និសីទសារព័ត៌មានមួយថា លោក ខាន់ កំពុងធ្វើរបៀបវារៈប្រឆាំងនឹងរដ្ឋ។ លោក​បន្ថែមថា រដ្ឋាភិបាល​កំពុងស្វែងរកជម្រើសដើម្បីប្តឹងលោក ខាន់ ​ចំពោះសុន្ទរកថា​ញុះញង់នេះ។ 
 
លើសពីនេះ រដ្ឋាភិបាលប៉ាគីស្ថាននៅថ្ងៃទី២១​ ខែសីហា ក៏បិទការចូលប្រើកម្មវិធី YouTube នៅពាក់កណ្តាលនៃសុន្ទរកថាមួយទៀតរបស់លោក Imran Khan នៅ​ក្នុង​ទីក្រុង Rawalpindi ផងដែរ។ 
 
​​ជាមួយនឹងបញ្ហានេះ អ្នកគាំទ្រ​រាប់រយនាក់របស់លោកអតីតនាយករដ្ឋមន្ត្រី ប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោក ខាន់ បន្ទាប់ពីដំណឹងបើកការស៊ើបអង្កេតត្រូវបានផ្សព្វផ្សាយ។ ពួកគេក៏ព្រមានធ្វើបាតុកម្មគ្រប់គ្រងរដ្ឋធានីផងដែរ ប្រសិនបើប៉ូលិសចាប់ខ្លួនលោក ខាន់ នោះ។ 
 
លោក ខាន់ ក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៨ និងត្រូវបានទម្លាក់ចេញពីតំណែងនៅខែមេសា ឆ្នាំ២០២២ ដោយសារការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងរដ្ឋសភា។ ចាប់តាំងពីពេលនោះមក លោកតែងតែរិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាល និងអំពាវនាវឱ្យមានការបោះឆ្នោតជាថ្មី៕
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com