កីឡាអន្តរជាតិ
អន្តរជាតិ
លត់ក្រុម ​Lille លទ្ធផល ៧-១ PSG ធ្វើបានកំណត់ត្រាថ្មីពីរ, ឯ Mbappe ស៊ុតលឿនបំផុតនៅ Ligue 1
22, Aug 2022 , 5:29 pm        
រូបភាព
លោក ​Christophe Galtier អ្នកចាត់ការបច្ចុប្បន្នក្រុម ​Paris Saint Germain ថ្ងៃទី២១ ខែសីហា និយាយថា លោកមិនមានការភ្ញាក់ផ្អើលឡើយ ចំពោះការចាប់ផ្តើមរដូវកាលថ្មីយ៉ាងអស្ចារ្យនិងល្អ ពីសំណាក់កូនក្រុម។ ឈ្នះការប្រកួតយប់មិញនេះ PSG ក៏ធ្វើបានកំណត់ត្រាថ្មីពីរថែមទៀត។


 
ក្រុមម្ចាស់ការពារតំណែងជើងឯកលីគកំពូលបារាំង PSG នាជំនួបសប្តាហ៍ទីបីនេះ បានធ្វើដំណើរបំបាក់ក្រុម LOSC Lille ដោយលទ្ធផលដល់ទៅ ៧-១ ដល់ក្នុងទឹកដីនាកីឡដ្ឋាន​ Stade Pierre Mauroy។ ក្នុងជំនួបនោះខ្សែប្រយុទ្ធ ​Kylian Mbappe អាចរកបានគ្រាប់បាល់ ​Hat-trick ម្នាក់ឯង ដែលជាការសហការជាគ្នាទៅវិញទៅមកដ៏ល្អបំផុតជាមួយ Neymar JR និង Lionel Messi។ 
 
ប្រកួតនោះ Mbappe ស៊ុតបើកឆាកគ្រាប់ដំបូងត្រឹមតែរយៈពេល ៨វិនាទី ដែលជាកំណត់ត្រាគ្រាប់បាល់ដែលស៊ុតចូលលឿនបំផុតក្នុង Ligue 1 ចាប់តាំងពីការប្រកួតក្នុងឆ្នាំ ២០០៦-១៦ មក។ នេះបើតាមកំណត់ត្រា OptaJean។ 
 
លើសពីនេះលទ្ធផលឈ្នះលើ Lille បង្ហាញថា PSG ជាក្រុមដែលស៊ុតបាល់បានដល់ទៅ ១៧គ្រាប់ ត្រឹមតែ៣ប្រកួតដំបូងនៃលីគកំពូលបារាំងនារដូវកាល ២០២២-២៣ នេះ។ មានតែក្រុម Rennes FC ប៉ុណ្ណោះដែលធ្លាប់ធ្វើបាន ១៨គ្រាប់ នៅ៣ប្រកួតដំបូងនារដូវកាល ១៩៥០-៥១។ បើតាម Opta ដដែល PSG ជាក្រុមដំបូងប្រចាំប្រវត្តិសាស្ត្រ Ligue 1 ដែលអាចស៊ុតគ្រាប់បាល់យ៉ាងហោច ៣គ្រាប់ នាការប្រកួតក្រៅទឹកដី ៦ប្រកួតចុងក្រោយ។
 
លោក Galtier ដែលចូលមកកាន់តំណែងជាអ្នកចាត់ការនៅ ​PSG ផ្លាស់ពីក្រុម OGC Nice បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះភាពអស្ចារ្យនៃកូនក្រុមនារដូវកាលថ្មី ។ ប៉ុន្តែលោកលើកឡើងថាលោកគ្មានការភ្ញាក់ផ្អើលអ្វីឡើយ។
 
«ពិតណាស់ ព្រោះការងារនេះយើងបានសម្រេចតាមគោលដៅតាំងពីខែកក្កដាមក សម្រាប់កីឡាករដែលវិលត្រលប់មកជំរុំហ្វឹកហាត់មុនកាលកំណត់ពួកគេបានត្រៀមខ្លួនយ៉ាងល្អសម្រាប់រដូវកាលថ្មី។ ខ្ញុំធ្លាប់ឃើញកីឡាករចង់ចាប់ផ្តើមរដូវកាលដោយភាពខ្លាំងក្លាដូច្នេះ ភាពអស្ចារ្យទាំងនេះមិនមានអ្វីគួរភ្ញាក់ផ្អើលឡើយ។»។ លោក Galtier និយាយបែបនេះក្នុងសន្និសិទកាសែតក្រោយចប់ការប្រកួត។
 
ឆ្លងកាត់បីប្រកួតមកនេះ PSG រកបាន៩ពិន្ទុមានគ្រាប់ស៊ុត ១៧គ្រាប់ ហើយឈ្នះលើកំពូលតារាង Ligue 1 ការប្រកួតបន្ទាប់សម្រាប់សប្តាហ៍ទី៤ PSG ត្រូវបើកទ្វារកីឡដ្ឋាន Parc des Princes ស្វាគមន៍ក្រុមភ្ញៀវ​ Monaco៕
 
 

Tag:
 Christophe Galtier
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com