កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ថា នឹងបង្ហាញភាពជោគជ័យនៅទឹកដី Old Trafford
22, Aug 2022 , 6:29 pm        
រូបភាព
លោក ​Erik ten Hag អ្នកចាត់ការក្រុម Manchester United ថ្ងៃទី២២ ខែសីហា បាននិយាយដោយភាពជឿជាក់យ៉ាងមុតមាំថា លោកនឹងអាចបង្ហាញពីភាពជោគជ័យ នៅក្លិបយក្សមួយនេះ ក្នុងទឹកដី។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ អះអាងថា លោកដឹង​ពីកម្រិតនៃបញ្ហាប្រឈមដែលនឹងត្រូវដោះស្រាយ។


 
លោក Ten Hag វ័យ ៥២ឆ្នាំបានចូលកាន់តំណែងអ្នកចាត់ការនៅក្លិបបិសាចក្រហមជំនួសលោក Ralf Rangnick ចាប់តាំងពីចប់រដូវកាលចាស់ទៅ។ ប៉ុន្តែសម្រាប់ពីរប្រកួតដំបូងនៅ Premier League អតីតគ្រូក្រុម ​Ajax Amsterdam មួយនេះ ទទួលលទ្ធផលមិនទាន់ល្អនៅឡើយ ដោយចាញ់ទាំងពីរប្រកួត។ ប្រកួតទីមួយចាញ់ Brighton & hove Albion លទ្ធផល ២-១ និងចាញ់ Brentford លទ្ធផល ៤-០។
 
នាជំនួបទល់ Liverpool នាកីឡាដ្ឋាន Old Trafford នារាត្រីថ្ងៃទី២២ ឈានចូល ២៣ នេះលោក Ten Hag សម្លឹងមើលឱកាសយកឈ្នះលើក្រុមភ្ញៀវ ដើម្បីអាចជៀសវាងឈ្មោះជាអ្នកចាត់ការទីពីរដែលដឹកនាំ Man United ចាញ់ ៣ប្រកួតជាប់គ្នានៃការប្រកួតដើមរដូវកាល ចាប់តាំងពីលោក John Chapman ក្នុងឆ្នាំ ១៩២១។
 
ទោះជាយ៉ាងនេះក្តីអតីតគ្រូបង្វឹក​ Ajax រូបនេះ បង្ហាញជំនឿថា លោកនឹងទទួលបានជោគជ័យក្នុងនាមជាអ្នកចាត់ការ ​Man United។
 
«ខ្ញុំបានដឹងច្បាស់ហើយមុនពីការប្រកួតប្រជែងនេះទៀត ហើយខ្ញុំចង់ទទួលបានការប្រកួតប្រជែងមួយនេះ។ ខ្ញុំដឹងរួចហើយថាវានឹងជារឿងដ៏ពិបាក ប៉ុន្តែខ្ញុំចង់ធ្វើវាព្រោះក្នុងអាជីពរបស់ខ្ញុំ គ្រប់ពេលខ្ញុំចាប់ផ្តើម គឺការចាប់ផ្តើមតែងតែពិបាកអ៊ីចឹងហើយ បន្ទាប់ពីនេះខ្ញុំទទួលបានផល ហើយខ្ញុំជឿជាក់ថានៅទីនេះខ្ញុំនឹងទទួលជោគជ័យដូចគ្នា។»។ Ten Hag និយាយក្នុងសន្និសីទកាសែតមុនការប្រកួតទល់ ​Liverpool បែបនេះ។
 
ក្នុងពេលថ្មីៗនេះ Man United បាននាំចូលខ្សែបម្រើ Casemiro ពី Real Madrid ក្នុងតម្លៃ៧០លានដុល្លារ ដែលជាការភ្ញាក់ផ្អើលមួយ ខណៈដែលពួកគេកំពុងអន្ទងខ្សែប្រយុទ្ធមាឌល្អិត Antony ដែលជាអតីតកូនក្រុម ​Ten hag កាលនៅ Ajax៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com