អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីហ្វីលីពីនថ្មី ស្នើកញ្ចប់ថវិកាដល់ទៅ៩៤ពាន់លានដុល្លារសម្រាប់​ចំណាយឆ្នាំ២០២៣
22, Aug 2022 , 11:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ។ រូបថត AFP
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ។ រូបថត AFP
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅថ្ងៃទី២២ ខែសីហា បានស្នើឱ្យសភាអនុម័តកញ្ចប់​ថវិកាជាង៩៤ពាន់លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៣ ។ ទំហំទឹកប្រាក់ដ៏ច្រើនមិន​ធ្លាប់មាន​នេះ នឹងប្រើក្នុងវិស័យអាទិភាពសំដៅជំរុញការអភិវឌ្ឍប្រទេស និងជួយប្រជាជនហ្វីលីពីន​ឱ្យ​រួច​ផុត​ពី​ភាពក្រីក្រ។


 
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២២ ខែសីហា ប្រធានាធិបតីហ្វីលីពីន បានស្នើទៅសភាឱ្យ​ផ្ដល់​លុយ​ជាង៩៤ពាន់លាន​ដុល្លារសម្រាប់ចាត់ចែងកិច្ចការផ្សេងៗរបស់រដ្ឋាភិបាលនៅឆ្នាំ ២០២៣។ ទឹក​ប្រាក់​នេះស្មើនឹង ២២,២ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយវាលើសផែនការ​ចំណាយឆ្នាំ​២០២២ របស់រដ្ឋាភិបាលលោក រ៉ូឌ្រីហ្គោ ឌូទើតេ ជិត៥ភាគ​រយឯណោះ។
 
លោក Ferdinand Marocs Jr ដែលទើបកាន់អំណាចនៅខែឧសភា មានបំណងពង្រីកសេដ្ឋកិច្ច​ប្រទេសខ្លួនឱ្យបានយ៉ាងហោចណាស់ ៨ភាគ​រយ ក្នុងអំឡុងពេល ៦ឆ្នាំនៃអាណត្តិរបស់លោក ដើម្បី​ឱ្យ​ហ្វីលីពីនៅតែជាប្រទេសមានសេដ្ឋ​កិច្ចអភិវឌ្ឍរហ័សប្រចាំអាស៊ី។ លោកក៏ចង់​កាត់​ភាព​ក្រី​ក្រ​ឱ្យ​ពាក់​កណ្ដាលនៃចំនួនសរុប១៨,១ភាគរយផងដែរ។ 
 
វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខស្បៀងអាហារ ការថែទាំសុខភាព និងថាមពល​ស្អាត ជា​អាទិភាពចម្បងក្នុងគម្រោងចំណាយឆ្នាំ២០២៣។ បើតាមទីភ្នាក់ងារ​ព័ត៌មាន Reuters សភាហ្វីលីពីន អាចអនុម័តគម្រោងចំណាយនេះនៅខែ​តុលា ខណៈលោកប្រធានាធិបតី Marcos រំពឹងថា ចុះ​ហត្ថលេខាដាក់ឱ្យប្រើនៅមុន​ដាច់ឆ្នាំ២០២២ ។
 
បើតាមគម្រោងស្នើរបស់ប្រធានាធិបតី វិស័យអប់រំនឹងទទួលបានចំណែកច្រើនជាងគេ ពោលគឺ ១៦​ភាគរយនៃថវិកាសរុប ហើយផ្នែកកិច្ចការ​សាធារណៈទទួលបាន១៣ភាគរយដែរ។

ជាមួយគ្នានោះ វិស័យសុខាភិ​បាល បាន៥ភាគរយ ខណៈផ្នែកសុខុមាលភាពសង្គម​ទទួលបាន៤ភាគរយ ហើយ​វិស័យ​កសិកម្មត្រូវបានទទួល ៣,៥ភាគរយនៃកញ្ចប់លុយនោះ។ 
 
ដោយសារមានសំឡេងភាគច្រើនក្នុងសភា សំណើរបស់លោក Marcos Jr រំពឹងឆ្លងផុតសភាដោយ​ស្រួល៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com