អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ហ្សេលេនស្គី៖ រុស្ស៊ីនឹងបំពានច្បាប់អន្តរជាតិទាំងអស់ បើហ៊ានកាត់ទោសទាហានអ៊ុយក្រែន
22, Aug 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបថត AFP
ដោយ:
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ចេញមុខព្រមាននៅថ្ងៃទី២១ ខែសីហាថា បើរុស្ស៊ីហ៊ានបើកសវនាការជាសាធារណៈដើម្បីកាត់ក្តីទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនទៅ ក្រុងមូស្គូនឹងបំពានលើច្បាប់សកលទាំងអស់។ ការព្រមាននេះធ្វើឡើង ស្របពេលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថា ក្រុងមូស្គូនឹងធ្វើដូច្នោះ ចំថ្ងៃក្រុងកៀវប្រារព្ធទិវាឯករាជ្យលើកទី៣១។

 
នៅថ្ងៃទី២៤ ខែសីហា ជាខួបលើកទី៣១ ដែលអ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយសហភាពសូវៀតដួលរលំ ក៏ដូចជាចំគម្រប់ពេល៦ ខែដែលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអតីតសាធារណរដ្ឋសហភាពសូវៀតមួយនេះដែរ។ 
 
ទាក់ទងថ្ងៃឯករាជ្យនេះ បន្ថែមពីលើការអំពាវនាវឱ្យប្រុងប្រយ័ត្នពីសំណាក់រុស្ស៊ីដែលអាចនឹងបង្កើនការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងពីកង្វល់ជុំវិញកងកម្លាំងអ៊ុយក្រែនដែលត្រូវបានរុស្ស៊ីចាប់ខ្លួនអំឡុងពេលឡោមព័ទ្ធទីក្រុង Mariupol ។ ដោយស្រង់សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា មេដឹកនាំអ៊ុយក្រែនបញ្ជាក់ថា រុស្ស៊ីកំពុងតែរៀបចំបើកការកាត់ក្តីកងកម្លាំងទាំងនោះជាសាធារណៈ។
 
«ប្រសិនបើតុលាការដ៏ឃោរឃៅនេះធ្វើឡើងមែន ហើយបើប្រជាជនរបស់យើងត្រូវបាននាំទៅកន្លែងទាំងនេះដោយបំពានកិច្ចព្រមព្រៀងទាំងអស់ នោះនឹងបង្កឱ្យមានការរំលោភបំពានលើច្បាប់អន្តរជាតិទាំងអស់»។ លោក ហ្សេលេនស្គី បានព្រមានទៅកាន់រុស្ស៊ីបែបនេះក្នុងសារវីដេអូនាពេលល្ងាចថ្ងៃទី២១ ខែសីហា ដោយសង្កត់ធ្ងន់ថា បញ្ហានេះនឹងហួសបន្ទាត់ដែលគ្មានការចរចាណាអាចដោះស្រាយបាន។
 
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS កាលពីដើមខែមិថុនា ក្រុងមូស្គូបានផ្ទេរទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនជាង១ពាន់នាក់ពីក្រុង Mariupol ទៅទឹកដីរុស្ស៊ី។ ក្រុង Mariupol រងការវាយប្រហារតាំងពីថ្ងៃដំបូងនៃប្រតិបត្តិការសឹក ហើយបច្ចុប្បន្នគ្រប់គ្រងដោយអាជ្ញាធរនៃតំបន់ផ្តាច់ខ្លួនដូណេត្សដែលមានរុស្ស៊ីនៅពីក្រោយ។
 
ជុំវិញការព្រួយបារម្ភពីគោលបំណងរបស់រុស្ស៊ីនៅទិវាឯករាជ្យខាងមុខនេះ អាជ្ញាធររដ្ឋធានីកៀវបានរឹតបន្តឹងលើការជួបជុំសាធារណៈពីថ្ងៃទី២២-២៥ ខែសីហា។ ចំណែកអភិបាលក្រុង Kharkiv ដែលរងការបាញ់ប្រហារមីស៊ីលពីសំណាក់រុស្ស៊ីជាច្រើនសប្តាហ៍មកហើយ ក៏បានប្រកាសបម្រាមគោចរពីល្ងាចថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី២៥ ខែសីហា ផងដែរ៕
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com