អន្តរជាតិ
លោកពូទីន៖ រុស្ស៊ីជាមហាអំណាចពិភពលោកដ៏ខ្លាំង និងឯករាជ្យ
22, Aug 2022 , 10:29 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាពយកពីវេបសាយប្រធានាធិបតីរុស្ស៊ី
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាពយកពីវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២២ ខែសីហា បានសរសើររុស្ស៊ីជាមហាអំណាចពិភពលោកដ៏ខ្លាំង និងឯករាជ្យ។ មេដឹកនាំរុស្ស៊ី បានប្តេជ្ញាការពារមាតុប្រទេសរបស់ខ្លួន និងមិនអនុញ្ញាតឱ្យមានអនុត្តរភាព ឬការដាក់បទបញ្ជាពីបរទេសឡើយ។

 
រុស្ស៊ី​ នៅថ្ងៃទី២២ ខែសីហា ប្រារព្ធទិវាទង់ជាតិ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤។ តាមរយៈវិដូអូមួយទៅកាន់ប្រជាជនរបស់ខ្លួន លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានលើកឡើងថា ទង់ជាតិ ជានិមិត្តសញ្ញាតំណាងឱ្យភក្តីភាពរបស់ប្រជាជនរុស្ស៊ី ដែលមិនអាចបោះបង់ការពិត យុត្តិធម៌ ការបង្រួបបង្រួម និងភាពជោគជ័យ ដែលបុព្វបុរសរបស់ខ្លួនបន្សល់ទុកឱ្យ។ 
 
ត្រង់ចំណុចនេះ លោកពូទីន បានបញ្ជាក់ថា ភាពជោគជ័យទាំងនោះ បានលើកទឹកចិត្តឱ្យប្រជាជនរុស្ស៊ី រួមទាំងលោក ត្រូវថែរក្សា និងការពារមាតុប្រទេស ហើយមិនអនុញ្ញាតឱ្យមានអនុត្តរភាពរបស់បរទេស និងការបង្គាប់បញ្ជាពីបរទេសឡើយ។ 
 
«រុស្ស៊ី ជាមហាអំណាចពិភពលោកដ៏ខ្លាំង និងឯករាជ្យ»។ ប្រធានាធិបតីរុស្ស៊ី បានបន្តបែបនេះ ដោយបន្ថែមថា រុស្ស៊ីនឹងប្តេជ្ញាស្វែងរកគោលនយោបាយ ដែលបម្រើផលប្រយោជន៍ជាតិ។ យ៉ាងណាមិញ លោកពូទីន មិនបានបញ្ជាក់ពីអ៊ុយក្រែន និងប្រទេសលោកខាងលិចឡើយ នៅក្នុងវីដេអូទៅកាន់ប្រជាជនខ្លួនមួយនេះឡើយ។ 
 
ដោយចាត់ទុកជានិមិត្តរូបដ៏សំខាន់សម្រាប់គ្រប់ជំនាន់របស់ប្រជាជនទាំងអស់ លោកពូទីនបានលើកឡើងថា ទង់ជាតិរុស្ស៊ីនឹងជួយឱ្យប្រទេសមានភាពរុងរឿងផ្នែកយោធា ភាពជ័យជម្នះ និងភាពជឿនលឿននៅក្នុងវិទ្យាសាស្រ្ត វប្បធម៌ និងកីឡា៕
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com