កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Chelsea ទាមទារនាំកីឡាករថ្មីបន្ថែម ក្រោយសម្លឹងឃើញការប្រកួតប្រជែងខ្លាំងក្នុងលីគ
22, Aug 2022 , 11:29 pm        
រូបភាព
ចាប់ផ្តើមរដូវកាលថ្មីត្រឹមតែ ៣ប្រកួត លោក Thomas Tuchel គ្រូ Chelsea និងលោក David Moyes គ្រូ West Ham United ក្នុងថ្ងៃទី២១ ត្អូញត្អែដំណាលគ្នាថា ក្រុមត្រូវការកីឡាករថ្មីបន្ថែម ដើម្បីពង្រឹងសមត្ថភាព ខណៈដែលពេលវេលានៃទីផ្សារដោះដូរសល់ ៩ថ្ងៃទៀត។


 
បន្ទាប់ពីប្រកួតស្មើ ២​-២ ជាមួយ Tottenham Hotspur កាលសប្តាហ៍មុនមក ក្រុម Chelsea បន្តធ្វើមិនបានល្អទៀត ដោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ​Leeds United លទ្ធផល​ ៣-០ កាលពីថ្ងៃទី២១ សីហា ។ 
 
Chelsea ជួបបញ្ហាកីឡាករក្រោយពេលក្លិបរងទណ្ឌកម្មពីឥទ្ធិពលទណ្ឌកម្មរបស់លោក ​Roman Abramovich ដែលជាម្ចាស់ក្លិបចាស់ សញ្ជាតិរុស្ស៊ី បណ្តាលឱ្យកីឡាករសំខាន់ៗដូចជាខ្សែការពារ ​Antonio Rudiger និង​ Andreas Christensen ចាកចេញក្រោយផុតកុងត្រា។ ទោះនាំចូលខ្សែការពារថ្មី Kalidou Koulibaly ពីក្រុម Napoli ក្តី តែតំបន់ការពារ Chelsea នៅតែមានភាពខ្សោយជាងរដូវកាលមុន។
 
ប្រកួតចាញ់​ Leeds វាបានបង្ហាញពីភាពខ្វះចន្លោះនៃក្រុម ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់និយាយថា ក្រុមលោកត្រូវការនាំចូលកីឡាករថ្មីបន្ថែមទៀត ព្រោះការប្រកួតប្រជែង Premier League រដូវកាលថ្មីមានភាពខ្លាំងក្លាជារដូវកាលចាស់។
 
«ទីផ្សារដោះដូរកំពុងតែបើកឡើយ ហើយយើងត្រូវការកីឡាករបន្ថែមដើម្បីពង្រឹងក្រុម ទោះបែបនេះក៏ដោយក៏ពេលនេះយើងនៅតែផ្តោតខ្លាំងលើកកីឡាករដែលយើងមាន និងអ្វីអាចធ្វើទៅបាន។ យើងត្រូវបានក្រុម Leeds នាំមុខ ហើយយើងមិនអាចធ្វើអ្វីបានលើពួកគេវិញពួកគេក៏ជាក្រុមមានសមត្ថភាពខ្លាំងមួយពេលនេះ»។ លោក Tuchel និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។ 
 
​សូមជម្រាបថា ក្រុមតោខៀវ Chelsea នឹងត្រូវស្វាគមន៍ក្រុម Leicester City វេលាម៉ោង ៩យប់ នៅថ្ងៃទី២៧ ខែសីហា ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com