សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម មានបំណុលសាធារណជិត​១៥៧ពាន់លានដុល្លារត្រឹមឆ្នាំ២០២១
23, Aug 2022 , 9:29 am        
រូបភាព
រូបពី Vietnamnet ។
រូបពី Vietnamnet ។
បំណុលសាធារណរបស់វៀតណាមមានជិត១៥៧ពាន់លានដុល្លារ ដែលស្មើនិង ៤៣,១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)  នៅត្រឹមឆ្នាំ២០២១។ តួលេខនេះ នៅទាបជាងអត្រាកំណត់ដោយច្បាប់ដែលមានដល់៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប។


បំណុលសាធារណៈ ជាទំហំទឹកប្រាក់ ដែលរដ្ឋាភិបាលនៃប្រទេសមួយបានជំពាក់ភាគីផ្សេងទៀតដែលជាម្ចាស់បំណុល នៅក្នុងពេលជាក់លាក់មួយ។ ឬអាចនិយាយមួយបែបទៀតថា បំណុលរបស់រដ្ឋ ជាបំណុលដែលរដ្ឋាភិបាលនៃប្រទេសមួយបានខ្ចីពីភាគីនៅក្នុងស្រុករបស់ខ្លួន ឬពីភាគីនៅក្រៅប្រទេស នៅអំឡុងពេលណាមួយ ដែលអាចជាឆមាស ឬឆ្នាំ។ 
 
បើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម បំណុលសាធារណប្រទេសនេះបានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពី៦១,៤ភាគរយ ក្នុងឆ្នាំ២០១៧ មកត្រឹម៤៣,១ភាគរយនៃGDP នៅឆ្នាំ២០២១។ ជាមួយនិងទំហំ GDP ចំនួន ៣៦៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ បំណុលសាធារណរបស់វៀតណាមមានជិត ១៥៧ពាន់លានដុល្លារ។ 
 
ក្រៅពីបំណុលសាធារណ ព្រឹត្តិបត្រដដែលបានឱ្យដឹងថា ក្នុងរយៈពេលពេល៥ឆ្នាំ (២០១៧-២០២១) បំណុលរដ្ឋាភិបាល, បំណុលដែលធានាដោយរដ្ឋាភិបាល និងបំណុលរដ្ឋាភិបាលនៅកម្រិតថ្នាក់ក្រោមជាតិ ក៏ថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងនោះ បំណុលរដ្ឋាភិបាលបានថយចុះពី ៥១,៧ទៅ៣៩,១ភាគរយនៃ GDP ប្រមាណជិត ១៤៤ពាន់លានដុល្លារ ខណៈបំណុលធានាដោយរដ្ឋាភិបាលបានថយចុះពី៩,១ទៅ៣,៨ភាគរយនៃ GDP មានចំនួនជិត ១៤លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Vnexpress នាថ្ងៃទី២១ ខែសីហា។ 
 
ចំណែក បំណុលរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិក៏បានថយចុះពី ០,៦ទៅ០,៥ភាគរយនៃ GDP ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ដោយឡែក បំណុលក្រៅប្រទេសវិញ នៅត្រឹម ៣៨,៤ភាគរយក្នុងឆ្នាំ ២០២១ ដែលថយចុះពី ៤៩ភាគរយនៃ GDP កាលពីឆ្នាំ ២០១៧។ 
 
របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា ជប៉ុន កូរ៉េខាងត្បូង បារាំង អាល្លឺម៉ង់ ជាម្ចាស់បំណុលធំជាងគេបន្តបន្ទាប់របស់វៀតណាម​។ នៅក្នុងឆ្នាំ ២០២១ ជប៉ុនផ្តល់កម្ចីឱ្យវៀតណាមមានជាង ១៥,៣ពាន់លានដុល្លារ ខណៈកូរ៉េខាងត្បូងមានចំនួន ១,៣៦ពាន់លានដុល្លារ និងបារាំងចំនួន ១,២៨ពាន់លានដុល្លារ។ 
 
ទន្ទឹមនេះ ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ធនាគារពិភពលោក( World Bank)បានផ្តល់កម្ចីឱ្យវៀតណាមច្រើនជាងគេ ជាមួយទំហំទឹកប្រាក់ ១៦,២ពាន់លានដុល្លារ ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានចំនួន ៨,០៣២ពាន់លានដុល្លារ ។ 
 
នៅឆ្នាំ២០២២នេះ រដ្ឋាភិបាលវៀតណាមរំពឹងថា នឹងខ្ចីប្រាក់ចំនួន ៣០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបំពេញតម្រូវការសមតុល្យថវិកា រួមទាំងការអនុវត្តគោលនយោបាយសារពើពន្ធដើម្បីគាំទ្រដល់ដំណើរការស្តារសេដ្ឋកិច្ចសង្គម។ ប្រសិនបើ GDP នៅឆ្នាំនេះកើនឡើងដូចការរំពឹងទុក រដ្ឋាភិបាលវៀតណាមបានប៉ាន់ប្រមាណថា បំណុលសាធារណៈនឹងស្ថិតនៅចន្លោះ ៤៣ទៅ៤៤ភាគរយនៃ GDP ៕
 

Tag:
 វៀតណាម បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com