កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd បានបីពិន្ទុដំបូងក្រោយឈ្នះ Liverpool ២-១ ដោយ Maguire និង Ronaldo អង្គុយបម្រុង
23, Aug 2022 , 9:44 am        
រូបភាព
ទីបំផុត Manchester United ស្គាល់ជ័យជម្នះលើកដំបូងនៅ Premier League ក្រោយយកឈ្នះ Liverpool ២-១ នៅ Old Trafford។ អ្នកចាត់ការទូទៅ Erik ten Hag ប្រើយុទ្ធវិធីថ្មី ដោយមិនបញ្ចូលប្រធានក្រុម Harry Maguire និង Cristiano Ronaldo ក្នុងជម្រើស១១នាក់ដំបូងឡើយ។


Jadon Sancho ស៊ុតបាល់បញ្ចូលទីគ្រាប់ឱ្យក្រុមបិសាចក្រហមនាំមុខ Liverpool មុននៅនាទី១៦ នាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី៣ នៅរាត្រីថ្ងៃទី២២ ខែសីហា។ តាមរយៈយុទ្ធសាស្ត្រថ្មីរបស់លោក Erik ten Hag ដោយមិនដាក់ Maguire និង Ronaldo នៅជម្រើសដំបូង បានធ្វើឱ្យ Man Utd ល្អប្រសើរជាងពីរប្រកួតដំបូងពេលចាញ់ Brighton & Hove Albion និង Brentford យ៉ាងអាម៉ាស់ ។
 
Man Utd នៅតែរក្សាទម្រង់លេងបានល្អ តាមរយៈការគ្រប់គ្រងបាល់ និងវាយសម្រុកទៅលើក្រុមហង្សក្រហម បើទោះនាំមុខ១គ្រាប់ហើយក្តី។ ចូលដល់វគ្គទី២ បិសាចក្រហមបានបន្ថែមគ្រាប់នាំមុខ១គ្រាប់ទៀត ដែលធ្វើបានដោយ Marcus Rashford នៅនាទី៥៣។
 
ចូលដល់នាទី៨១ ក្រុមលោក Jurgen Klopp តាមបានមួយគ្រាប់វិញ ដោយខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Mohamed Salah។ ចប់ការប្រកួតម្ចាស់ផ្ទះ Man Utd ឈ្នះ Liverpool ២-១។
នេះជាជ័យជម្នះដំបូងរបស់ Man Utd ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីសញ្ជាតិហូឡង់នៅ Premier League ស្របពេល Liverpool នៅមិនទាន់ស្គាល់ឈ្នះនៅឡើយ ក្រោយស្មើពីរប្រកួតដំបូង និងចាញ់នៅប្រកួតទី៣នេះ។
 
៣ពិន្ទុដំបូងនេះ បានជួយម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ គេចផុតពីបាតតារាង ដើម្បីឡើងទៅកាន់លេខរៀងទី១៤ វិញ។ Liverpool ធ្លាក់ទៅចំណាត់ថ្នាក់ទី១៦ ក្រោយរកបាន២ពិន្ទុ៕ 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com