អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី បើកការស៊ើបអង្កេតលើករណីបំពានសិទ្ធិមនុស្សក្នុងរបប ស៊ូហារតូ
23, Aug 2022 , 10:29 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបថត AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបថត AFP
ដោយ:
ឥណ្ឌូណេស៊ី នឹងបើកការស៊ើបអង្កតលើការរំលោភសិទ្ធិមនុស្សចំនួន១៣ករណីដែលមិនទាន់បានដោះស្រាយ តាំងពីសម័យមេដឹកនាំផ្តាច់ការ ស៊ូហារតូ។ ដើម្បីបំពេញតាមការសន្យាកន្លងមក្នុងការស្វែងរកយុត្តិធម៌ និងការទទួលខុសត្រូវដល់ជនរងគ្រោះ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ថែមទាំងបានចេញក្រឹត្យមួយសំដៅបង្កើតគណៈកម្មាធិការក្រៅប្រព័ន្ធតុលាការដែលកំពុងត្រូវបានពិភាក្សានៅសភាជាតិ ដើម្បីដោះស្រាយករណីបំពានដែលកើតឡើង។

 
ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីបួនលើពិភពលោក និងប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏មាំទាំជាងគេទី ៣ក្នុងពិភពលោក ឥណ្ឌូណេស៊ីត្រូវបានអន្តរជាតិ ឬក្រុមសិទ្ធិមនុស្សរិះគន់ជាខ្លាំង ដោយសារតែបរាជ័យផ្តល់យុត្តិធម៌ដល់ជនរងគ្រោះផ្នែកសិទ្ធិមនុស្សជាច្រើនករណីដែលភាគច្រើនកើតឡើងក្រោមអតីតការដឹកនាំរបស់មេដឹកនាំផ្តាច់ការ លោក ស៊ូហារតូ ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៨។
 
ការធ្វើទុក្ខបុកម្នេញដែលកើតឡើងរូមបញ្ចូលការប្រើអំពើហិង្សាដោយយោធាប្រឆាំងនឹងការទាមទារឯករាជ្យនៅទីម័រខាងកើត ការចាប់ជំរិតសកម្មជនគាំទ្រប្រជាធិបតេយ្យប្រឆាំងនឹងរបបលោក ស៊ូហារតូ ការសម្លាប់អ្នកប្រឆាំងរបបកុម្មុយនិស្តនៅទសវត្សរ៍ឆ្នាំ១៩៦០ ក៏ដូចជាការប្រើអំពើហិង្សារបស់កងកម្លាំងប្រដាប់អាវុធលើជនជាតិភាគតិចដែលមកពីខេត្ត Papua។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីនៅថ្ងៃទី២២ ខែសីហា ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមស៊ើបអង្កេតលើការរំលោភបំពានសិទ្ធិមនុស្សចំនួន ១៣ ករណីដែលត្រូវបានប្រព្រឹត្តឡើងកន្លងមក។ ដោយមិនបានលម្អិតបន្ថែមពីករណីទាំងនេះ ក្នុងនោះបញ្ហាសិទ្ធិមនុស្សចំនួន៩ករណីបានកើតឡើងមុនឆ្នាំ ២០០០។
 
នេះជាលើកដំបូងហើយដែលប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានផ្តោតទៅលើចំនួនករណីស៊ើបអង្កេតបែបនេះ ស្របពេលរដ្ឋាភិបាលរបស់លោកបានពង្រឹងជំហរឆ្លើយតបទៅកាន់ប្រជាជនដោយកុំឱ្យលើករឿងអតីតកាលឡើងទៀត។ 
 
នៅសប្តាហ៍មុន មេដឹកនាំឥណ្ឌូណេស៊ីដែលត្រូវបានស្គាល់ជាទូទៅថា លោក ចូកូវី បានចុះហត្ថលេខាលើក្រឹត្យមួយក្នុងការបង្កើតគណៈកម្មាធិការមួយដើម្បីជាយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការនូវករណីរំលោភសិទ្ធិមនុស្សដ៏ឃោរឃៅកន្លងមក។ ក្រឹត្យនេះទំនងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក ចូកូវី ដើម្បីបំពេញការសន្យារបស់លោកតាំងពីយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៤ ថានឹងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះទាំងនោះ៕
 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com