កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag ថាអាកប្បកិរិយាល្អកីឡាករជាកូនសោរកែប្រែលទ្ធផលឱ្យ Man Utd
23, Aug 2022 , 11:29 am        
រូបភាព
ក្រុម Manchester United រកបានជ័យជម្នះលើកដំបូងរបស់ខ្លួនវិញហើយក្រោយប្រកួតឈ្នះក្រុម Liverpool លទ្ធផល ២-១ ក្នុងទឹកដី ​Old Trafford ថ្ងៃទី២៣ ខែសីហា។ លោក ​Erik ten Hag និយាយថា អាកប្បកិរិយាកីឡាករ និងស្មារតីប្រយុទ្ធរួម ជាកូនសោរអាចប្រែលទ្ធផលក្រុមបែបនេះ។



គ្រាប់បាល់ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ ​Jadon Sancho និង ​Marcus Rashford ជួយឱ្យបិសាចក្រហមឈ្នះប្រកួតលើកដំបូងរបស់ខ្លួន ក្រោយចាញ់ពីប្រកួតដើមរដូវកាលថ្មីយ៉ាងអាម៉ាស់នៅ ​Premier League។ Liverpool អាចរកបាន ១គ្រាប់មកវិញដោយការតែតរបស់ ​Mohamed Salah នៅនាទី៨១ ។
  


ជ័យជម្នះលើហង្សក្រហម ជាការប្រកួតឈ្នះលើកដំបូងរបស់អ្នកចាត់ការសញ្ជាតិហូឡង់នៃលីគកំពូលអង់គ្លេស។ Liverpool ឆ្លងកាត់ ៣ប្រកួត ស្មើ២ និងចាញ់១ប្រកួត ដែលធ្វើឱ្យពួកគេមិនទាន់ស្គាល់ជ័យជម្នះឡើយនារដូវកាលថ្មី។
 
នាកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Sky Sports លោក ​Ten Hag បង្ហាញចំណាប់អារម្មណ៍ថាអាកប្បកិរិយាល្អកីឡាករជាយុទ្ធសាស្រ្តក្នុងការប្រកួតនេះ។
 
«យើងអាចនិយាយអំពីតិចនិចក្បួនយុទ្ធសាស្ត្រ។ ប៉ុន្តែទាំងនេះវាបានមកពីអាកប្បកិរិយាល្អពីកីឡាករ ដែលពួកគេបានខំប្រឹង។ អ្នកបានឃើញហើយ យើងបាននាំមកនូវអាកប្បកិរិយាល្អលើទីលាន ក្នុងមានទំនាក់ទំនងល្អ ស្មារតីប្រយុទ្ធរួមមួយ។ អ្នកបានឃើញពីលទ្ធផលដែលពួកគេទទួលបាន ហើយពួកគេធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំង ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។» អ្នកចាត់ការវ័យ ៥២ឆ្នាំ និយាយបែបនេះ។
 
អតីតគ្រូបង្វឹក Ajax Amsterdam រូបនេះក៏បានអះអាងបន្ថែមថាកូនក្រុមលោកនឹងអាចលេងបានល្អបន្ថែមទៀតប្រសិនបើមានកម្លាំងចិត្តបន្តិច​ និងការប៉ះបាល់ច្រើនជាងនេះ។ លោក Ten Hag ក៏ស្នើកូនក្រុមក៏ត្រូវស្វែងរកជ័យជម្នះបន្តមិនមែនត្រឹម ​Liverpool ឡើយ ហើយលោកក៏បានដាស់តឿនថារាល់ការប្រកួតនៅ Premier League ស៊ុតតែជាប្រកួតដ៏លំបាក។
 
​Man United នឹងបន្តដំណើរការប្រកួតក្រៅទឹកដីជាថ្មីសម្រាប់សប្តាហ៍ទីបួនលីគកំពូលអង់គ្លេស ដោយត្រូវជួបក្រុមម្ចាស់ ​Southampton នាកីឡដ្ឋាន St. Mary ថ្ងៃទី២៧ ខែសីហា៕
 
 

Tag:
 Manchester United
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com