អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សំណើបក្សប្រឆាំងថៃជុំវិញការកំណត់អាណត្តិលោក ប្រាយុទ្ធ ធ្លាក់ដល់ដៃតុលាការធម្មនុញ្ញ
23, Aug 2022 , 11:59 am        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
ញត្តិដែលដាក់ដោយគណបក្សប្រឆាំងថៃទៅសភាដើម្បីកំណត់អាណត្តិជាក់លាក់របស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ត្រូវបានបញ្ជូនដល់តុលាការធម្មនុញ្ញហើយនៅថ្ងៃទី២២ ខែសីហា។ 
គណបក្សប្រឆាំងថៃនៅថ្ងៃ​ទី ១៧ ខែ​សីហា​ បានដាក់ញត្តិ​ទៅកាន់​ប្រធាន​សភា​លោក Chuan Leekpai ដើម្បី​ពិនិត្យ​មុន​​បញ្ជូន​បន្ត​ទៅ​តុលាការធម្មនុញ្ញ​។ ញត្តិនេះក៏ត្រូវបានចុះហត្ថលេខាដោយសមាជិកសភាចំនួន ១៧១ រូបផងដែរ។ លេខាធិការដ្ឋានសភាថៃ ក៏បញ្ជូនបន្តទៅតុលាការធម្មនុញ្ញដើម្បីសម្រេចនៅថ្ងៃទី២២ ខែសីហា។


 
តុលាការធម្មនុញ្ញត្រូវបានរំពឹងថា នឹង​​កោះហៅភាគីពាក់ព័ន្ធនៅថ្ងៃទី២៤ ខែសីហា។ យ៉ាងណាមិញ តុលាការ​នៅមិនទាន់​កំណត់​កាលបរិច្ឆេទ​ដើម្បី​សម្រេច​ថានឹង​ទទួល​យក​ញត្តិនេះមក​ពិភាក្សានៅឡើយ។ 
 
បញ្ហាសំខាន់នៃញត្តិ គឺអាណត្តិលោក ប្រាយុទ្ធ ។ ក្រុមបក្សប្រឆាំងអះអាងថា លោក ប្រាយុទ្ធ ដែលកាន់តំណែងតាំងពីរដ្ឋប្រហារឆ្នាំ២០១៤ មក លែងមានសិទ្ធិធ្វើជានាយករដ្ឋមន្រ្តីទៀតហើយ ព្រោះលោកកាន់តំណែងនេះ៨ឆ្នាំហើយ ដែលស្មើនឹង២អាណត្តិ។ ប៉ុន្តែភាគីលោក ប្រាយុទ្ធ និយាយការពារថា អាណត្តិរបស់លោក រាប់ចាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដូចនេះលោកនៅអាចធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។ 
 
ប្រសិនបើតុលាការទទួលយកករណីនេះមកពិចារណា នោះតុលាការក៏នឹងត្រូវសម្រេចចិត្តមួយទៀតពីការព្យួរតំណែងជាបណ្តោះអាសន្នរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ រហូតដល់ចៅក្រមសម្រេចលើបញ្ហានេះផងដែរ។ មកទល់ពេលនេះ លោក ប្រាយុទ្ធ បានរក្សាភាពស្ងៀមស្ងាត់ចំពោះការបញ្ជូនញត្តិទៅតុលាការនេះ។ លើសពីនេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក Anucha Burapachaisri ក៏បានអះអាងថា លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​ចាត់​ទុក​ខ្លួន​លោក​នៅ​ពី​លើ​ច្បាប់​នោះ​ទេ។
 
បើទោះបីជាញត្តិនេះបានបញ្ជូនដល់តុលាការក្តី លោកឧបនាយករដ្ឋមន្រ្ដី Vissanu Krea-ngam បាននិយាយថា លោកប្រាយុទ្ធ នៅតែត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីការពារជាតិដដែល។ ក្នុងករណីដែលលោក ប្រាយុទ្ធ ត្រូវចុះចេញពីតំណែងមែន ឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwonទំនងជានឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទីរហូតដល់មានការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីថ្មី៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com