អន្តរជាតិ
យន្តហោះចិនឆ្លងបន្ទាត់ពុះចែកច្រកសមុទ្រតៃវ៉ាន់ជាថ្មី ស្របពេលទស្សនកិច្ចរបស់អភិបាលរដ្ឋអាម៉េរិក
23, Aug 2022 , 2:29 pm        
រូបភាព
យន្តហោះចម្បាំងចិន Shenyang J-11។ រួបភាពយកពីក្រសួងការពារជាតិតៃវ៉ាន់
យន្តហោះចម្បាំងចិន Shenyang J-11។ រួបភាពយកពីក្រសួងការពារជាតិតៃវ៉ាន់
ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះយោធាចិនចំនួន១៥គ្រឿង និងនាវាចំនួន​ ៥គ្រឿង បានបើកប្រតិបត្តិការនៅជុំវិញតៃវ៉ាន់នាវេលាម៉ោង៥ល្ងាច ក្នុងថ្ងៃទី២២ ខែសីហា ស្របពេលមានដំណើរទស្សនកិច្ចរបស់អភិបាលរដ្ឋ Indiana នៅក្រុងតៃប៉ិ។

 
អភិបាលរដ្ឋ Indiana របស់អាម៉េរិកលោក Eric Holcomb បានចាប់ផ្តើមទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងថ្ងៃទី២១ ខែសីហា និងបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃបន្ទាប់។ ស្របពេលមានដំណើរទស្សនកិច្ចរបស់អភិបាលរដ្ឋអាម៉េរិក យោធាចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន ១៥គ្រឿង និងនាវាយោធាចំនួន ៥គ្រឿង ឱ្យធ្វើប្រតិបត្តិការជុំវិញតៃវ៉ាន់។ 
 
តាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះយោធាចិនចំនួន ៤គ្រឿង ក្នុងនោះមានយន្តហោះចម្បាំងប្រភេទ Sukhoi Su-30 ចំនួន ២គ្រឿង និង Chengdu J-10 ចំនួន ២គ្រឿង បានហោះឆ្លងបន្ទាត់កណ្តាលនៅច្រកសមុទ្រដែលខណ្ឌចែកតៃវ៉ាន់ និងចិន។ ទន្ទឹមនេះ យន្តហោះយោធាផ្សេងទៀត បានហោះឆ្លងចូលតំបន់កំណត់ការពារដែនអាកាស នៅភាគនិរតីរបស់តៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News។​
 
ដើម្បីត្រួតពិនិត្យសកម្មភាពយោធាចិន តៃវ៉ាន់ បានបញ្ជូនយន្តហោះល្បាត នាវា និងដាក់ដំណើរការប្រព័ន្ធការពារមីស៊ីល។ នេះមិនមែនជាលើកទីមួយឡើយ ដែលយន្តហោះចិនហោះឆ្លងបន្ទាត់ពុះច្រកសមុទ្រតៃវ៉ាន់ និងចិន។ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ​និងសមាជិកសភាអាម៉េរិកផ្សេងទៀត យន្តហោះចិនក៏បានឆ្លងបន្ទាត់នេះដែរ។ 
 
ក្នុងថ្ងៃទី២២ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price បានបញ្ជាក់ជាថ្មីថា​ អាម៉េរិក នៅតែបន្តគោរពគោលនយោបាយ «ចិនតែមួយ» ហើយអាម៉េរិក មានគោលបំណងមួយ គឺការពារស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ បានចោទចិន មានចេតនាផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ដែលប្រកបដោយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ផង៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com