អន្តរជាតិ
គ្រោះរាំងស្ងួតនៅចិន កំពុងបង្អាក់ការដឹកជញ្ជូន និងធ្វើឱ្យកង្វះខាតថាមពលអគ្គិសនី
23, Aug 2022 , 3:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: ថ្មីៗ
ដោយ៖ ហ៊ួយ ស៊ីវលី 
 
គ្រោះរាំងស្ងួតនៅចិនបណ្តាលឱ្យទន្លេមួយចំនួន រួមទាំងផ្នែកខ្លះនៃទន្លេ Yangtze រីងស្ងួត ដែលបង្កឱ្យមានកង្វះខាតថាមពលវារីអគ្គិសនី ការដឹកជញ្ជូនមានបញ្ហា និងបង្ខំឱ្យក្រុមហ៊ុនធំៗជាច្រើនផ្អាកប្រតិបត្តិការ។

 
កម្រិតទឹកនៅខាងដើមទន្លេ Yangtze និងអាងលិចទឹកនៃបឹង Poyang និងបឹង Dongting ធ្លាក់ដល់កម្រិតទាបបំផុតដែលនៅត្រឹមតែ ៤,៨៥ម៉ែត្រប៉ុណ្ណោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua ទឹកទន្លេ Yangtze ធ្លាក់ចុះដល់ថ្នាក់មានការលិចឡើងរូបចម្លាក់ព្រះពុទ្ធចំនួនបី ដែលត្រូវបានគេជឿថា មានអាយុកាលជាង ៦០០ឆ្នាំហើយនៅលើកោះលិចទឹកមួយនៅក្នុងទីក្រុងឆុងឈីង។​ 
 
តំបន់ស៊ីឈួន ដែលស្ថិតនៅតាមដងទន្លេ Yangtze និងជាតំបន់មួយពឹងផ្អែកលើថាមពលច្រើនជាង ៨០ភាគរយពីវារីអគ្គិសនី កំពុងទទួលរងការបាត់បង់លំហូរទឹកទៅកាន់ទំនប់វារីអគ្គិសនី។ រដ្ឋាភិបាលខេត្តស៊ីឈួននៅថ្ងៃទី២១ ខែសីហាប្រកាសថា នេះគឺជាកម្រិត​ព្រមាន​ខ្ពស់​បំផុត​ដោយ​លំហូរទឹក​ទៅ​អាង​ស្តុក​ទឹក​វារីអគ្គិសនី​ខេត្ត​ស៊ីឈួន​ធ្លាក់​ចុះ​ពាក់​កណ្តាល។ 
 
កាលពីសប្ដាហ៍មុន អាជ្ញាធរខេត្តនេះ ផ្អាកផ្គត់ផ្គង់ថាមពលដល់រាប់ពាន់រោងចក្រ និងបែងចែកការប្រើប្រាស់អគ្គិសនីសាធារណៈ។ ក្រុមហ៊ុនធំៗដូចជា តូយ៉ូតា ហ្វកខន និងតេស្លាជាដើម តម្រូវឱ្យផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅរោងចក្រមួយចំនួនក្នុងរយៈពេលពីរសប្តាហ៍ ហើយផែនការចាប់ផ្តើមប្រតិបត្តិការឡើងវិញក្នុងសប្តាហ៍នេះ ក៏ត្រូវបានពន្យារពេលផងដែរ។ ចំណែក ផ្លូវដឹកជញ្ជូនវិញក៏ត្រូវបានបិទផងដែរនៅផ្នែកកណ្តាល និងផ្នែកខាងក្រោមនៃទន្លេ Yangtze។ នេះបើតាមកាសែត South China Morning Post ។ 
 
នៅទូទាំងតំបន់ដែលរងផលប៉ះពាល់ អាជ្ញាធរចិនកំពុងស្វះស្វែងផ្គត់ផ្គង់ទឹក និងថាមពល ខណៈដែលតំបន់ទាំងនេះខិតជិតដល់រដូវប្រមូលផលសម្រាប់ដំណាំដែលពឹងផ្អែកលើទឹកដូចជាស្រូវ និងសណ្តែកជាដើម។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី២១ ខែសីហា អាជ្ញាធរចិនបញ្ចេញទឹកចំនួន ៩៨០លានម៉ែត្រគូបពីអាងស្តុកទឹក ដើម្បីបំពេញបន្ថែមទឹកទន្លេ។
 
ស្ថាប័នតាមដានកម្រិតទឹកចិន នៅថ្ងៃទី២៣ ខែសីហា បន្តប្រកាសជូនដំណឹងអាសន្នពណ៌ក្រហមចំពោះការកើនឡើងសីតុណ្ហភាពខ្ពស់ ដែលនេះជាលើកទី២ហើយបន្ទាប់ពីការប្រកាសជាលើកដំបូងនៅថ្ងៃទី២១ ខែសីហា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com