ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្តូរមេប៉េអឹមនៅប៉ៃលិន តាកែវ កំពង់ធំ កំពត កែប កោះកុង ត្បូងឃ្មុំ និងឧត្តរមានជ័យ
23, Aug 2022 , 2:57 pm        
រូបភាព
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដោយ: រួបរួម
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី​១៩ ខែសីហា​ បាន​ចេញ​ប្រកាស​ស្តីពីការតែងតាំង​ផ្លាស់ប្តូរ​មុខ​តំណែង​នាយទាហាន​នៃកង​យោធពលខេមរភូមិន្ទ មាន​ចាប់តាំងពីនាយយ​សេនាធិការរង និង​មេបញ្ជាការ​កង​រាជអាវុធហត្ថនៅបណ្តា​ខេត្តចំនួន​៨។

 
លោក ម៉ែន ស៊ីប៊ន នាយសេនាធិការ​រងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបាន​តែងតាំងជាអនុប្រធានក្រុម​ការងារ​ស្រាវជ្រាវជំនាញយោធា ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រយោធាថ្នាក់អគ្គ​បញ្ជាការដ្ឋាន។ ស្របពេល​ជាមួយគ្នា មេបញ្ជាការ​ប៉េអឹមនៃ​បណ្តា​ខេត្តចំនួន៦ បាន​ផ្លាស់ប្តូរតំណែងទៅជា សមាជិកនៃក្រុម​ស្រាវជ្រាវនេះ ដែល​រួម​មាន លោក វ៉ា សារិទ្ធ (ពីត្បូងឃ្មុំ), លោក វ៉ាន់ ណាឡុង (ពី​ប៉ៃលិន), លោក ពុទ្ធ សារ៉ាន (ពីឧត្តរមានជ័យ), លោក ហង្ស ថុល (ពី​កំពង់ធំ), លោក ថុង ណារ៉ុង (ពីកោះកុង) និង​លោក ឡា ឡៃ (ពីតាកែវ)។
 
តាមប្រកាស​ដដែល លោក ងួន សុវណ្ណ​រ័ត្នន៍ ផ្លាស់ប្តូរតំណែងពីស្នងការ​រងនៃស្នងការ​ដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ ទៅជា​ស្នងការរងនៃស្នងការដ្ឋាន​ផែន​ការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន ខណៈ​តំណែង​ចាស់​របស់លោកនៅស្នងការ​ដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ ត្រូវជំនួន​ដោយ​លោក ខេង ទីតូ ពីតំណែងមេបញ្ជាការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកែប។
 
សរុបមក ខេត្តចំនួន​៨ មាន​ការផ្លាស់ប្តូរមេបញ្ជាការប៉េអឹម ដោយ​ លោក កែវ សុផល ត្រូវ​ផ្ទេរពី​ខេត្តកំពតទៅជាមេបញ្ជាការប៉េអឹមខេត្តប៉ៃលិន,​លោក សេង មហា ឡើងតំណែងពីមេបញ្ជាការរង ទៅជាមេបញ្ជាការ​ខេត្ត​តាកែវ, លោក មាស យ៉ត ពីនាយករង​វិទ្យាស្ថាន​កងរាជអាវុធហត្ថ (កំបូល) ទៅជា​មេបញ្ជាការប៉េអឹមខេត្តកំពង់ធំ។
 
នៅខេត្តកំពត លោក ចាប សុទ្ធាវុឌ្ឍន៍ ឡើងពីមេបញ្ជាការ​រងទៅជាមេបញ្ជាការ, លោក ហ៊ត សីហា ពីមេបញ្ជាការរងទៅជា​មេបញ្ជាការខេត្តកែប, លោក តាំង ឈុន​ស្រេង ពី​មេបញ្ជាការរង និងជានាយ​សេនាធិការបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តកោះកុង ទៅជាមេបញ្ជាការប៉េអឹមនៃខេត្តដដែលនេះ។
 
ស្របពេល​ជាមួយ​គ្នា លោក រ័ត្ន ចាន់ណា ឡើងតំណែងពីមេបញ្ជាការរងទៅជា​មេបញ្ជាការ​ប៉េអឹមខេត្ត​ត្បូងឃ្មុំ ខណៈលោក លី ដារិទ្ធ ឡើងពីមេបញ្ជាការរងទៅជាមេបញ្ជាការ​ប៉េអឹម ខេត្តឧត្តរមានជ័យ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com