កីឡាអន្តរជាតិ
អន្តរជាតិ
មិនចប់បញ្ហា Tuchel គ្រូ Chelsea ត្រូវពិន័យរឿងរិះគន់អាជ្ញាកណ្តាល
23, Aug 2022 , 4:03 pm        
រូបភាព
ក្រោយរងពិន័យដោយសារទាស់ទែងជាមួយលោក Antonio Conte ពេលនេះលោក Thomas Tuchel ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ប្រកាសដាក់ពិន័យថែមទៀតចំពោះការរិះគន់លើលោក Anthony Taylor ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតរវាង Chelsea និង Tottenham Hotspur កាលថ្ងៃទី១៤ ខែសីហា។

 
ជំនួបទីក្រុងឡុងដ៍ ឬ ​London Derby ក្រុមតោខៀវបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ ជាមួយក្រុមរហ័សនាមមានក្នាយមាស។ ការប្រកួតនោះបានក្លាយជាជម្លោះដ៏ក្តៅមួយរវាងគ្រូបង្វឹកក្រុមទាំងសង។ ក្រោយចប់ការប្រកួត Tuchel និង Conte ទទួលបានកាតក្រហមម្នាក់មួយ ព្រោះតែទំនាស់ពាក្យសម្តី កាយវិការ និងការចាប់ដៃគ្នាពេលប្រកួត និងក្រោយប្រកួត។ 
 
 ក្រោយជំនួបដ៏តានតឹងបញ្ចប់ ក្នុងសន្និសីទកាសែត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បាននិយាយរិះគន់ចំៗទៅលោក ​Taylor ថា កាត់សេចក្តីប្រកួតមានភាពរអាក់រអួល ហើយវានឹងប្រសើរឡើងប្រសិនបើលោក Taylor លែងកាត់សេចក្តីក្នុងជំនួបក្រុម​Chelsea បន្តទៀត។
 
បើតាមអ្នកនាំពាក្យ FA ថ្ងៃទី២២ សហព័ន្ធនេះ បានសម្រេចដាក់ពិន័យលើលោក Tuchel ចំពោះការរិះគន់អាជ្ញាកណ្តាល។ 
 
«​Thomas Tuchel ត្រូវរងការពិន័យដោយបានល្មើសច្បាប់មាត្រា ​E3 របស់ FA ទាក់ទងការបញ្ចេញមតិដែលបាននិយាយក្នុងសន្និសីទកាសែតក្រោយជំនួបរវាង Chelsea និង​ Spurs ក្នុងក្របខណ្ឌ Premier League ថ្ងៃទី១៤ ខែសីហា។ អ្នកចាត់ការរូបនោះត្រូវបានរងការចោទប្រកាន់ថាបានបញ្ចេញមតិរិះគន់មិនត្រឹមត្រូវលើអាជ្ញាកណ្តាលកាត់សេចក្តី ថាពួកគេមានភាពលំអៀង និងធ្វើឱ្យមានកែប្រែលទ្ធផលប្រកួត ដែលខុសទៅនឹងមាត្រា E3.1 នៃច្បាប់ FA។»។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យ FA។
 
Tuchel ត្រូវបាន ​FA ផ្តល់ឱកាសឱ្យឆ្លើយតបត្រឹមថ្ងៃទី២៥ ខែសីហា។
 
គួរបញ្ជាក់ថាពេលនេះ Chelsea រកបានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះក្រោយឆ្លងកាត់៣ប្រកួតមក។ Chelsea នឹងត្រូវទទួល Leicester City សម្រាប់ប្រកួតបន្ទាប់នៃ Premier League ថ្ងៃទី២៧ ខែសីហា៕
 
 

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com