អន្តរជាតិ
ចិនថា ការរាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យអត្រាកំណើតទារក និងអ្នករៀប​​ការកាន់តែធ្លាក់​ចុះ
23, Aug 2022 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានអះអាងថា ការរីករាលដាលជំងឺកូវីដ-១៩ បានរួម​ចំណែកធ្វើឱ្យអត្រាអ្នករៀបការថ្មីក្នុងប្រទេស និងអត្រាកំណើតទារកធ្លាក់ចុះទាបយ៉ាងខ្លាំង ដោយសារ​ការចិញ្ចឹម​បីបាច់កូនត្រូវការលុយច្រើន តែប្រជាជនចិនពិបាករកលុយ។

 
កំណត់ត្រាកំណើតទារករបស់ចិនប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះយ៉ាងខ្លាំង។ គណៈកម្មការ​សុខា​ភិបាលជាតិចិន (NHC) អះអាងថា ប្រជាជនចិននឹងចាប់ផ្ដើមធ្លាក់ចុះ​នៅ​ឆ្នាំ២០២៥។  ដោយសារបញ្ហាហិរញ្ញវត្ថុពេលមានការរីករាលដាលជំងឺកូវីដ-១៩ ស្ត្រី​ចិនភាគច្រើនពន្យាពេល​រៀប​ការ និងយកកូនដែលធ្វើឱ្យធ្លាក់ចុះអត្រាកំណើត​ទារក និង​អត្រា​រៀបការ។ 
 
«វីរុសកូរ៉ូណាបង្កជំងឺកូវីដ-១៩ មានផលប៉ះពាល់ជាក់ស្ដែងទៅលើការរៀបការ និងកំណើត​ទារក​របស់​ប្រជាជនមួយចំនួន»។ គណៈកម្មាការសុខាភិបាលជាតិ​ចិនបានប្រាប់ទីភ្នាក់​ងារ​ព័ត៌មាន Reuters បែប​នេះតាមរយៈសារមួយនៅថ្ងៃទី២២ ខែសីហា។ 
 
ក្រៅពីបញ្ហាហិរញ្ញវត្ថុ យុវជនជំនាន់ថ្មីនិយមផ្លាស់លំនៅទៅរស់នៅទីក្រុងហើយចំណាយ​ពេលវេលា​កាន់តែច្រើនលើ​ការសិក្សា និងបរិយាកាសការងារមានសម្ពាធខ្ពស់ ដែលសុទ្ធតែ​ជាចំណែក​ធ្វើ​ឱ្យ​ធ្លាក់​ចុះអត្រារៀបការ និងអត្រាកំណើតទារកដែរ។
 
ជាមួយគ្នានេះ គោលនយោបាយគ្មានកូវីដរបស់ចិនដើម្បី​លុបបំបាត់ការផ្ទុះឡើងជំងឺកូវីដ-១៩ ក៏អាច​បណ្តាលឱ្យប៉ះពាល់ដល់ឱកាស និងបំណងមាន​កូនរបស់ប្រជាជនទៀតផង។ នេះដោយសារ វិធានការនេះ បានគ្រប់គ្រង​ការរស់នៅ និងរឹត​ត្បិតការជួបជុំរបស់​ប្រជាជនយ៉ាងតឹងរ៉ឹង។ 
 
តាមការព្យាករណ៍ កំណើតទារកថ្មីក្នុងឆ្នាំ២០២២ របស់ចិន បានធ្លាក់ចុះដល់កម្រិតទាប​ខ្លាំងបំផុតមិនធ្លាប់មាន គឺទាបជាង ១០លាននាក់ ខណៈកាលពីឆ្នាំ២០២១ មាន១០,៦​លាននាក់ដែលទាបជាងអត្រា​ទារកឆ្នាំ២០២០ ចំនួន១១,៥​ភាគរយឯណោះ។ 
 
សូមបញ្ជាក់ថា អត្រាលទ្ធភាពមានកូនរបស់ប្រជាជនចិនមានត្រឹម ១,១៦នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២១ ដែល​ជា​អត្រាទាប​បំផុតមួយក្នុងពិភពលោក និងទាបជាងអត្រាស្តង់ដាកំណត់ដោយអង្គការ​នៃកិច្ច​សហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋ​កិច្ច (OECD) ផងដែរ ដែលបានកំណត់ត្រឹមអត្រា ២,១នាក់​ដើម្បី​រក្សាស្ថិរភាពប្រជាជន៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com