អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីតៃវ៉ាន់ ប្តេជ្ញាធ្វើការជាមួយអាម៉េរិក ក្នុងពេលប្រឈមការពង្រីកឥទ្ធិពលនៃរបបផ្តាច់ការ
23, Aug 2022 , 9:29 pm        
រូបភាព
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ក្នុងឯកសណ្ឋានយោធា អំឡុងចុះត្រួតពិនិត្យសមយុទ្ធកន្លងមក។ រូបថត AFP
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ក្នុងឯកសណ្ឋានយោធា អំឡុងចុះត្រួតពិនិត្យសមយុទ្ធកន្លងមក។ រូបថត AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី២៣ ខែសីហា បានលើកឡើងថា រដ្ឋាភិបាលក្រុងតៃប៉ិបន្តពង្រឹងស្វ័យភាពរបស់ខ្លួន ខណៈខ្លួនកំពុងឈរនៅជួរមុខនៃការពង្រីកឥទ្ធិពលរបស់របបផ្តាច់ការ។ ត្រង់ចំណុចនេះ មេដឹកនាំតៃវ៉ាន់ បានប្តេជ្ញាធ្វើការជាមួយអាម៉េរិកដើម្បីតទល់ការប្រឈមមុខនោះ។

 
ភាពតានតឹងលើច្រកសមុទ្រតៃវ៉ាន់បានកើនឡើងខ្លាំង ក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេ​នឡូ។ បើទោះបញ្ហាកំពុងក្តៅគគុកក៏ដោយ សមាជិកសភាអាម៉េរិក និងអភិបាលរដ្ឋ Indiana បានបន្តទស្សនកិច្ចនៅតៃប៉ិថែមទៀត។ បញ្ហានេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ធ្វើសមយុទ្ធ និងបញ្ជូនយន្តហោះចម្បាំងចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ជាច្រើនលើក ដើម្បីព្រមានរដ្ឋាភិបាលក្រុងតៃប៉ិ។ 
 
ក្នុងជំនួបជាមួយអ្នកតំណាងមកពីវិទ្យាស្ថាន Hoover របស់សកលវិទ្យាល័យStanford នៅការិយាល័យរបស់ខ្លួនក្នុងថ្ងៃទី២៣ ខែសីហា លោកស្រី Tsai Ing-wen បានបន្តលើកឡើងការប្តេជ្ញាការពារស្វ័យភាពរបស់ខ្លួនពីចិន និងសហការជាមួយអាម៉េរិក ស្របពេលចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន។ 
 
«ស្របពេលតៃវ៉ាន់ឈរនៅបន្ទាត់ជួរមុខនៃការពង្រីកឥទ្ធិពលរបស់របបផ្តាច់ការ យើងបន្តពង្រឹងស្វ័យភាព ហើយយើងនឹងបន្តធ្វើការជាមួយអាម៉េរិក ចំពោះការប្រឈមមុខនោះ»។ មេដឹកនាំតៃវ៉ាន់ លោកស្រីTsai បានសង្កត់ធ្ងន់បែបនេះ។ ទាក់ទិននឹងរបបផ្តាច់ការខាងលើ លោកស្រីTsai ទំនងសំដៅដល់ចិនតែម្ដង។ 
 
ក្នុងជំនួបមួយនេះ ប្រធានាធិបតីតៃវ៉ាន់ បានយល់ឃើញថា សមយុទ្ធយោធាចិន បង្កជាំការគំរាមកំហែងដល់ស្ថានភាពបច្ចុប្បន្ន ដែលមានស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងនៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Retuers។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំតៃវ៉ាន់ បានរំឭកឡើងវិញថា ក្នុងការប្រយុទ្ធរវាងតៃវ៉ាន់ និងចិន កាលពី៦៤ឆ្នាំមុន ប្រជាជន និងទាហានតៃវ៉ាន់ បានរួមគ្នា និងការពារតៃវ៉ាន់ ហើយការសាមគ្គីនោះ ធ្វើឱ្យមានរបបប្រជាធិបតេយ្យដល់សព្វថ្ងៃ។ 
 
បន្ថែមពីនេះ ប្រធានាធិបតីតៃវ៉ាន់ បានប្តេជ្ញាជាថ្មីថា ក្រុងតៃប៉ិនឹងបង្ហាញពិភពលោកពីការប្តេជ្ញា និងទំនុកចិត្តរបស់ប្រជាជនខ្លួន ក្នុងការការពារសន្តិភាព សន្តិសុខ សេរីភាព និងវិបុលភាពសម្រាប់ដែនដីរបស់ខ្លួន។  
 
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧៩ អាម៉េរិក បានផ្តាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដោយបែរទៅទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងវិញ។ ក្នុងឆ្នាំដដែលនេះ អាម៉េរិក បានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់មួយ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានសិទ្ធិលក់អាវុធឱ្យក្រុងតៃប៉ិ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់ក្រុងប៉េកាំង៕
 

Tag:
 តៃវ៉ាន់
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com