ជាតិ
សេដ្ឋកិច្ច
ចិនប្តេជ្ញាជួយគាំទ្រវិស័យកសិកម្មនៅកម្ពុជា
23, Aug 2022 , 10:59 pm        
រូបភាព
លោក ZHANG Lubiao អគ្គនាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានសន្យាជួយវិស័យកសិកម្មកម្ពុជា នៅចំពោះមុខលោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាឱកាសបេសកម្មនៅកម្ពុជា ថ្ងៃទី២២ សីហា។
លោក ZHANG Lubiao អគ្គនាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានសន្យាជួយវិស័យកសិកម្មកម្ពុជា នៅចំពោះមុខលោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាឱកាសបេសកម្មនៅកម្ពុជា ថ្ងៃទី២២ សីហា។
ភាគីចិនប្តេជ្ញានឹងជួយវិស័យកសិកម្មនៅកម្ពុជា ឱ្យប្រសើរឡើង។ លោក ZHANG Lubiao អគ្គនាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានសន្យានៅចំពោះមុខលោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាឱកាសបេសកម្មនៅកម្ពុជា ថ្ងៃទី២២ សីហា។


គោលបំណងនៃដំណើរបេសសកកម្មនេះ បានផ្តោតសំខាន់លើការស្វែងយល់បន្ថែម អំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការធ្វើទំនើបកម្មកសិកម្មកម្ពុជា-ចិន ក៏ដូចជាបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ និងប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក ZHANG Lubiao ។
 
ភាគីទាំងពីរបានជួបពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួនរួមមាន ៖ ការពិនិត្យនិងសិក្សាបន្ថែមលើស្ថានភាពនៃពាណិជ្ជកម្មនាំចេញ-ចូល ផលិតផលកសិកម្ម ពាក់ព័ន្ធគោលនយោបាយ និងផែនការគាំទ្រការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ បន្ថែមពីនេះ ក៏មានការសិក្សាលើគម្រោងនានា ក្នុងការរៀបចំផែនការទំនើបកម្មវិស័យកសិកម្មកម្ពុជា-ចិន ។ ជាពិសេសសំដៅអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងជំរុញការនាំចេញផលិតផលកសិកម្ម ទៅទីផ្សារអន្តរជាតិ និងទីផ្សារចិន។
 
ដើម្បីលើកកម្ពស់វិស័យកសិកម្មនេះ ភាគីចិនបានផ្តល់យោបល់ឱ្យកម្ពុជាពិចារណា បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងវិស័យកសិកម្មជាមួយភាគីចិន ឱ្យបានទាន់ពេលវេលា។ ជាពិសេសធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ប្រសើរឡើង តាមរយៈការបង្កើតឱកាសឱ្យមានតំបន់អនុគ្រោះពន្ធជាច្រើនទៀត ដែលជាផ្នែកមួយជួយទាក់ទាញវិនិយោគិនបរទេស មកវិយោគនៅកម្ពុជា។
 
ថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូល ផ្លែស្វាយ ត្រីប្រា ទៅកាន់ប្រទេសខ្លួន ខណៈផ្លែមៀន គ្រោងនាំចេញនៅខែសីហា ឆ្នាំ២០២២នេះ។ កាលពីថ្ងៃទី៨ ខែសីហា ក្រសួងកសិកម្ម បានចុះអនុស្សារណៈយោគយល់គ្នាជាមួយភាគីមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ពីការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។
 
សូមជម្រាបថា ចាប់ពីឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២២ កម្ពុជា បាននាំចេញកសិផលសរុប២,៤លានតោនទៅប្រទេសចិន ស្មើនឹង ១ ៩៤២លានដុល្លារ។ កសិផលទាំងនោះរួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។ នេះបើយោងតាមទិន្ន័យចេញផ្សាយដោយស្ថានទូតចិនប្រចាំកម្ពុជា៕
 

Tag:
 ចិន កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com