ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង១៤នាក់ ត្រូវយកចេញពីព្រៃស ទៅឃុំនៅត្រពាំងផ្លុង
23, Aug 2022 , 6:19 pm        
រូបភាព
មណ្ឌលកែប្រែអប់រំ១ នៃពន្ធនាគារព្រៃស (រូបពីទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន)
មណ្ឌលកែប្រែអប់រំ១ នៃពន្ធនាគារព្រៃស (រូបពីទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន)
អ្នកជាប់ឃុំ១៤នាក់ ដែលជាអ្នកប្រឆាំង ត្រូវបានផ្តាស់ប្តូរទីតាំងឃុំខ្លួន គឺដូរពីពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ ទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅជិតព្រំដែនវៀតណាម។



លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា ហេតុផល ដែលផ្ទេរអ្នកទាំង១៤នាក់ ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង មានតែ១គត់ គឺដើម្បីកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារព្រៃស ដោយគ្មានហេតុផលអ្វីក្រៅពីនេះឡើយ។ លោក បញ្ជាក់ដូច្នេះថា៖«កន្លែងដែលណែន យើង ស្នើសុំផ្ទេរទៅកន្លែង ដែលមិនសូវមានភាពចង្អៀតណែន»។
 
អ្នកទាំង១៤នាក់ មានឈ្មោះ ថៃ សុគន្ធា, ឡុង ផារី, ពៀត ម៉ាប់, ឃឹម ភាណា, សុខ ចន្ថា, កែវ  ថៃ, ជុំ ចាន់, ស៊ុន ធន់, ហ៊ិន ឆាន, យឹម សារ៉េត, ពាប ម៉ាប់, ឃុត ច្រឹក, ងិន ឃាន, និង ឈុន ប៊ុនឆាត។ នេះបើតាមអត្ថបទរបស់សារព័ត៌មានវីអូឌី។
 
លោក នុត សវនា លើកឡើងថា អ្នកទាំង១៤នាក់ខាងលើ ត្រូវបានស្នើសុំផ្ទេរចេញពន្ធនាគារព្រៃសយូរមកហើយ តែទើបតែធ្លាក់គោលការណ៍យល់ព្រមពីថ្នាក់លើមកនាពេលថ្មីៗនេះ។ លោក បន្តថា ការផ្ទេរអ្នកជាប់ឃុំចេញពីពន្ធនាគារ១ ទៅពន្ធនាគារ១ផ្សេងទៀត គឺជាកិច្ចការងារប្រចាំថ្ងៃរបស់ពន្ធនាគារ។ 
 
អ្នកនាំពាក្យរូបនេះ ថ្លែងថា មិនមែនតែអ្នកទាំង១៤នាក់នោះទេ ដោយអ្នកជាប់ឃុំផ្សេងទៀត ក៏ត្រូវបានប្តូរចេញពីពន្ធនាគារព្រៃស ទៅពន្ធនាគារតាមបណ្តាខេត្តនានាជាហូរហែដែរ។ លោក អះអាងថា ជួនកាល មានអ្នកជាប់ឃុំ៥០នាក់ ១០០នាក់ ឬដល់២០០នាក់ ដែលត្រូវប្តូរចេញពីពន្ធនាគារ១ ទៅពន្ធនាគារ១ផ្សេង ដែលមិនសូវមានភាពចង្អៀតណែត។
 
លោក អំ សំអាត មន្រ្តីអង្គការលីកាដូ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា ការប្តូរអ្នកទាំង១៤នាក់ ពីពន្ធនាគារព្រៃស ទៅពន្ធនាគារត្រពាំងផ្លុង នឹងផ្តល់ការលំបាកដល់គ្រួសាររបស់ពួកគេ ក្នុងការធ្វើដំណើរទៅសួរសុខទុក្ខ ព្រោះផ្លូវឆ្ងាយ។ លោក បន្ថែមថា បើគ្រួសាររបស់ពួកគេ ក្រីក្រទៀតនោះ គឺកាន់តែជួបការលំបាក់ខ្លាំងឡើង។
 
មន្រ្តីសង្គមស៊ីវិលរូបនេះ មើលឃើញទៀតថា គ្រួសាររបស់ពួកគេ មិនអាចទៅសួរសុខទុក្ខ និងយកចំណីអាហារជូនពួកគេដល់ពន្ធនាគារត្រពាំងផ្លុងបានញឹកញាប់ ដូចកាលដែលពួកគេ នៅជាប់ឃុំនៅពន្ធនាការព្រៃសនោះទេ។ លោក បញ្ជាក់ដូច្នេះថា៖«យើង ឃើញថា ការផ្ទេរនេះ មានការលំបាកច្រើនសម្រាប់ពួកគាត់»។
 
ថ្វីបើអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លើកហេតុផលថា ការប្តូរទីតាំងឃុំខ្លួននេះ ដើម្បីកាន់បន្ថយភាពចង្អៀតណែន តែលោក អំ សំអាត យល់ថា មជ្ឈដ្ឋាននានា អាចនឹងមើលឃើញផ្សេងទៅវិញ។ ក្នុងការសន្ឋិដ្ឋានរបស់លោក មជ្ឍដ្ឋានានា អាចនឹងមើលឃើញថា ការប្តូរទីតាំងឃុំខ្លួននេះ គឺដោយសារក្រុមគ្រួសាររបស់ពួកគេ ប្រមូលផ្តុំគ្នាតវ៉ាជារៀងរាល់ថ្ងៃសុក្រ។
 
ក្រុមអ្នកតវ៉ា ដែលភាគច្រើនជាស្រ្តី បានហៅខ្លួនឯងថា ជាក្រុមស្រ្តីថ្ងៃសុក្រ ដែលមានន័យថា ពួកគេ នឹងប្រមូលផ្តុំគ្នានៅរៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យដោះលែងស្វាមី និងសាច់ញាតិរបស់ពួកគេ។
 
អ្នកនាង សេង ធារី អ្នកជំនាញច្បាប់ ដែលមានសញ្ជាតិអាម៉េរិក ក៏ត្រូវប្តូរចេញពីពន្ធនាគារព្រៃសដែរ។ អ្នកនាង ត្រូវចាប់ខ្លួនយកឃុំនៅពន្ធនាគារព្រៃស កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ ហើយក្រោយមក១ថ្ងៃ អ្នកនាង ក៏ត្រូវនាំទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ រហូតដល់បច្ចុប្បន្ន៕
 

Tag:
 អ្នកប្រឆាំង
  ប្តូរទីតាំងឃុំខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com