កីឡាអន្តរជាតិ
អន្តរជាតិ
៣ប្រកួតដំបូង ធ្វើឱ្យKlopp ព្រួយបារម្ភ ក្រោយមិនទាន់ទទួលជ័យជម្នះ
23, Aug 2022 , 6:39 pm        
រូបភាព
លោក Jurgen Klopp ថ្ងៃទី២៣ ខែសីហា និយាយថា មានការព្រួយបារម្ភអំពីការចាប់ផ្តើមរដូវកាលថ្មី ដោយសារក្រុមមិនទាន់អាចរកជ័យជម្នះបាននៅ Premier League។ Klopp និយាយបែបនេះ ក្រោយLiverpool ចាញ់ Manchester United ដោយលទ្ធផល ២-១។

 
Mohamed Salah រកបាន១គ្រាប់ត្រលប់មកឱ្យ Liverpool តែមិនអាចជួយកែប្រែលទ្ធផលឡើយ ដោយបិសាចក្រហមស៊ុត២គ្រាប់ពីកីឡាករ Jadon Sancho និង Marcus Rashford រួមជាមួយកីឡាករតំបន់ការពារដ៏រឹងមាំ ធ្វើឱ្យលទ្ធផលរក្សាដល់ចប់ការប្រកួត។
 
Liverpool មិនទាន់អាចរកជ័យជម្នះបាន នា៣ប្រកួតដំបូង នៅPremier League បើគិតតាំងពីឆ្នាំ ២០១២-២៣ ។ Liverpool បច្ចុប្បន្នធ្លាក់មកឈរលេខ ១៦នាដើមរដូវកាលនេះ ដោយមានតែ ២ពិន្ទុប៉ុណ្ណោះ និងមានគម្លាតពីក្រុមកំពូលតារាង​ Arsenal ដែលរកបាន ៩ពិន្ទុពីការឈ្នះ៣ប្រកួតជាប់គ្នា។
 
នាកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Sky Sports ក្រោយចប់ការប្រកួតគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ថាខ្លួនទទួលយកចំពោះលទ្ធផលនៃការប្រកួត ។ ប៉ុន្តែលោកនៅតែអះអាងថា បើកូនក្រុមផ្តោតអារម្មណ៍លេងល្អតែបន្តិច នឹងអាចឈ្នះលើ Man United។
 
«ខ្ញុំព្រួយបារម្ភចំពោះកាលៈទេសៈយើងពេលនេះ ប៉ុន្តែវាគឺបែបនេះទៅហើយ យើងមានតែព្យាយាមដោះស្រាយវា​ ហើយពេលនេះយើងកំពុងតែត្រៀមខ្លួនសម្រាប់ Bournemouth បន្ទាប់មក Newcastle និង Everton។ បញ្ហាយើងពេលនេះគឺកីឡាករល្អៗរបួសច្រើន ហើយយើងមានកីឡាករមួយចំនួនសម្រាប់ប្រកួតតែយើងមិនចង់ឱ្យពួកគេមានបញ្ហារបួសបន្ថែមឡើយ បើទោះយើងស្ថិតក្នុងកាលៈទេសនេះក្តីបើយើងលេងបានល្អជាងនេះបន្តិច យើងអាចឈ្នះការប្រកួតមួយនេះ និយាយបែបនេះដូចជាអស់សំណើច តែខ្ញុំបនមើលឃើញពីវា។»។ លោក Klopp បាននិយាយបែបនេះ។
 
ចាប់ពីប្រកួតនេះទៅ ​Liverpool នឹងត្រូវបន្តការប្រកួត Premier League ដោយ២ប្រកួតបន្ទាប់ត្រូវលេងក្នុងទឹកដីកីឡដ្ឋាន ​Anfield ដោយស្វាគមន៍ក្រុម AFC Bournemouth ថ្ងៃទី២៧ បន្ទាប់មកទទួល Newcastle United នៅថ្ងៃទី១ ខែកញ្ញា៕
 

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com