អន្តរជាតិ
តៃវ៉ាន់​ព្រមាន​ឆ្លើយតបឱ្យចាស់ដៃ បើចិនហ៊ាន​ឈ្លានពាន
24, Aug 2022 , 4:29 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ក្នុងខួបរំឭកដល់ការប្រឈមមុខដាក់គ្នាជាងប្រាំមួយទសវត្សរ៍មុនជាមួយចិនដែលតៃវ៉ាន់បំបាក់មុខកងទ័ពចិននោះ ព្រមានថា  កងកម្លាំងតៃវ៉ាន់នឹងឆ្លើយតបចាស់ដៃចំពោះការឈ្លានពានណាមួយ។

 
ក្នុងកិច្ចជំនួបជាមួយមន្ត្រីយោធានៅថ្ងៃទី២៣ ខែសីហា លោកស្រី Tsai Ing-wen បានលើកសរសើរយ៉ាងខ្លាំងដល់ស្មារតីការការពាររបស់កងទ័ពប្រឆាំងនឹងការទម្លាក់គ្រាប់បែកជាងមួយខែរបស់ចិនទៅលើកោះ Kinmen និង Matsu កាលពីខែសីហាឆ្នាំ ១៩៥៨ ។ កោះទាំងពីរ ដែលគ្រប់គ្រងដោយតៃវ៉ាន់ មានទីតាំងក្បែរចិនដីគោកបំផុត។ 
 
«​សមរភូមិនេះ បានការពារតៃវ៉ាន់ ហើយវាក៏បានប្រកាសទៅកាន់ពិភពលោកថា គ្មានការគំរាមកំហែងណាមួយអាចធ្វើឱ្យរង្គោះរង្គើដល់ការប្តេជ្ញាចិត្តរបស់ប្រជាជនតៃវ៉ាន់ក្នុងការការពារប្រទេសឡើយ»។ លោកស្រី Tsai បាននិយាយបែបនេះក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីលោកស្រី។ លោកស្រី Tsai បន្តថា តៃវ៉ាន់ត្រូវតែបង្ហាញប្រាប់សត្រូវ ពីការប្តេជ្ញាចិត្តការរៀបចំដើម្បីការពារប្រទេស ក៏ដូចជាសមត្ថភាពការពារខ្លួនផងដែរ។ 
 
ទន្ទឹមនេះដែរ លោកស្រីក៏បានសង្កត់ធ្ងន់ពីផលវិបាកសម្រាប់អ្នកដែលចង់ឈ្លានពានតៃវ៉ាន់ផងដែរ។ 
 
«ផលវិបាកដ៏ធ្ងន់នឹងសងសម្រាប់ការឈ្លានពានតៃវ៉ាន់ ឬប៉ុនប៉ងឈ្លានពានតៃវ៉ាន់ ហើយនឹងត្រូវថ្កោលទោសយ៉ាងខ្លាំងដោយសហគមន៍អន្តរជាតិផងដែរ។» លោកស្រីអះអាងបែបនេះ។ 
ក្នុងឆ្នាំ ១៩៥៨ ចិនបានព្យាយាមឈ្លានពានតៃវ៉ាន់ដោយចង់ដាក់តៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណាមិញសមរភូមិនេះ ត្រូវបានបញ្ចប់នៅអំឡុងខែសីហាឆ្នាំ ១៩៥៨ ដោយចិនបានបរាជ័យក្នុងការដណ្ដើមយកតៃវ៉ាន់។
 
ភាព​តានតឹង​រវាង​តៃវ៉ាន់ និង​ចិន​បាន​កើន​ឡើង​ក្នុង​រយៈពេល​ជាងមួយ​ខែ​មក​នេះ បន្ទាប់​ពីប្រធាន​សភា​អាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​តៃប៉ិ។ ដំណើរទស្សនកិច្ចនេះ ក៏បានធ្វើឱ្យចិនធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ជាការបង្ហាញ​ភាព​ខឹង​សម្បារ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​មើល​ឃើញ​ថា​ជាការគាំទ្ររបស់អាម៉េរិកលើតៃវ៉ាន់។ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com