អន្តរជាតិ
​ចិន ព្រមានគ្រោះរាំងស្ងួតគំរាមកំហែងធ្ងន់ធ្ងរដល់ការប្រមូលផលដំណាំ
24, Aug 2022 , 5:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ចិន នៅថ្ងៃទី២៣ ខែសីហា បានព្រមានពីការគំរាមកំហែងធ្ងន់ធ្ងរសម្រាប់ការប្រមូលផលដំណាំនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខ ដោយសារតែអាកាសធាតុក្តៅខ្លាំង និងគ្រោះរាំងស្ងួត។ ទាក់ទិននឹងបញ្ហានេះ ចិនបានជំរុញឱ្យមន្រ្តីខ្លួនចាត់វិធានការការពារដំណាំ ស្របពេលប្រទេសអាស៊ីមួយនេះប្រឈមនឹងបញ្ហាអាកាសធាតុក្តៅខ្លាំង មិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។

 
ផ្នែកជាច្រើនរបស់ចិន ជាពិសេសតំបន់ភាគខាងត្បូង បានប្រឈមបញ្ហាគ្រោះរាំងស្ងួតយ៉ាងខ្លាំង ខណៈកម្រិតទឹកទន្លេនៅក្នុងតំបន់មួយចំនួនបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់ស្ថានីយផលិតថាមពល ដែលដើរដោយចរន្តទឹក។ ដោយខ្វះចរន្តអគ្គិសនី ទីក្រុងមួយចំនួនដូចជា ក្រុងសៀងហៃ និងក្រុងលូចូវ ដាក់ចេញវិធានមួយចំនួន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល។ 
 
មិនត្រឹមតែប៉ុណ្ណោះ បញ្ហាគ្រោះរាំងស្ងួតយ៉ាងខ្លាំង និងកង្ខះទឹក ក៏បង្កជាក្ដីបារម្ភជុំវិញផលប៉ះពាល់លើដំណាំនាពេលខាងមុខ។ ស្ថាប័នរបស់ចិនចំនួន៤ នៅថ្ងៃទី២៣ ខែសីហា បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឱ្យចាត់វិធានការការពារដំណាំ រួមទាំងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ និងការបង្កើតទឹកភ្លៀង។ នៅតំបន់ខ្លះ កម្តៅយ៉ាងហក់ឡើងដល់ ៤៥អង្សាសេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
តាមទិន្នន័យរបស់ក្រសួងធនធានទឹកចិន នៅក្នុងរដូវក្តៅ ទន្លេយ៉ាងសេ ដែលជាទន្លេដ៏វែងបំផុតនៅក្នុងទ្វីបអាស៊ី នៅស្ថិតនៅភាគខាងត្បូងចិន មានកម្រិតទឹកទាបបំផុត បើគិតចាប់តាំងពីឆ្នាំ១៩៦១ មក។
 
«ការវិវដ្ដនៃភាពរាំងស្ងួត រួមជាមួយអាកាសធាតុក្តៅខ្លាំង បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណាំនៅរដូវស្លឹកឈើជ្រុះ»។ សេចក្តីថ្លែងការណ៍របស់នាយកដ្ឋានរដ្ឋចិនចំនួន៤ បានបញ្ជាក់បែបនេះ ។ រដូវស្លឹកឈើជ្រុះនៅចិនចាប់ផ្តើមពីខែកញ្ញា ដល់ខែតុលា។ 
 
ដោយសារតែអាកាសធាតុក្តៅខ្លាំង រួមទាំងភ្លើងឆេះព្រៃផង ប្រជាជនច្រើនជាង ១៥០០នាក់ នៅតំបន់ជុំវិញក្រុង Chongqing ត្រូវបានជម្លៀសចេញ៕ 
 

Tag:
 ចិន
  គ្រោះរាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com