ជាតិ
សេដ្ឋកិច្ច
«ខ្ញុំចង់ដឹង ស្វែងយល់ពីលុយ» ជាសៀវភៅបណ្តុះកុមារលើចំណេះដឹងហិរញ្ញវត្ថុ​ និងស្រលាញ់លុយជាតិ
25, Aug 2022 , 7:59 am        
រូបភាព
យុវតី សែម ប្រាក់ដាវ កំពុងអានសៀវភៅ«ខ្ញុំចង់ដឹង​ ស្វែងយល់ពីលុយ»
យុវតី សែម ប្រាក់ដាវ កំពុងអានសៀវភៅ«ខ្ញុំចង់ដឹង​ ស្វែងយល់ពីលុយ»
«ខ្ញុំចង់ដឹង ស្វែងយល់ពីលុយ» ជាសៀវភៅអប់រំមួយក្បាលដែលបានបញ្ជ្រាបនូវ ចំណេះដឹងហិរញ្ញវត្ថុ ដល់ ពលរដ្ឋកម្ពុជា​ ពិសេសកុមារ អំពីរបៀបសន្សំប្រាក់។ សៀវភៅកម្រាស់៤០ទំព័រ នេះ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់កុមារ​និងសិស្សានុសិស្ស ក្នុងការប្រើប្រាស់ប្រាក់ឱ្យមានប្រសិទ្ធភាព។

 
សៀវភៅ «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ»  បានផ្តោតសំខាន់លើរបៀបសន្សំប្រាក់របស់កុមារ ដើម្បីទិញទំនិញណាមួយដែលខ្លួនស្រលាញ់ ពេញចិត្ត។ សៀវភៅនេះ ​ក៏បង្ហាញពីការចរាចរណ៍លុយ, របៀបនៃការចំណាយ, ការគ្រប់គ្រងចំណាយ រួមទាំងតួនាទីរបស់ធនាគារជាតិនៃកម្ពុជា...ជាដើម។ 
 
សៀវភៅនេះ បានបង្កប់នូវសារអប់រំខ្លីៗ ស្តីពី វិស័យហិរញ្ញវត្ថុ សារខ្លះពញ្ញាក់ស្មារតីកុមារឱ្យ​បានដឹងអំពីប្រវត្តិលុយ រួមទាំងសារបណ្តុះនូវគំនិតចេះសន្សំលុយតាំងពីក្មេង រួមទាំងការបណ្តុះនូវគំនិត ការប្រើប្រាស់លុយរៀល គឺជាការស្នេហាជាតិ លើកតម្កើងអត្តសញ្ញាណជាតិ និងជួយដល់សេដ្ឋកិច្ចជាតិ ផងដែរ។  ខ្លឹមសារនីមួយៗនៃសៀវភៅនេះ គឺអមទៅដោយរូបភាពសម្បូរបែប ទាំងរូបភាពគំនូរជីវចល និងរូបភាពពិតៗនៃសង្គមជាក់ស្ដែង ដែលផ្ដល់ភាពងាយស្រួលសម្រាប់កុមារក្នុងការអាន និងស្វែងយល់។


 
សៀវភៅនេះ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា(ABC) ក្រោមកិច្ចសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការស៊ីប៉ា(Sipar)។ បើតាមលោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា ការសម្រេចបោះពុម្ពសៀវភៅនេះឡើង គឺសមាគមមានគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុ ដូចជា ចូលរួមជំរុញនូវប្បធម៌នៃការសន្សំប្រាក់របស់ពលរដ្ឋកម្ពុជាតែម្តង។​
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ ចាន់ បានបញ្ជាក់ថា​៖ «យើងផលិតសៀវភៅនេះឡើង គឺសម្រាប់កុមារ ដែលមានអាយុ១៧ឆ្នាំចុះ។ ព្រោះ យើងឃើញថា ​មនុស្សដែលស្ថិតនៅក្នុងវ័យនេះ គឺមិនមានឧបករណ៍អាន និងរៀនសូត្រច្រើនទេ ដែលទាក់ទងវិស័យហិរញ្ញវត្ថុ»។  នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជារូបនេះ​បានបន្តថា​៖ «យើងចង់ចូលរួមផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កុមារ ដើម្បីឱ្យពួកគាត់មានមូលដ្ឋានគ្រឹះក្នុងការចេះសន្សំលុយតាំងពីក្មេងទៅ និងចេះប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព»។ 
 
ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនៅកុមារ សមាគមធនាគារនៅកម្ពុជា​នឹងចុះចាយចែកសៀវភៅស្វែងយល់ពីលុយនេះនៅតាមជនបទ និងនៅតាមសាលារៀននានាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមលើនេះ នៅតាមបណ្តាល័យនានារបស់អង្គការស៊ីប៉ា ក៏មានសៀវភៅនេះសម្រាប់សិស្សរៀន ដែរ។ បើតាមលោក សុខ ចាន់ សៀវភៅស្វែងយល់ពីលុយនេះ  ក៏មានដាក់លក់នៅតាមបណ្តាគារនៅរាជធានី-ខេត្ត ផងដែរ។


លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា

ជាមួយគ្នានេះសមាគមធនាគារនៅកម្ពុជា​ នឹងជំរុញដល់សមាជិកនិងដៃគូសហការនានាទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយសៀវភៅនេះបន្តដល់ប្រជាពលរដ្ឋ តាមរយៈរូបភាពផ្សេងៗ។ លោក សុខ ចាន់ បន្តនិយាយដូច្នេះ៖ « ជាគោលដៅ គឺយើងនឹងបោះពុម្ពបន្តទៀត ប៉ុន្តែយើងចង់ឱ្យមានការចូលរួមពីសមាជិក និងដៃសហការរបស់យើងក្នុងការបោះផ្សាយសៀវភៅនេះដែរ។ ព្រោះ ការផ្សព្វផ្សាយចំណេះហិរញ្ញវត្ថុដល់កុមារ ក្រៅពីការបោះពុម្ពសៀវភៅហើយនោះ យើងគ្រោងបង្កើតជាសំឡេង[Podcast]  ជាវីដេអូ និងជារូបភាពនានាបន្តទៀត សម្រាប់លើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋក្នុងវិស័យហិរញ្ញវត្ថុ»។ 
 
សូមជម្រាបថា បច្ចុប្បន្ន ក្រសួងអប់រំ ក៏បានដាក់បញ្ចូននូវមេរៀនពីចំណេះដឹងហិរញ្ញវត្ថុមួយចំនួន ចូល​ក្នុងកម្មវិធីសិក្សារបស់សិស្ស​ថ្នាក់ទី៤ និងទី៧ នៅតាមបឋមសិក្សា​និងអនុវិទ្យាល័យនានា ទូទាំងប្រទេស ផងដែរ។ ក្រសួងអប់រំ មានសៀវភៅ និងសម្ភារផ្សេងទៀត​សម្រាប់បង្រៀនសិស្ស ដើម្បីចូលរួមចំណែក លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅក្នុងកម្មវិធីសិក្សាជាតិ៕
 

Tag:
 អប់រំ
  ចំណេះដឹងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com