កីឡាជាតិ
ជាតិ
អគ្គិសនីតាមស្មើព្រះខ័នរាជ ក្រោន និងណាហ្គាគ្មានគ្រាប់ រីឯវិសាខា និងបឹងកេត សុទ្ធតែឈ្នះ
25, Aug 2022 , 2:12 pm        
រូបភាព
ជំនួប អគ្គិសនីកម្ពុជា និងព្រះខ័នរាជស្វាយរៀង រូបពីក្លិបព្រះខ័នរាជស្វាយរៀង
ជំនួប អគ្គិសនីកម្ពុជា និងព្រះខ័នរាជស្វាយរៀង រូបពីក្លិបព្រះខ័នរាជស្វាយរៀង
ព្រះខ័នរាជ ស្វាយរៀង ប្រកួតស្មើជាមួយ ម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ក្នុងលទ្ធផល១-១ នៅទីលាន EDC  នៃការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦​(ជម្រុះថ្នាក់ខេត្ត) កាលពីថ្ងៃទី២៤ ខែសីហា ថ្ងៃជាមួយគ្នានេះ ភ្នំពេញក្រោន ស្មើជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន Smart RSN  និងកងយោធពលខេមរភូមិន្ទ ចាញ់ វិសាខា ៣-១ នៅកីឡដ្ឋានស្ដាតចាស់។ រីឯនៅទីលានបាល់ទាត់កោះកុង ក្រុមភ្ញៀវបឹងកេត យកឈ្នះលើក្រុមបាល់ទាត់ កោះកុងអេហ្វស៊ី ក្នុងលទ្ធផល២-០។


ការប្រកួតនៅទីលានបាល់ទាត់ EDC មានភាពតានតឹងជាខ្លាំង ដោយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា មិនបានបង្ហាញកម្រិតប្រកួតខុសគ្នាប៉ុន្មានទេ សម្រាប់ជើងទី១នេះ។ ព្រះខ័នរាជ ស្វាយរៀង បាននាំមុខ ១-០នៅតង់ទី១ ដោយកីឡាករ សឿយ វិសាល តែតបាល់បញ្ចូលទី ក្រោយពីមិត្តរួមក្រុម ទាត់បាល់ជ្រុង។ ចូលដល់តង់ទី២ នាទី៨៥ ក្រុមម្ចាស់ផ្ទះ ទទួលបានបាល់ពិន័យ១១ម៉ែត្រ ក្រោយពីក្រុមភ្ញៀវបង្ករកំហុងក្នុងតំបន់គ្រោះថ្នាក់។ កីឡាករ ចន្ថា ចន្ធាការ របស់អគ្គិសនីកម្ពុជា រ៉ា​ប់រងបាល់ពិន័យ ដោយស៊ុតបញ្ចូលទីដោយជោគជ័យ នាំឲ្យលទ្ធ១-១។
បញ្ចប់ការប្រកួត អគ្គិសនីកម្ពុជា ស្មើជាមួយ ព្រះខ័នរាជ ស្វាយរៀង ១-១។
 
លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុមដ៏ល្អនៅលីគកំពូល ហើយការងារជាក្រុមរបស់ក្រុមនេះ គឺល្អ។ «យើង បានធ្វើការធ្ងន់សម្រាប់ការប្រកួតនេះ ដោយព្រះខ័នរាជស្វាយរៀង នាំមុខមុន ហើយចូលដល់តង់ទី២ ក្រុមអគ្គិសនីកម្ពុជា បានព្យាយាមធ្វើយ៉ាងមិចទាត់បញ្ចូលទីឲ្យបាន។ នេះ គឺជាលទ្ធផលល្អមួយ ដោយចុងម៉ោងយើងអាចតាមស្មើ ១គ្រាប់វិញ។»។
 
នៅថ្ងៃជាមួយគ្នានេះ ម្ចាស់ផ្ទះ កីឡដ្ឋាន Smart RSN នៅតែមិនអាចយកជ័យជម្នះលើក្រុម ណាហ្គាវើលដ៍ ដោយបញ្ចប់ការប្រកួត បានត្រឹមលទ្ធផល 0-0។ ​ចំណែកនៅទឹកដីកោះកុង ក្រុមភ្ញៀវបឹងកេត ឈ្នះ ម្ចាស់ផ្ទះ កោះកុងអេហ្វស៊ី លទ្ធផល២-០ និង នៅកីឡដ្ឋានស្តាតចាស់ កងយោធពលខេមរភូមិន្ទ ចាញ់ វិសាខា ក្នុងលទ្ធផល១-៣។ ការប្រកួតសម្រាប់ជើងទី២ នឹងធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២៕
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com