អន្តរជាតិ
តៃវ៉ាន់នឹងដាក់ពង្រាយប្រព័ន្ធការពារដ្រូន ក្រោយដ្រូនចិនហោះមកក្បែរដែនកោះខ្លួន
25, Aug 2022 , 3:59 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី

តៃវ៉ាន់ នឹងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធការពារដ្រូននៅលើកោះរបស់ខ្លួន បន្ទាប់ពីមានវីដេអូទាហានតៃវ៉ាន់គប់ដុំថ្មទៅលើដ្រូនរបស់ចិន ដែលហោះមកក្បែរដែនកោះខ្លួន។ ការដាក់ពង្រាយនេះនឹងចាប់ផ្តើមពីឆ្នាំក្រោយទៅ។

 
ជាញយៗ តៃវ៉ាន់តែងត្អូញត្អែរ ពីការហោះចូលក្បែរដែនកោះរបស់ខ្លួនពីសំណាក់ដ្រូនចិន ដែលជាផ្នែកមួយនៃសមយុទ្ធយោធា ក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាងអាមេរិក លោក ណាន់ស៊ី ផេឡូស៊ី។ បញ្ហានេះ  បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខចិនយ៉ាងខ្លាំង។  
 
នាពេលថ្មីៗនេះ វីដេអូខ្លីមួយត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីទាហានតៃវ៉ាន់ពីរនាក់គប់ដុំថ្មទៅលើដ្រូនរបស់ចិន ដែលមានវត្តមាននៅជិតប៉ុស្តិ៍យាមរបស់ពួកគេ។ តាមសេចក្តីថ្លែងការណ៍ចេញដោយទីបញ្ជាការការពារកោះ Kinmen នៅល្ងាចថ្ងៃទី២៤ ខែសីហា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែសីហានៅលើកោះ Erdan។ តៃវ៉ាន់អះអាងថា ឧបករណ៍នោះ ជាដ្រូនស៊ីវិលប៉ុណ្ណោះ។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសនឹងដាក់ពង្រាយប្រព័ន្ធប្រឆាំងដ្រូនចាប់ផ្តើមពីឆ្នាំ២០២៣ទៅ ដែលនឹងត្រូវដាក់នៅលើកោះតូចៗមុនគេ។ លើសពីនេះ មូលដ្ឋានយោធានីមួយៗនឹងមានវិធី ដើម្បីដោះស្រាយការឈ្លានពានរបស់ដ្រូន រួមទាំងការបញ្ជូនសំឡេងព្រមាន និងការបាញ់កាំជ្រួច កងកម្លាំងត្រៀមប្រយុទ្ធនៅទីតាំងយុទ្ធសាស្ត្រ ហើយមេបញ្ជាការតំបន់អាចបង្កើនការត្រៀមខ្លួនប្រយុទ្ធ ដោយអាស្រ័យលើកម្រិតគំរាមកំហែង។ 
 
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា មន្ត្រី និងទាហានគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបន្តអនុវត្តការប្រុងប្រយ័ត្ន ស្របតាមគោលការណ៍ «មិនបង្កជម្លោះ»។ 
 
ជុំវិញហេតុការណ៍នេះ ភាគីចិនមិនមានប្រតិកម្មអ្វីលើវីដេអូ ដែលទទួលបានការចូលមើលរាប់លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិននោះទេ។​ ចំពោះតៃវ៉ាន់វិញ ហេតុការណ៍នេះបង្កឱ្យមានការពិភាក្សាដ៏ក្តៅគគុកពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយពួកគេហៅវាថាជាការអាម៉ាស់មួយសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់កោះនេះ និងស្នើក្រសួងការពារជាតិតៃវ៉ាន់ឱ្យបង្កើនវិធានការទប់ទល់ចំពោះការលុកលុយពីដ្រូនរបស់ចិន។​ 
 
សមាជិកសភាជាន់ខ្ពស់ម្នាក់នៃគណបក្សកាន់អំណាចនៅតៃវ៉ាន់ លោក Wang Ting-yu និយាយថានេះជាហេតុការណ៍ធ្ងន់ធ្ងរណាស់ និងចោទសួរក្រសួងការពារជាតិតៃវ៉ាន់ថាហេតុអ្វីមិនឆ្លើយតបចំពោះការលុកលុយរបស់ចិននេះ។
 
គួរបញ្ជាក់ថា កោះ Kinmen រួមជាមួយនឹងកោះ Matsu ស្ថិតនៅជិតឆ្នេរសមុទ្ររបស់ចិន ដែលមាន​ចម្ងាយតែពីរទៅបីរយម៉ែត្រប៉ុណ្ណោះ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com