ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ កម្ពុជាលំបាក ចិន​តែងជួយទាន់ពេល, កម្ពុជាដោះស្រាយបញ្ហាអភិវឌ្ឍ តែងគិតដល់ចិនមុនគេ
25, Aug 2022 , 4:31 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចាប់ដៃជាមួយលោក លីវ ជៀនចាវ រដ្ឋមន្រ្តីទំនាក់ទំនងអន្តរជាតិនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចាប់ដៃជាមួយលោក លីវ ជៀនចាវ រដ្ឋមន្រ្តីទំនាក់ទំនងអន្តរជាតិនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
«នៅពេលដែលកម្ពុជា កំពុងតែជួបការលំបាក ចិន តែងផ្តល់ជំនួយយ៉ាងទាន់ពេលវេលា។ នៅពេលដែលកម្ពុជា កំពុងដោះស្រាយបញ្ហាអភិវឌ្ឍ តែងគិតដល់ចិនមុនគេជានិច្ច»។ ស្ថានទូតចិនប្រចាំកម្ពុជា អះអាងថា ប្រយោគទាំង២នេះ គឺជាពាក្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលើកឡើងក្នុងជំនួបជាមួយលោក លីវ ជៀនចាវ (Liu Jianchao) រដ្ឋមន្រ្តីទំនាក់ទំនងអន្តរជាតិនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។   

 
ស្ថានទូតចិន បានស្រង់ការឆ្លងឆ្លើយគ្នារវាងសម្តេច ហ៊ុន សែន និងលោក លីវ ជៀនចាវ ទៅបរិយាយលើទំព័រហ្វសប៊ុករបស់ខ្លួន៖ 
 
សម្តេច ហ៊ុន សែន៖ នៅពេលដែលកម្ពុជា កំពុងតែជួបការលំបាក ចិន តែងផ្តល់ជំនួយយ៉ាងទាន់ពេលវេលា។ នៅពេលដែលកម្ពុជា កំពុងដោះស្រាយបញ្ហាអភិវឌ្ឍ តែងគិតដល់ចិនមុនគេជានិច្ច។ 
 
លោក លីវ ជៀនចាវ៖ ចិន គាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ និងគាំទ្ររាល់ការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបានស្ថិរភាពសេដ្ឋកិច្ច-សង្គម។
 
សម្តេច ហ៊ុន សែន៖ ចិន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ចិន បានផ្តល់ការជួយយ៉ាងសំខាន់ដល់កម្ពុជា ក្នុងការរក្សាអាយុជីវិត សុខភាពប្រជាជន ស្ថិរភាពសង្គម និងសម្រេចបានការស្តារសេដ្ឋកិច្ចឡើងវិញ។ 
 
លោក លីវ ជៀនចាវ៖ កម្ពុជា មានស្ថិរភាពនយោបាយ-សង្គម ទប់ស្កាត់ជំងឺកូវីដ-១៩បានប្រសិទ្ធភាព ពន្លឿនការស្តារសេដ្ឋកិច្ច-សង្គម និងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសដើរលើមាគ៌ាអភិវឌ្ឍជោគជ័យ។
 
សម្តេច ហ៊ុន សែន៖ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងដាច់ខាតនូវរាល់ពាក្យសម្តី និងទង្វើណា ដែលបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ កម្ពុជា នឹងបន្តគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ចិន។ គោលជំហរនេះ កម្ពុជា នឹងមិនផ្លាស់ប្តូរឡើយ មិនថាកាលៈទេសៈណាក៏ដោយ។
 
លោក លីវ ជៀនចាវ៖ ចិន អរគុណកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយតែងតែផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ចិន លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន។
 
សម្តេច ហ៊ុន សែន៖ ការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គឺជាជម្រើសដ៏ត្រឹមត្រូវ។ […] ចំណងមិត្តភាព «ដែកថែប» រវាងកម្ពុជា-ចិន បានចាក់ឫសគល់យ៉ាងជ្រាលជ្រៅ។  
 
លោក លីវ ជៀនចាវ៖ ចិននិងកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាសហគមន៍វាសនារួមគ្នា។ ការរក្សាចំណងមិត្តភាពចិន-កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ និងការកសាងនូវសហគមន៍វាសនារួម គឺជាផលប្រយោជន៍គ្រឹះសម្រាប់ភាគីទាំងពីរ។
 
សម្តេច ហ៊ុន សែន៖ ប្រឈមនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ កម្ពុជា-ចិន តែងគាំទ្រគ្នាទៅវិញទៅមក រួមគ្នាតទល់នឹងបញ្ហាប្រឈម ការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ខ្លួនយ៉ាងមុតមាំ។ 
 
លោក លីវ ជៀនចាវ៖ ចិន រីករាយសហការជាមួយកម្ពុជា ដើម្បីរួមគ្នាតទល់នឹងហានិភ័យនិងបញ្ហាប្រឈម ហើយការពារផលប្រយោជន៍រួមគ្នា។ ក្នុងដំណើរការ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានសន្តិភាពយូរអង្វែង បក្សកុម្មុយនីស្តចិន គឺជាមិត្តដ៏គួរឲ្យទុកចិត្តនិងអាចពឹងផ្អែកបាន។ ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលប្រឈមនឹងភាពស្មុគស្មាញ ចិន រីករាយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគម្រោងសំខាន់ៗ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យនានា។
 
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្រៅពីជួបសម្តេច ហ៊ុន សែន លោក លីវ ជៀនចាវ ក៏បានជួបបុគ្គលផ្សេងទៀតដែរ ដូចជា អ្នកស្រី ឃួន សុដារី អនុប្រធានរដ្ឋសភាទី២ លោក សួស យ៉ារ៉ា សមាជិករដ្ឋសភា និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម៕ 
 
 
 

Tag:
 កម្ពុជា-ចិន
  ទំនាក់ទំនង
  ជំនួយ
  ហ៊ុន សែន
  Liu Jianchao
© រក្សាសិទ្ធិដោយ thmeythmey.com