អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស៊ី៖ ចិន និងកូរ៉េខាងត្បូងគួរតែជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ
25, Aug 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ខាងឆ្វេង) និងសមភាគីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ Xinhua, AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ខាងឆ្វេង) និងសមភាគីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ Xinhua, AFP
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅថ្ងៃទី២៤ ខែសីហា បានប្រាប់សមភាគីកូរ៉េខាងត្បូង លោក យូន សុកយ៉លថា ក្រុងប៉េកាំង និងក្រុងសេអ៊ូល គួរតែជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ ស្របពេលពិភពលោក កំពុងស្ថិតក្នុងភាពស្មុគស្មាញ។ ជាការឆ្លើយតប មេដឹកនាំកូរ៉េខាងត្បូង សង្ឃឹមថា ប្រទេសជិតខាងពីរ នឹងស្វែងរកកិច្ចសហប្រតិបត្តិការដ៏ត្រឹមត្រូវមួយ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងលើកតម្កើងទំនាក់ទំនងទ្វេភាគី។

 
ចិន និងកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែសីហា បានអបអរខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ ប្រធានាធិបតីចិន លោកស៊ី ជីនភីង និងសមភាគីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានផ្តោះប្តូរការសាទរទៅវិញទៅមក ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែម។
 
«ចិន និងកូរ៉េខាងត្បូង គួរតែជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ»។ លិខិតលោក ស៊ី បានសរសេរបែបនេះ ដោយបន្តថា អំឡុងពេលពិភពលោកកំពុងស្ថិតក្នុងភាពស្មុគស្មាញ ចិន និងកូរ៉េខាងត្បូង ត្រូវតែឈរជាមួយគ្នា ដោយផ្តោតលើសាមគ្គីភាព និងកិច្ចសហប្រតិបត្តិ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ក្នុងលិខិតរ​បស់ខ្លួន លោក យូន បានបង្ហាញក្តីសង្ឃឹមថា ប្រទេសជិតខាងទាំងពីរ នឹងស្វែងរកកិច្ចសហប្រតិបត្តិការដ៏ត្រឹមត្រូវ ក្រោមស្មារតីការគោរពទៅវិញទៅមក និងលើកតម្កើងទំនាក់ទំនងទ្វេភាគី។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានអបអររបស់ប្រទេសទាំងពីរដែលបានទទួលជោគជ័យលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដោយផ្អែកលើភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត។ តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន ការវិនិយោគទៅវិញទៅមកនៃប្រទេសទាំងពីរ បានកើនឡើងដល់លើស ១០០ពាន់លានដុល្លារ។ 
 
ក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាំង និងសមភាគីកូរ៉េខាងត្បូង លោក Han Duck-soo ក៏បានដោះដូរសារសាទរនៃការបង្កើតទំនាក់ទំនងការទូតរយៈពេល ៣០ឆ្នាំដែរ។ លោក លី បានបញ្ជាក់ថា ចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីពង្រឹងទំនុកចិត្ត និងការយោគយល់ទៅវិញទៅមក រួមទាំងកិច្ចសហប្រតិបត្តិប្រកបដោយស៊ីជម្រៅ។ 
 
ចំណែកលោក Han វិញ បានលើកឡើងថា ក្រុងសេអ៊ូល កំពុងស្វែងរកការផ្តោះប្តូរកម្រិតខ្ពស់ ពន្លឿនកិច្ចសហប្រតិបត្តិការលើច្រវាក់ផលិតកម្ម វប្បធម៌ និងការការពារបរិស្ថានជាមួយក្រុងប៉េកាំង។
 
គួររំឮកថា បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៩២ ចិន និងកូរ៉េខាងត្បូង បានអភិវឌ្ឍទំនាក់ទំនងទៅជាភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត នៅក្នុងឆ្នាំ២០០៨៕
 

Tag:
 ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com