អន្តរជាតិ
តៃវ៉ាន់ដាក់សំណើបង្កើនថវិកាសម្រាប់វិស័យការពារជាតិ ខណៈមានភាពតានតឹងជាមួយចិន
25, Aug 2022 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃទី២៥ ខែសីហា បានបង្ហាញពីសំណើបង្កើនថវិកាសម្រាប់ការពារជាតិក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ឆ្នាំ២០២៣ ខណៈដែនកោះមួយនេះមានភាពតានតឹងជាមួយចិន។

 
ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រីណាន់ស៊ី ផេឡូស៊ី ទៅកោះតៃវ៉ាន់នៅដើមខែសីហាកន្លងទៅ ចិនបានធ្វើសមយុទ្ធយោធាជាញឹកញាប់នៅជុំវិញដែនទឹក និងដែនអាកាសកោះមួយនេះ។ ស្របគ្នានេះ កោះតៃវ៉ាន់ក៏បានធ្វើសមយុទ្ធ ដើម្បីពង្រឹងសមត្ថភាពយោធាខ្លួនដែរ។
 
ស្របពេលមានការគំរាមកំហែងពីសំណាក់ចិន រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃទី២៥ ខែសីហា បានដាក់ស្នើសំណើបង្កើនថវិកាជាតិសម្រាប់ផ្នែកយោធាចំនួន ១៣.៩ ភាគរយ ដោយមានទំហំការចំណាយលើយោធាចំនួន ១៩,៤១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ សំណើនេះមានកំណត់ត្រាខ្ពស់បំផុតពីសំណើកន្លងមក ហើយវាអាចអនុវត្ដបានលុះត្រាតែសភាតៃវ៉ាន់អនុម័ត។ នេះគឺជាឆ្នាំទីប្រាំមួយជាប់ៗគ្នាសម្រាប់ កំណើននៃការចំណាយលើវិស័យការពារជាតិតៃវ៉ាន់ ចាប់តាំងពីឆ្នាំ២០១៧មក។
 
ក្នុងទំហំថវិកាទាំងនោះ វារួមបញ្ចូលថវិកាប្រមាណ៣,៥ពាន់លានដុល្លារ សម្រាប់ចំណាយលើយន្តហោះចម្បាំង គ្រឿងបរិក្ខារយោធាផ្សេងៗ និងមូលនិធិពិសេសរបស់ក្រសួងការពារជាតិ។ កាលពីឆ្នាំមុនក្រុងតៃប៉ិ បានប្រកាសការចំណាយលើផ្នែកការពារជាតិត្រឹមតែចំនួន​ ៨.៦៩ពាន់លានដុល្លារត្រឹមឆ្នាំ​២០២៦ ​ដោយការចំណាយភាគច្រើនលើសព្វាវុធ​កងទ័ពជើងទឹក មីស៊ីល និង​នាវាចម្បាំង​
 
សូមបញ្ជាក់ថា ចិន នៅក្នុងខែមីនា​ កន្លងទៅ បានប្រកាសចំណាយថវិកាលើយោធាសម្រាប់ឆ្នាំនេះ ក្នុងទំហំ ២១១ពាន់លានដុល្លារ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com