ជាតិ
សេដ្ឋកិច្ច
តួកគីគ្រោងចុះ MOU ជួយគាំទ្រវិស័យអាទិភាពនៅកម្ពុជា នាខែតុលា
25, Aug 2022 , 9:59 pm        
រូបភាព
លោកស្រី តឹករ៉េត កំរ៉ង (កណ្តាល) រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី។ រូបភាពពី MOC។
លោកស្រី តឹករ៉េត កំរ៉ង (កណ្តាល) រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី។ រូបភាពពី MOC។
តួកគីគ្រោងចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នា ដើម្បីជួយគាំទ្រវិស័យអាទិភាពនៅម្ពុជា នាខែតុលាខាងមុខ ក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី លើកទី៣ នៅខេត្តសៀមរាប។

 
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗថា  ក្រសួងគ្រោងលើកយកប្រធានបទពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ពិភាក្សាជាមួយភាគីតួកគី ក្នុងនោះ មានឧស្សាហកម្មកែច្នៃកសិផល ,ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងឧស្សាហកម្មខាងគ្រឿងចក្រ-ម៉ាស៊ីនជាដើម។
 
ទន្ទឹមនេះភាគីកម្ពុជា នឹងលើកយកមុខទំនិញដែលទាក់ទង «ហាឡាល់» ដែលអាចនាំចេញទៅលក់នៅតួកគី ដោយមានអ្នកជំនាញតួកគី ជួយបណ្តុះបណ្តាលឱ្យស្របតាមស្តង់ដារនៃការនាំចេញទៀតផង។ នេះជាការបញ្ជាក់របស់លោក សុវិជាតិ។
 
បើតាមអ្នកនាំពាក្យដដែល ភាគីតួកគីនឹងផ្តល់បច្ចេកវិទ្យាមួយចំនួន ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ ហើយក៏មានការចុះអនុស្សារណៈយោគយល់គ្នា (MOU)លើវិស័យអាទិភាពជាមួយកម្ពុជាដែរ។ 
 
មិនតែប៉ុណ្ណោះតួកគី នឹងបង្កើនចំនួនអាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា។ ជាពិសេសគ្រោងជួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតសំខាន់លើឧស្សាហកម្មផ្លូវទឹក និងផ្លូវដែកនៅកម្ពុជា ដែលត្រូវធ្វើទំនើបកម្មឡើងវិញ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏នឹងពិភាក្សាលើការហោះហើរត្រង់ទ្វេភាគីផងដែរ។ បច្ចុប្បន្នជើងហោះហើរទៅវិញទៅមករវាងប្រទេសទាំងពីរ មាន ៤ជើង ក្នុងមួយសប្តាហ៍។ លោក សុវិជាតិ បន្ថែម។
 
បើតាមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ វិនិយោគិន និងក្រុមហ៊ុនតួកគី ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា រួមមាន វិស័យអប់រំ ភោជនីយដ្ឋាន សណ្ឋាគារ សាងសង់ ដឹកជញ្ជូន និងសេវាពិគ្រោះយោបល់ផ្នែកច្បាប់ផងដែរ។
 
កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា និងតួកគី កន្លងមក បានប្រព្រឹត្តិទៅនៅទីក្រុងអង់ការ៉ា កាលពីថ្ងៃទី១៧-១៨តុលា ឆ្នាំ២០១៩ ។ ពេលនោះភាគីទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ១ ពាន់លានដុល្លារ នាពេលពេលអនាគត។ ប៉ុន្តែចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានត្រឹម ៤៦២,៦៣លានដុល្លារប៉ុណ្ណោះ។  
 
គូរបញ្ជាក់ថា មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅតួកគីរួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង  សម្ភារៈធ្វើដំណើរ អង្ករ ជាមួយគ្រាប់ធញ្ញជាតិមួយចំនួនដូចជា ស្វាយចន្ទី សណ្តែកសៀង សណ្តែកបាយ ចំណែកការនាំចូលមុខទំនិញពីតួកគីវិញមានដូចជា ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់  ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។
 
សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០២១ សម្រេចបានប្រមាណ ៩០,៦៣លានដុល្លារ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ។ ទំហំនេះកើនឡើងក្នុងអត្រា ២,០៦ភាគរយបើធៀបនឹងឆ្នាំ២០២០។ ដោយឡែក ៧ខែ ក្នុងឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ៦០ភាគរយបើធៀបឆ្នាំ ២០២១ ។ នេះបើតាមទិន្ន័យក្រសួងពាណិជ្ជកម្ម៕
 
 
 
 

Tag:
 តួកគី ទំហំពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com