អន្តរជាតិ
ប្រេសិតចិន ទទូចឱ្យប្រទេសទាំងអស់ការពារពិភពលោកកុំឱ្យធ្លាក់ក្នុងសង្រ្គាមត្រជាក់ថ្មី
25, Aug 2022 , 5:32 pm        
រូបភាព
លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Zhang Jun បានព្រមានពីការប្រឈមសង្រ្គាមត្រជាក់ថ្មីរបស់ពិភពលោក។ ត្រង់ចំណុចនេះ ប្រេសិតចិន បានទទូចឱ្យប្រទេសទាំងអស់ កុំអនុវត្តឱ្យពិភពលោកធ្លាក់ក្នុងសង្រ្គាមត្រជាក់ជាថ្មី។

 
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៤ ខែសីហា លោក Zhang Jun អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងនៅចំពោះមុខតំណាងប្រទេសផ្សេងថា វិបត្តិអ៊ុយក្រែន និងបញ្ហាផ្សេងទៀត ក្នុងរយៈពេលចុងក្រោយនេះ បានបង្ហាញថា ពិភពលោកត្រូវតែប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងក្នុងការបង្កបញ្ហា ការបែងចែកបក្សពួក និងការប្រឈមមុខ។ 
 
«យើងមិនគួរអនុញ្ញាតឱ្យពិភពលោកធ្លាក់ក្នុងសង្រ្គាមត្រជាក់ជាថ្មីឡើយ»។ លោក Zhang បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា គំនិតបែបសង្រ្គាមត្រជាក់ និងការប្រឈមមុខជាប្លុក គួរតែត្រូវបានទាត់ចោល។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ទន្ទឹមនេះ មន្រ្តីទូតចិន បានអះអាងថាចំៗថា បន្ទាប់ពីសង្រ្គាមត្រជាក់បានបញ្ចប់ជាង ៣០ឆ្នាំ​ សម្ព័ន្ធយោធាណាតូ នៅតែបន្តពង្រីកខ្លួនទៅតំបន់អឺរ៉ុបភាគខាងកើត ដែលបញ្ហានេះ មិនអាចស្វែងរកសន្តិភាពនៅអឺរ៉ុបបានឡើយ ប៉ុន្តែវាមានតែបង្កឱ្យមានជម្លោះប៉ុណ្ណោះ។ ក្នុងន័យនេះ លោក Zhang ទំនងទម្លាក់កំហុសដល់អង្គការណាតូ ដែលបង្កឱ្យមានសង្រ្គាមនៅអ៊ុយក្រែនកើតឡើង។ 
 
មិនតែប៉ុណ្ណោះ ប្រេសិតចិនប្រចាំនៅសហប្រជាជាតិ បានបន្ថែមថា បើទោះសេដ្ឋកិច្ចពិភពលោកត្រូវបានធ្វើសមាហរណកម្មក៏ដោយ ប្រទេសមួយចំនួន នៅតែបន្តដាក់ទណ្ឌកម្មជាឯកតោភាគី ប្រើប្រាស់សេដ្ឋកិច្ច និងពាណិជ្ជកម្មគំរាមប្រទេសដទៃ រួមទាំងការបែងចែកការធ្វើពាណិជ្ជកម្ម។ បើតាមលោក Zhang បញ្ហានេះ មានតែបង្កផលលំបាកដល់ប្រជាជន និងប៉ះពាល់ដល់សន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុប៉ុណ្ណោះ។
 
ទាក់ទិននឹងបញ្ហាខាងលើ មន្រ្តីទូតចិន បានទទូចជាថ្មីឱ្យប្រទេសទាំងអស់គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ អធិបតេយ្យ និងបូរណភាពដែនដីរបស់ប្រទេសដទៃ៕ 
 

Tag:
 ចិន
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com