កីឡាជាតិ
ជាតិ
គ្រូបង្វឹកបឹងកេត ៖ កីឡាករព្រះខ័នរាជស្វាយរៀង សុទ្ធតែគ្រោះថ្នាក់ បើយើងមិនប្រយ័ត្ន
27, Aug 2022 , 9:30 am        
រូបភាព
ការអូសបាល់ពីខ្សែបម្រើ ជា វាស្លី(ស) របស់ក្រុមបឹងកេត ក្នុងជំនួបទល់នឹង ព្រះខ័នរាជស្វាយរៀង (ក្រហម) នាសប្តាហ៍ទី១០កន្លងមក។ រូបពី Cambodia Premier League
ការអូសបាល់ពីខ្សែបម្រើ ជា វាស្លី(ស) របស់ក្រុមបឹងកេត ក្នុងជំនួបទល់នឹង ព្រះខ័នរាជស្វាយរៀង (ក្រហម) នាសប្តាហ៍ទី១០កន្លងមក។ រូបពី Cambodia Premier League
ដោយ:
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលភ្ញៀវបឹងកេត នាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី២៧ សីហា នៅកីឡដ្ឋានស្វាយរៀង។ សម្រាប់គ្រូបង្វឹកក្រុមបឹងកេត មិនហ៊ានមើលស្រាលលើព្រះខ័នរាជស្វាយឡើយ។


គ្រូបង្វឹកបឹងកេត លោក ហៅ សុជាតិ មិនទាន់រំពឹងថា អាចយកបាន៣ពិន្ទុពីក្រុមព្រះខ័នរាជស្វាយរៀងទេ ខណៈក្រុមខ្លួន កំពុងជួបបញ្ហាកីឡាករ។ សម្រាប់លោក សុជាតិ ព្រះខ័នរាជស្វាយរៀង ជាក្រុមខ្លាំងនារដូវកាលនេះ ដែលសម្បូរទៅដោយកីឡាករមានសក្ដានុពល ។
 
សម្រាប់ខ្ញុំកីឡាករក្រុមស្វាយរៀងសុទ្ធតែគ្រោះថ្នាក់ទាំងអស់ ព្រោះពួកគាត់សុទ្ធតែមានគុណភាពទាំងអស់ បើយើងមិនប្រយ័ត្ន»។ គ្រូបង្វឹកបឹងកេត ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
ចំណែកគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Conor Nestor ក៏រអាលក្រុមបឹងកេតដែរ។ លោកមើលឃើញថា ការប្រកួតនេះ នឹងមានភាពស្វិតស្វាញ និងលំបាកផងដែរ។
 
លោកបន្ថែមថា៖« យើងបានត្រៀមខ្លួនរួចជាស្រេច ហើយទន្ទឹងរង់ចាំការប្រកួតប្រជែងដ៍លំបាកនេះ។ បឹងកេតជាក្រុមដែលវាយលុកល្អនៅក្នុងប្រទេស វាជាការសាកល្បងដ៍ស្វិតស្វាញមួយ យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ ពួកគេមានកីឡាករដែលអាចធ្វើឲ្យយើងឈឺចាប់នៅលើទីលាន យើងត្រូវផ្តោតអារម្មណ៍ឲ្យបានល្អ»។ 
 
ជំនួប៩លើករវាងក្រុមទាំងពីរ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ឈ្នះ២ ស្មើ២ និងចាញ់៣។ ព្រះខ័នរាជ ៣ប្រកួតចុងក្រោយរបស់គេចាញ់វិសាខា ១-០ ឈ្នះគីរីវង់ ១០-០ និងចាញ់ភ្នំពេញក្រោន ៣-០ កីឡាករកំពុងលេចធ្លោរបស់ខ្លួនគឺខ្សែបម្រើ មិន រតនៈ។ រីឯបឹងកេត ឈ្នះភ្នំពេញក្រោន ២-១ ស្មើណាហ្កាវើលដ៍ ០-០ និងឈ្នះទ័ព ៣-២ ។ ខ្សែប្រយុទ្ធ សៀង ចន្ធា កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ។
 
ដោយឡែកអង្គរថាយហ្គឺរ បើកទ្វាកីឡដ្ឋានហនុមាន ទទួលភ្ញៀវភ្នំពេញក្រោន នាម៉ោង១៥ និង៤៥នាទី។ ។ ជួបគ្នា៧លើក អង្គរថាយហ្គឺរ ឈ្នះភ្ញៀវ ២ និងចាញ់៥។ ៣ប្រកួតចុងក្រោយរបស់ក្រុមពីសៀមរាបនេះ ឈ្នះ២ ចាញ់១ ។ ខ្សែប្រយុទ្ធ សុវណ្ណ ដូណា ជាតួអង្គសំខាន់ ។ ភ្នំពេញក្រោនវិញ ឈ្នះ២ និងចាញ់១ ដូចគ្នា។ ខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា កំពុងជាទីគោលដៅនៃការប្រុងប្រយ័ត្នពីក្រុមផ្សេង។ 
 
គូបន្ទាប់ណាហ្កាវើលដ៍ ជួបទ័ព នាកីឡដ្ឋានស្តាតចាស់ ។ ក្រុមទាំងពីរ ជួបគ្នា៦លើក ដោយណាហ្កា ឈ្នះ៣ និងស្មើ៣។ ទ័ព ៣ប្រកួតកន្លងមក ពុំដែលឈ្នះសោះ។ កីឡាករកំពុងលេចធ្លោ ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា។ ចំណែកភ្ញៀវណាហ្គា លេង៣ប្រកួត ចាញ់២ និងស្មើ១ ។ ខ្សែបម្រើប្រយុទ្ធ គួច ដានី កំពុងបង្ហាញទម្រង់លេងដ៏ល្អ។
 
ងាកទៅក្រុមម្ចាស់ផ្ទះវិសាខា បើកទ្វាកីឡដ្ឋានព្រីនស៍ ទទួលភ្ញៀវគីរីវង់សុខសែនជ័យ។ ជំនួប៥លើក ភ្ញៀវពុំដែលឈ្នះម្ចាស់ផ្ទះឡើយ។ ៣ប្រកួតកន្លងមករបស់ម្ចាស់ផ្ទះ ធ្វើបានល្អគឺពុំទាន់ស្គាល់ពាក្យចាញ់ឡើយ ខណៈភ្ញៀវ៣ប្រកួតរបស់គេ ឈ្នះ១ និងចាញ់២៕
 

Tag:
 បាល់ទាត់
  ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com