អន្តរជាតិ
ប្រមុខសិទ្ធិ​មនុស្ស​ UN ថា កំពុង​ស្ថិត​ក្រោមសម្ពាធ​​ខ្លាំងជុំវិញ​របាយការណ៍ស្ថានភាពសិទ្ធិមនុស្សនៅ​ស៊ីនជាំង
26, Aug 2022 , 9:29 am        
រូបភាព
ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet ។ រូបថត Xinhua
ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet ។ រូបថត Xinhua
ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ Michelle Bachelet អះអាងថា លោកស្រីកំពុងរងសម្ពាធយ៉ាងខ្លាំងថា ត្រូវឬមិនត្រូវចេញផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ទីដែលមនុស្សជាង១លាននាក់ត្រូវជឿថា ជាប់ឃុំខ្លួន។ ការចេញផ្សាយរបាយការណ៍នេះ ត្រូវបានពន្យារពេលជាយូរមកហើយបន្ទាប់ពីលោកស្រីទៅបំពេញទស្សនកិច្ចនៅស៊ីន​​​ជាំង​​​។


ចាប់តាំងពីបំពេញទស្សនកិច្ចនៅចិន​​​នៅខែឧសភាមក លោកស្រី Michelle Bachelet បាននិយាយម្តងហើយម្តងទៀតថា នឹងចេញរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិនៅតំបន់​ស៊ីនជាំងមុនពេលអាណត្តិត្រូវបញ្ចប់នៅថ្ងៃទី ៣១ខែសីហា។
 
«​យើង​កំពុង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​អ្វីដែល​ខ្ញុំ​បាន​សន្យា»​។ លោកស្រី Bachelet បាន​​និយាយបែបនេះ​ក្នុងអំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​របស់​លោកស្រីក្នុង​នាម​ជា​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ (UN)​ទទួល​បន្ទុក​សិទ្ធិមនុស្ស។ 
 
​យ៉ាងណាមិញ លោកស្រីបានបន្ថែមថា ពេលវេលាជាក់លាក់នៃការចេញផ្សាយពីរបាយការណ៍នេះនៅមិនទាន់ប្រកាសនៅឡើយ ខណៈដែលការិយាល័យរបស់លោកស្រីស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។ លោកស្រីបានអះអាងថា ការិយាល័យលោកស្រីទទួលបានព័ត៌មានច្រើនពីរដ្ឋាភិបាលចិន ហើយលោកស្រីកំពុងត្រួតពិនិត្យឡើងវិញដោយប្រុងប្រយ័ត្នពីព័ត៌មានទាំងនេះ មុនពេលចេញផ្សាយ។ 
 
ខណៈមិនទាន់បានបោះផ្សាយរបាយការណ៍នៅឡើយ លោកស្រី Bachelet បានទទួលលិខិតមួយដែលបានចុះហត្ថលេខាដោយប្រទេសនានារួមមានកូរ៉េខាងជើង វេណេស៊ុយអេឡា និងគុយបា ស្នើសុំមិនឱ្យចេញផ្សាយរបាយការណ៍ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀតនេះ។ 
 
កន្លងមក ប្រទេសលោកខាងលិចនិងបុគ្គលមួយចំនួនបានចេញមុខចោទប្រកាន់ចិនពីការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ដោយរួមមានការឃុំឃាំង ការបង្ខំមនុស្សឱ្យធ្វើការ ការបំបែកគ្រួសារ ការបំផ្លាញទីតាំងវប្បធម៌ និងសាសនារបស់ជនជាតិវីហ្គ័រ។ លើសពីនេះ អាម៉េរិក និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​បាន​ចោទ​ចិន​ថា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​ភាគតិចទៀតផង។
 
គួរបញ្ជាក់ថា ទស្សនកិច្ចលោកស្រី Bachelet ទៅកាន់តំបន់ស៊ីនជាំងកាលពីដើមឆ្នាំនេះ បង្កឱ្យមានការរិះគន់ជាច្រើន។ មុនដំណើរទស្សនកិច្ចរបស់លោកស្រីនេះ អាម៉េរិកបាន​និយាយថា ខ្លួនមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​លើដំណើរទស្សនកិច្ចរបស់លោកស្រី។ បន្ទាប់ពីលោកស្រី Bachelet ត្រលប់មកពីចិនវិញ ប្រទេសចំនួន៤៧ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដោយស្នើសុំឱ្យមានការសង្កេតលម្អិតបន្ថែមទៀតរួមទាំងការរឹតបន្តឹងដែលអាជ្ញាធរចិនបានដាក់ក្នុងដំណើរទស្សនកិច្ចនេះ៕
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com