ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុនជាង៦០០ ប្រើសេវាទូទាត់ប្រាក់របស់ធនាគារអេស៊ីលីដា
27, Aug 2022 , 10:38 am        
រូបភាព
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា  កំពុងផ្តល់បទសម្ភាសឱ្យអ្នកអ្នកសារព័ត៌មាន  នាព្រឹកថ្ងៃទី២៦សីហា
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា កំពុងផ្តល់បទសម្ភាសឱ្យអ្នកអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៦សីហា
វិនិយោគិនជប៉ុនដែលធ្វើធុរកិច្ចនៅកម្ពុជា មានជាង៦០០ក្រុមហ៊ុន បានប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា។ បើតាមលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា  ក្នុងចំណោមក្រុមហ៊ុនទាំង៦០០នេះ គឺមានភាគច្រើនប្រើប្រាស់លើសេវាទូទាត់លើចំណាយផ្សេងៗនៃប្រតិបត្តិការបស់ក្រុមហ៊ុន​។

 
បច្ចុប្បន្ន ធនាគារអេស៊ីលីដា បានបម្រើសេវាកម្មហិរញ្ញវត្ថុដល់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ​ចំនួន៦០៤ ដែលជាក្រុមហ៊ុនសាជីវកម្មទាំងអស់។​ ក្នុងជំនួបពិភាក្សាការងារជាមួយអ្នកជំនួញជោគជ័យជប៉ុននៅកម្ពុជា នាថ្ងៃទី២៦សីហា លោក អ៊ិន ចាន់នី បានថ្លែងថា​ គិតមកត្រឹម ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនជប៉ុនទាំងនេះ បានប្រើសេវាហិរញ្ញវត្ថុរបស់ធនាគារ លើការផ្ទេរប្រាក់ខែឱ្យកម្មករ-បុគ្គលិក និងចំណាយប្រតិបត្តិការនានារបស់ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់២១២លានដុល្លារអាម៉េរិក។ 
 
លោក អ៊ិន ចាន់នី បន្តនិយាយដូច្នេះ៖ « អេស៊ីលីដា គឺជាធនាគាររបស់ពួកគាត់សម្រាប់គាំទ្រក្នុងការទូទាត់ប្រាក់ចំណាយផ្សេងៗទៅលើប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន។ ភាគច្រើន យើងមិនផ្តល់មូលនិធិឱ្យវិនិយោគិនជប៉ុនទាំងនោះទេ ព្រោះពួកគាត់អាចយកមូលនិធិដែលមានតម្លៃការប្រាក់ថោកពីប្រទេសជប៉ុនយកមកប្រើប្រាស់នៅកម្ពុជាបាន។ អ៊ីចឹង! យើងបានផ្តល់តែសេវាទូទាត់ទេ»។​
 
​បើតាមលោក អ៊ិន ចាន់នី ក្រុមហ៊ុនសាជីវកម្មដែលប្រើប្រាស់សេវាកម្មទូទាត់របស់ធនាគារអេស៊ីលីដា គឺមានគ្រប់វិស័យ ដូចជា៖ វិស័យកម្មមន្តសាល ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល សំណង និង វិស្វកម្មមេកានិក...ជាដើម ហើយសូម្បីតែផ្សារទំនើបអ៊ីអន​ ក៏ប្រើប្រាស់សេវាទូទាត់របស់ធនាគារអេស៊ីលីដា ដែរ។ 
កាលឆ្នាំ២០២១ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មប្រមាណ៧,៨ពាន់លានដុល្លារ ដោយក្នុងនោះមានឥណទានអតិថិជនមាន ជិត៥,៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំរបស់ធនាគារអេស៊ីលីដា៕ 
 

Tag:
 វិនិយោគិន
  ធនាគារ និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com