កីឡាជាតិ
ជាតិ
CPL ចាប់ផ្ដើមអនុវត្តការតេស្ដល្បឿនកីឡាករ ដើម្បីជម្រើសជាតិ
27, Aug 2022 , 12:00 pm        
រូបភាព
លោក ភា សុភ័ក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា ធ្វើបទបង្ហាញ ដល់មន្ដ្រីជំនាញក្លិបវិសាខា អំពីតេស្ដល្បឿន។ រូបពីលោក ភា សុភ័ក្ត្រា
លោក ភា សុភ័ក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា ធ្វើបទបង្ហាញ ដល់មន្ដ្រីជំនាញក្លិបវិសាខា អំពីតេស្ដល្បឿន។ រូបពីលោក ភា សុភ័ក្ត្រា
ក្រុមហ៊ុន Cambodian Premier League (CPL) ដោយមានការគាំទ្រពីសហព័ន្ធបាល់ទាត់កម្ពុជា ចាប់ធ្វើបទបង្ហាញពីការធ្វើតេស្ដល្បឿន របស់កីឡករ ដែលជាការធ្វើតេស្ដថ្មីមួយ ដើម្បីជួយគាំទ្រដល់ការងាយស្រួលជ្រើសរើសកីឡាករជម្រើសជាតិ។ សហព័ន្ធ រៀបចំកាលវិភាគ និងពេលវេលាសម្រាប់ក្លិបចូលរួមតេស្តសមត្ថភាពកីឡាករ។


នេះ គឺជាលើកដំបូង ដែលកម្ពុជាអនុវត្តតេស្តល្បឿនកីឡាករ ដែលរត់លើទីលានកម្រិតទាបបំផុត ១៨គីឡូម៉ែត្រ/១ម៉ោង សម្រាប់ក្រុមលីគ២ និងក្រុមលីគកំពូល ១៨.៥ គីឡូម៉ែត្រ/១ម៉ោង។ ប៉ុន្ដែដើម្បីចូលរួមក្នុងជម្រើសជាតិបាន កីឡាករ ត្រូវសម្រេចល្បឿន ២០.៥ គីឡូម៉ែត្រ/១ម៉ោង។ 
 
ការតេស្ដបែបនេះ ក៏ជាការចង់បានរបស់លោក Keisuke Honda អ្នកចាត់ការជម្រើសជាតិកម្ពុជា ដែលបាននិយាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមវគ្គចែកពូល។ កម្ពុជា បានធ្លាក់ក្នុងពូល D នៃការប្រកួត AFC Asian Cup 2023 Qualifiers នៅទីក្រុង Kolkata ប្រទេសឥណ្ឌា នាអំឡុងខែមិថុនា។ 
 
«ខ្ញុំ នឹងមិនយកកីឡាករណា រត់មិនបាន២០.៥ទេ។ នេះ គឺជាការជ្រើសរើសកីឡាករជម្រើសជាតិ ដែលយ៉ាប់បំផុត។»។ លោក Keisuke Honda និយាយបែបនេះ ដោយបន្ថែមថា កីឡាករដែលធ្វើតេស្តរត់ធ្លាក់នោះ គឺនឹងបញ្ជូនទៅក្លិបវិញ។
 
ក្រុមហ៊ុន CPL ចង់ឲ្យបណ្ដាលក្លិបទាំងអស់យល់ដឹងពីការធ្វើតេស្ដនេះ និងអនុវត្តរត់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកីឡាករម្នាក់ៗ មានគុណភាពកម្លាំងទៅតាមអ្វី ដែលខាងជម្រើសជាតិត្រូវការ។ ការធ្វើបទបង្ហាញនេះ គឺត្រូវពិនិត្យជាមួយកាលវិភាគរបស់គ្រូនៅបណ្ដាក្លិបនីមួយៗ ដោយតម្រូវឲ្យគ្រូបង្វឹក មន្ដ្រីបច្ចេកទេស គ្រូផ្នែកកម្លាំង កាយសម្បទាចូលរួម។ លោក ភា សុភ័ក្ត្រា គ្រូជំនួយគ្រូជម្រើសជាតិកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗបែបនេះ។ 


 លោក ភា សុភ័ក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា ធ្វើបទបង្ហាញ ដល់មន្ដ្រីជំនាញតាមក្លិប អំពីតេស្ដល្បឿន រូបពីលោក ភា សុភ័ក្ត្រា
គ្រូជំនួយរូបនេះ សង្ឃឹមថាក្រោយពីធ្វើបទបង្ហាញរួច ក្លិបទាំងនោះ នឹងយកទៅអនុវត្ត បានត្រឹមត្រូវ និងម៉ត់ចត់។ លោក សុភ័ក្ត្រា បន្ថែមថា ការធ្វើបទបង្ហាញតាមក្លិបនីមួយៗ បានសម្រេចជាទ្រង់ទ្រាយធំហើយ ដោយសល់តែក្លិប២ទេ មិនទាន់ទៅដល់ព្រោះនៅឆ្ងាយ ។
 
តេស្ដនេះ អាចនឹងត្រូវយកមកអនុវត្ត ក្នុងពេលរើសជម្រើសជាតិសម្រាប់ត្រៀមប្រកួត អន្ដរជាតិនាអំឡុងខែកញ្ញាខាងមុខនេះ ដូចជា ការ​ប្រកួតមិត្តភាពកីឡាករ ក្រោម២៣ឆ្នាំ ជាមួយជប៉ុន និងមិត្តភាពជាមួយជម្រើសជាតិបង់ក្លាដែស ជាដើម៕
 

Tag:
 បាល់ទាត់
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com