អត្ថបទពាណិជ្ជកម្ម
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ៨២០នាក់
27, Aug 2022 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
 មជ្ឈមណ្ឌលភាសា អេ អាយ អាយ  បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ជូនសិស្សានុសិស្សចំនួន៨២០នាក់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក   ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន  ព្រមទាំងគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាលយ៉ាងច្រើនកុះករ។
 
ថ្ងៃប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២២នេះ  គឺថ្ងៃមួយដ៏អស្ចារ្យ និងពោរពេញដោយអត្ថន័យ សម្រាប់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលផងដែរ។ 
 
ថ្លែងក្នុងឱកាសប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ភួង ថារិទ្ធ នាយកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង បានឱ្យដឹងថា កម្មវិធីនេះ ធ្វើឡើងសម្រាប់សិស្សដែលបានបញ្ចប់ដោយជោគជ័យនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដោយរួមមាន កម្មវិធីកម្រិតថ្នាក់កុមារ ថ្នាក់មនុស្សពេញវ័យ ថ្នាក់ភាសាចិន និងថ្នាក់ភាសាថៃសម្រាប់ថ្នាក់មនុស្សពេញវ័យ និងថ្នាក់ភាសាអង់គ្លេសកម្រិតខ្ពស់។ 

 
លោក ភួង ថារិទ្ធ លើកឡើងថា លទ្ធផលនៃភាពជោគជ័យរបស់សិស្សានុសិស្សនៅថ្ងៃនេះ គឺសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សខ្លួនឯងផ្ទាល់។
 
នាយកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដដែលបន្ថែមថា  កត្តាដែលធ្វើឱ្យមជ្ឈមណ្ឌលភាសា អេ អាយ អាយ  មានភាពខុសប្លែកពីសាលាដទៃទៀត គឺដោយសារតែមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានចក្ខុវិស័យ បេសកកម្ម និងរចនាសម្ពន្ធច្បាស់លាស់ ហើយកម្មវិធីសិក្សាត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការសាលា ហើយសាលាក៏មានកម្មវិធីសិក្សាក្រៅថ្នាក់ផងដែរ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានចូលរួមបន្ថែម។ សំខាន់ជាងនេះទៅទៀតនោះ លោកគ្រូ អ្នកគ្រូ នៅគ្រឹះស្ថានអប់រំរបស់លោក សុទ្ធសឹងមានគរុកោសល្យច្បាស់លាស់ មានបទពិសោធន៍ច្រើនឆ្នាំ និងយកចិត្តទុកដាក់ក្នុងការបង្រៀនថែមទៀតផង។
 
លោក ភួង ថារិទ្ធ លើកឡើងយ៉ាងដូច្នេះ៖ «ភាពរីកចម្រើន និងចំណុចខ្លាំងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ  មិនមែនកើតឡើងដោយចៃដន្យឡើយ គឺប្រាកដណាស់បានពីការយកចិត្តទុកដាក់បំពេញការងាររបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ហើយក៏មិនអាចកាត់ផ្តាច់បានពីការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងមាតាបិតាសិស្សនោះដែរ។»

 
លោក បានសម្តែងអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះ៖ «សម្រាប់ខ្ញុំ គឺពិតជា មានមោទកភាព និងសប្បាយរីករាយយ៉ាងខ្លាំងព្រោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ទាំងអស់ដែលគាត់នឹងមកទទួលវិញ្ញាបនបត្រ បញ្ចប់ការសិក្សារបស់ពួកគេនៅថ្ងៃនេះ ទោះបីជាពួកគាត់ស្ថិតក្នុងកាលៈទេសៈបរិបទជំងឺកូវីដក្តីក៏សិស្សានុសិស្សទាំងអស់ តស៊ូមិនបោះបង់ចោលការសិក្សា ហើយពុះពារ ជម្នះទាល់តែពួកគាត់ទទួលបានជោគជ័យយ៉ាងពិតប្រាកដ។» 
 
បើតាមការអះអាងរបស់លោក ដោយសារតែមានការគាំទ្រពីសំណាក់មាតាបិតា ឬអ្នកអាណាព្យាបាលទាំងអស់ គឺធ្វើឱ្យមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត យើងបានពង្រីកសាខាទី៧ នៅឯខេត្តសៀមរាប   និងកំពុងទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្ស អ្នកអាណាព្យាបាលក្នុងតំបន់។ នៅពេលខាងមុខទៀត មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបន្តពង្រីកទៅដល់ខេត្តតាកែវ កំពង់ចាម បន្ទាយមានជ័យ បាត់ដំបង និងខេត្តផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។

 
លោក ភួង ថារិទ្ធ សង្កត់ធ្ងន់ថា សិស្សានុសិស្សដែលកំពុងសិក្សាជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងទទួលបានវិធីសាស្រ្តបង្រៀនដែលពោរពេញទៅដោយ   ភាពសប្បាយរីករាយ  កម្មវិធីសិក្សាថ្មីៗ សកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ ដំណើរកម្សាន្តក្នុង និងក្រៅប្រទេស និងសកម្មភាពប្រកួតប្រជែងដើម្បីពង្រឹងសមត្ថភាព និងភាពក្លាហានរបស់សិស្សផងដែរ។
 
ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើការសំណេះសំណាល ផ្ញើក្តីនឹករឭក និងសាកសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាជូនដល់ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់។
 
លោក បានមានប្រសាសន៍ថា តាមរយៈចំនួនដ៏ច្រើនរបស់សិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដ៏ច្រើនលើសលប់នេះ គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្នុងការរក្សាទាំងកំណើនខ្ពស់នៃសិស្សចូលរៀន និងគុណភាពសិក្សាស្តង់ដារអន្តរជាតិ។
 
លោក ទទួលស្គាល់ថា ការបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាបញ្ញាវន្តពិតប្រាកដមួយ គឺពិតជាមានការលំបាក ព្រោះត្រូវការការតាមដានត្រួតពិនិត្យគ្រប់ពេលវេលា ហើយអ្នកដឹកនាំប្រាកដណាស់   ត្រូវមានគំនិតឈ្លាសវៃ។ ជាមួយគ្នានេះលោក ក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្ស  ឱ្យបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សមានដែលមានសក្កានុពលសម្រាប់ប្រទេសជាតិ។ 

 
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តថា ការសិក្សារៀនសូត្រមិនមែនទទួលបានសញ្ញាបត្រនេះបញ្ចប់ទេគឺការសិក្សាត្រូវធ្វើឡើងពេញមូយជីវិតគឺគ្មានទីបញ្ចប់ ហើយដើម្បីជាធនធានមនុស្សប្រកបដោយសមត្ថភាពពិតប្រាកដគឺត្រូវមានចំណេះដឹង បទពិសោធន៍ និងសីលធម៌។ អ្នកឧកញ៉ា ក៏បានធ្វើការក្រើនរម្លឹកទៅដល់សិស្សានុសិស្សទាំងអស់ដែរថា ត្រូវដឹងថាខ្លួនឯងជាអ្នកណា កំពុងធ្វើអ្វី និងធ្វើដើម្បីអ្វី។
 
សូមជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានគេស្គាល់ទូទាំងប្រទេសចំពោះគុណភាព វិន័យ និងសេវាកម្ម ដែលមានលក្ខណៈពិសេស ហើយត្រូវបានគេទទួលស្គាល់ថាជាគ្រឹះស្ថានសិក្សាមួយដែលមានភាពច្នៃប្រឌិតនិងស្វាហាប់បំផុតនៅក្នុងប្រទេសកម្ពុជា។ សាខាទាំង ៧រួមមាន    សាខាម៉ៅសេទុង (ការិយាល័យសាខាកណ្តាល) សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី សាខាជ្រោយចង្វារ សាខាខេត្តសៀមរាប និងសាខាទី៨ នៅខេត្តតាកែវ នឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ៕ 
 







(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com