ជាតិ
សេដ្ឋកិច្ច
វិនិយោគិនជប៉ុន កំពុងចាប់អារម្មណ៍វិនិយោគបន្ថែមលើវិស័យកសិកម្ម នៅកម្ពុជា
27, Aug 2022 , 9:00 pm        
រូបភាព
លោក កាន់ដា យូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC) កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន
លោក កាន់ដា យូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC) កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន
បច្ចុប្បន្ន ក្រុមអ្នកធុរកិច្ចជប៉ុន កំពុងសិក្សា​និងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា​ ពិសេសនៅក្នុងវិស័យកសិកម្ម។ ផែនការវិនិយោគបន្ថែមរបស់ធុរជនជប៉ុនទាំងនោះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP, មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន  និងជាមួយកូរ៉េខាងត្បូង នាឆាប់ៗនេះ។

 
លោក កាន់ដា យូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC) បានបញ្ជាក់ថា​ ក្នុងឆ្នាំ២០២២នេះ មានក្រុមហ៊ុនជប៉ុនចំនួន៨ទៀត បានបោះទុនវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនទាំងនោះភាគច្រើនវិនិយោគលើវិស័យកសិកម្ម និងពាណិជ្ជកម្ម។ លោក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាជំនួបពិភាក្សាការងារជាមួយអ្នកជំនួញជោគជ័យជប៉ុននៅកម្ពុជា ដែលធ្វើឡើងនៅធនាគារអេស៊ីលីដា  កាលពីថ្ងៃទី២៦សីហា ថា ៖«កន្លងមកការវិនិយោគរបស់ជប៉ុននៅកម្ពុជាធា្លក់ចុះ ដោយសារបញ្ហានៃជំងឺកូវីដ-១៩ ប៉ុន្តែបច្ចុប្បន្នការវិនិយោគនោះនឹងកើនឡើង ចាប់ពីពេលនេះទៅ»។ 
 
បើតាមលោក កាន់ដា យូហ្គូ ការសម្លឹងឃើញការវិនិយោគបន្ថែមនៅកម្ពុជា ដោយក្រុមធុរជនទាំងនោះ គឺដោយសារកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ «RCEP» រវាងប្រទេសទាំង១០នៅអាស៊ាន ជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានចូលជាធរមាន នាថ្ងៃទី១មករា ឆ្នាំ២០២២។ ក្រោយពី RCEP ចូលជាធរមានហើយនោះ កម្ពុជាក៏ដូចប្រទេសទាំង១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណាដែលមានសក្កានុពល។ 
 
កន្លងមក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយRCEP លេចចេញរូបរាង កម្ពុជានឹងអាចដោះស្រាយនូវបញ្ហានាំចេញ ជាពិសេសកសិផលដែលមានសក្កានុពល តែម្តង។ លោក មានប្រសាសន៍ដូច្នេះ៖«ខ្ញុំជឿថា នៅឆ្នាំ២០២២ នឹងមានការផ្លាស់ប្តូរច្រើនដើម្បីជំរុញនូវការនាំចេញកសិផលស្រស់ឬកែច្នៃរបស់យើង ទៅកាន់ប្រទេសគោលដៅដោយត្រង់»។  ក្រៅពីនេះ កម្ពុជាក៏កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(CC-FTA) ហើយជាមួយប្រទេសកូរ៉េខាងត្បូង ក៏នឹងគ្រោងចូលបានជាធរមាន នាឆាប់ៗនេះ ផងដែរ។ 
 
ដើម្បីទ្រទ្រង់ និងទាក់ទាញវិនិយោគិនចូលកម្ពុជាបន្ថែម រាជរដ្ឋាភិបាលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន ដោយមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិថ្មី​ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ...ជាដើម។ 
 
ក្នុងជំនួបពិភាក្សាការងារជាមួយអ្នកជំនួញជោគជ័យជប៉ុននៅកម្ពុជាដដែល លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ក៏បានចែករំលែកនូវច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលជួយសម្រួល និងលើកទឹកចិត្តផ្នែកពន្ធដារដល់អ្នកវិនិយោគបរទេស ផងដែរ។ លើសពីនេះ លោកបញ្ជាក់ថា កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើនជាង៦៧ភាគរយ ជាមួយប្រាក់ឈ្មួលនៅទាប ដែលនេះជាផ្នែកដ៏ល្អសម្រាប់វិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា។ 
 
លោក បន្តមានប្រសាសន៍ទៅកាន់អ្នកធុរកិច្ចជប៉ុនយ៉ាងដូច្នេះ៖ «កម្លាំងលូតលាស់សេដ្ឋកិច្ចកម្ពុជាគឺនៅតែខ្លាំង។ ជាពិសេសឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៧ គឺមានការលូតលាស់សេដ្ឋកិច្ចខ្លាំង»។  ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះបន្ថែមថា ដោយឡែកអតិផរណានៅកម្ពុជាសព្វថ្ងៃដែលកើតឡើង គឺមិនជាបញ្ហាចោទ ឬធ្វើឱ្យប៉ះពាល់វិនិយោគិន ទេ។ ត្រង់ចំណុចនេះ លោក អ៊ិន ចាន់នី ពន្យល់ថា៖« អតិផរណាឆ្នាំ២០២២នេះ មានត្រឹមតែ ៥ ភាគរយ ឬខែខ្លះជាង៩ភាគរយ។ តែទំហំនេះ គឺមិនខ្ពស់ដូចឆ្នាំ២០០៨ ដែលអតិផរណាមានរហូតដល់១៨,៧៥ភាគរយនោះទេ»។ 
 
ជុំវិញនៃអតិផរណាដែលកើតឡើងដោយសារសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែននេះ  លោក អ៊ិន ចាន់នី អះអាងថា  រាជរដ្ឋាភិបាលមានវិធានការគ្រប់គ្រាន់ ក្នុងការដោះស្រាយ និងទប់ទល់បញ្ហាអតិផរណានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
 
គិតមកត្រឹមខែមករា ឆ្នាំ២០២២ ទុនវិនិយោគជប៉ុននៅកម្ពុជាកើនដល់២,៩ពាន់លានដុល្លារដែលមានគម្រោងវិនិយោគិនចំនួន១៤៦ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)អនុម័តជាផ្លូវការ។ បើតាមCDC ទុនទាំងនេះ មានភាគច្រើនត្រូវបានវិនិយោគទៅលើវិស័យកម្មមន្តសាល កសិកម្ម  ពាណិជ្ជកម្ម និងធនាគារ និងហិរញ្ញវត្ថុ៕ 
 

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com