អន្តរជាតិ
នាវាចម្បាំងអាម៉េរិក២គ្រឿង បើកកាត់សមុទ្រតៃវ៉ាន់ជាលើកដំបូងក្រោយទស្សនកិច្ចលោកស្រី ផេឡូស៊ី
28, Aug 2022 , 1:51 pm        
រូបភាព
នាវាចម្បាំង USS Antietam ក្នុងប្រតិបត្តិការកន្លងមក។ រូបថត US Navy
នាវាចម្បាំង USS Antietam ក្នុងប្រតិបត្តិការកន្លងមក។ រូបថត US Navy
នាវាចម្បាំងអាម៉េរិក២គ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២៨ ខែសីហា។ នេះជាវត្តមានលើកដំបូងរបស់នាវាចម្បាំងអាម៉េរិកក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ ដែលធ្វើឱ្យខឹងសម្បារយ៉ាងខ្លាំងរហូតធ្វើសមយុទ្ធយោធាផ្ទួនៗមិនធ្លាប់មាននៅជុំវិញដែនកោះមួយនេះ​។

 
ក្នុងសេចក្ដីប្រកាសរបស់កងនាវាចរណ៍ទី៧ កងទ័ពអាម៉េរិកដែលមានមូលដ្ឋានៅជប៉ុន ការធ្វើចរាចរណ៍របស់នាវាចម្បាំងទាំង២គ្រឿង បង្ហាញពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
 
នាវាចម្បាំងទាំង២ មាន USS Antietam និង USS Chancellorsville ធ្វើដំណើរកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយមិនមានការរារាំងអ្វីឡើយ ព្រោះបើកាត់ដែនទឹកដែលមិនមែនជាកម្មសិទ្ធិប្រទេសណាមួយឡើយ។ បើតាមសេចក្ដីប្រកាសដដែល យោធាអាម៉េរិក នឹងបន្តបើកបរ ហោះហើយ និងធ្វើប្រតិបត្តិការតាមច្បាប់អន្តរជាតិ។
 
ការចល័តនាវាចម្បាំងដល់ទៅ២គ្រឿងទៅច្រកសមុទ្រដែលខណ្ឌចែកដីគោក និងកោះតៃវ៉ាន់ ធ្វើឡើងបន្ទាប់ពីភាពតានតឹងមិនធ្លាប់មាននៅតំបន់នេះ ដែលបញ្ឆេះដោយទស្សនកិច្ចប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី កាលពីដើមខែសីហាកន្លងទៅ។ ចិនបានឆ្លើយតបនឹងទស្សនកិច្ចនេះដោយការធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានវិញ។
 
ទោះបញ្ចប់លំហាត់យោធាដែលផ្ដោតលើទ័ពជើងទឹក និងជើងអាកាស យន្តហោះចិននៅតែបន្តហោះក្រវែលកោះតៃវ៉ាន់ជាញឹកញយ ហើយពេលខ្លះហោះហួសខ្សែចែកច្រកសមុទ្រតៃវ៉ាន់ថែមទៀត៕ 
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com