កីឡាជាតិ
ជាតិ
CPL៖វិសាខា លត់គិរីវង់សុខសែនជ័យ យ៉ាងចាស់ដៃ ខណៈព្រះខ័នរាជស្វាយរៀង ស្មើបឹងកេត
28, Aug 2022 , 2:26 pm        
រូបភាព
ការអូសបាល់ដោយខ្សែបម្រើ ជា វាស្លី របស់បឹងកេត(បៃតងឆ្នូត) និងកីឡាករព្រះខ័នរាជ(ខៀវ)។ រូបពី ក្លឹបបាល់ទាត់បឹងកេត
ការអូសបាល់ដោយខ្សែបម្រើ ជា វាស្លី របស់បឹងកេត(បៃតងឆ្នូត) និងកីឡាករព្រះខ័នរាជ(ខៀវ)។ រូបពី ក្លឹបបាល់ទាត់បឹងកេត
ដោយ:
ក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើបឹងកេត ២-២ ខណៈគីរីវង់សុខសែនជ័យ ចាញ់វិសាខា ៦-១ ។ ចំណែក ភ្នំពេញក្រោន លត់អង្គរថាយហ្គឺរ ៤-១ និងណាហ្កាវើលដ៍ ស្មើកងយោធពលខេមរភូមិន្ទ ១-១ នាជំនួបសប្តាហ៍ទី១៧ នៃពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ កាលពីថ្ងៃទី២៧ ខែសីហា។


ជំនួបរវាងក្រុមកំពូលតារាងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងភ្ញៀវបឹងកេត បានត្រឹមម្នាក់ ១ពិន្ទុទៅផ្ទះប៉ុណ្ណោះ ក្រោយបញ្ចប់ត្រឹមលទ្ធផល២-២។ វគ្គទី១ ក្រុមទាំងពីរពុំមានការស៊ុតបញ្ចូលទីគ្នាឡើយ ។ ឈានដល់វគ្គទី២ ការសម្រុកគ្នាទៅវិញទៅមក ត្រឹម៣នាទីប៉ុណ្ណោះ ក៏មានគ្រាប់បាល់កើតឡើង ដោយខ្សែប្រយុទ្ធ សៀង ចន្ធា បញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ស៊ុតជើងឆ្វេងចូលទីបានសម្រេច១គ្រាប់ នៅនាទី៤៨ ។ ម្ចាស់ផ្ទះវាយបកមកវិញភ្លាមៗនៅនាទី៥៣ ដោយខ្សែការពារ សឿយ វិសាល ទាត់បញ្ចូលទីតាមស្មើ ១-១។
 
នៅនាទី៦៨ ខ្សែប្រយុទ្ធ Tukiainen Sakari ស៊ុតគ្រាប់ទី២ ឲ្យក្រុមបឹងកេត នាំមុខម្ចាស់ផ្ទះបណ្តោះអាសន្ន ក្រោយពីការបញ្ជូនបាល់ពីខ្សែបម្រើ ជា វាស្លី។ ព្រះខ័នរាជស្វាយរៀង បើកការវាយបកសារជាថ្មី ដោយរកគ្រាប់តាមស្មើនៅនាទី៨៤ តាមរយៈខ្សែការពារស្លាបស្តាំ សារ៉េត គ្រីយ៉ា ជាអ្នកបញ្ជូនជូនមិត្តរួមក្រុមខ្សែប្រយុទ្ធ Marcus Haber តែតបញ្ចូលទីបានសម្រេច។
 
ចំណែកគូផ្សេងទៀត ក្រុមភ្ញៀវភ្នំពេញក្រោន លត់ម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៤-១។ សុវណ្ណ ដូណា ជាអ្នកសម្រេចគ្រាប់បាល់ឲ្យក្រុមម្ចាស់ផ្ទះ១ គ្រាប់នៅនាទី៥ និងភ្ញៀវវាយបកវិញ៤គ្រាប់ ដោយខ្សែបម្រើ យ៉ឺ មូស្លីម ស៊ុតចូលនៅនាទី១៨ និងនាទី១៩ ធ្វើបានដោយខ្សែប្រយុទ្ធ Rafael Nieto ។ ចំណែកខ្សែបម្រើប្រយុទ្ធ លឹម ពិសុទ្ធ រកបាន២គ្រាប់ ពោលនៅនាទី៤៥+២ និងនាទី៤៩។ 
 
រីឯក្រុមម្ចាស់ផ្ទះ វិសាខា លត់ក្រុមភ្ញៀវ គីរីវង់សុខសែនជ័យ ៦-១។ ក្រុមម្ចាស់ផ្ទះ រកគ្រាប់បាល់បាន ដោយខ្សែបម្រើ ស៊ិន កក្កដា នៅនាទី២៧ និងនាទី៤៣ ខ្សែការពា អ៊ុក សុវណ្ណ រកបាន១គ្រាប់ទៀត និងខ្សែប្រយុទ្ធ Paulo Victor រកបានបាន៣គ្រាប់ម្នាក់ឯង ពោលនៅនាទី ៥១, ៦៩ និង៨៥ និងគ្រាប់ទី៦ ធ្វើបានដោយ ខ្សែប្រយុទ្ធ Marcos Vinicius នាទី៦៧ ។ ចំណែកភ្ញៀវធ្វើបានដោយខ្សែប្រយុទ្ធ Motohiro ដោយបាល់ពិន័យ១១ ម៉ែត្រនៅនាទី៧៩។
 
រីឯណាហ្កាវើលដ៍ បានត្រឹមស្មើទ័ព ១-១។ ម្ចាស់ផ្ទះ ស៊ុតបញ្ចូលទីដោយខ្សែបម្រើ Yuta Kikuchi នាទី៨២ មុនភ្ញៀវវាយបកមកវិញបាន១គ្រាប់ ដោយខ្សែប្រយុទ្ធ Da Cruz ជាអ្នកស៊ុតបញ្ចូលទីនៅនាទី៨៣ បន្ទាប់ពីខ្សែបម្រើ ឡេង មករា ជាអ្នកបញ្ជូនបាល់ឲ្យចូលតំបន់គ្រោះថ្នាក់។
 
គិតត្រឹមសប្តាហ៍ទី១៧ ព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាងមាន៣៩ពិន្ទុ នាំមុខវិសាខា ៥ពិន្ទុ និងបឹងកេត៨ពិន្ទុ។ ចំណែកភ្នំពេញក្រោនឈរលេខ៤ មាន២៦ពិន្ទុ លើណាហ្កាវើលដ៍ ៦ពិន្ទុ និងលើអង្គរថាយហ្គឺរ ៨ពិន្ទុ និងកងយោធពលខេមរភូមិន្ទ ឈរលេខ៧ នាំមុខគីរីវង់សុខសែនជ័យ ១២ពិន្ទុ។ អ្នកទាត់បាល់បញ្ជូលទីច្រើនជាងគេខ្សែប្រយុទ្ធព្រះខ័នរាជស្វាយ Marcos Haber មាន១៨គ្រាប់នាំមុខ ខ្សែប្រយុទ្ធទ័ព Takumu Nishinhara មាន១៦គ្រាប់៕
 

Tag:
 បាល់ទាត់
  ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com