ជាតិ
សេដ្ឋកិច្ច
៧ខែ កម្ពុជា នាំចេញម្រេចធ្លាក់ចុះជិត ៧០ភាគរយ
28, Aug 2022 , 3:53 pm        
រូបភាព
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការនាំចេញម្រេចរបស់កម្ពុជា បានធ្លាក់ចុះជិត ៧០ភាគរយ ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២២ ដោយសារតម្រូវការពិភពលោកទាប ។ បញ្ហាតម្រូវការ និងតម្លៃម្រេចសកលមានការធ្លាក់ចុះ ជាហេតុនាំឱ្យកសិករសម្រេចចិត្តស្តុកទុក ដោយរង់ការឡើងថ្លៃម្រេចមកវិញ។


បើតាមក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ ការនាំចេញម្រេច នៅក្នុងរយៈពេល ៧ខែនេះ ក្នុងទំហំជិត ៧ពាន់តោនប៉ុណ្ណោះ។ ទំហំនេះ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអត្រា ៧០ភាគរយបើធៀបក្នុងឆ្នាំ២០២១ ។
 
លោក ម៉ាក់ នី ប្រធានសមាគមម្រេចសណ្តាន់កំពង់ធំ បានប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុចម្បងនៃការនាំចេញម្រេចក្នុងអត្រាទាប ដោយសារបញ្ហាតម្រូវការ និងតម្លៃសកលលោកទាបជាងមុន ខណៈពន្លឺថ្ងៃ មិនសូវមានគ្រប់គ្រាន់ដើម្បីសម្ងួតម្រេចផងនោះ ទើបធ្វើឱ្យកសិករស្ទាក់ស្ទើរលក់ម្រេចទៅឱ្យឈ្មួញ ហើយសម្រេចចិត្តស្តុកទុករង់ចាំ តម្លៃម្រេចឡើងថ្លៃមកវិញ។ 
 
លោក ម៉ាក់ នី បញ្ជាក់ថា ៖«តម្លៃម្រេចនាពេលបច្ចុប្បន្នមានតម្លៃប្រមាណតែ ១​ម៉ឺន២ពាន់រៀល បើធៀបដើមឆ្នាំមានតម្លៃខ្ទង់ ១ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈការប្រមូលផលម្រេចអាចបានចន្លោះពី ៣ទៅ៥តោនក្នុងមួយហិកតា ដែលអាស្រ័យទៅតាមប្រភេទដីដែលបានដាំដុះ»។
 
ទន្ទឹមនេះ​ កម្ពុជាក៏កំពុងខ្វះខាតកន្លែងសម្ងួត និងស្តុកទុកម្រេចផងដែរ រួមជាមួយថ្លៃដឹកជញ្ជូនខ្ពស់ ដែលមកពីថ្លៃប្រេងឥន្ធនៈកើនឡើង ជាហេតុធ្វើឱ្យការនាំចេញម្រេចកម្ពុជាធ្លាក់ចុះ។ នេះជាការបន្ថែមរបស់លោក ម៉ាក់ នី។  
 
បើតាមប្រធានសមាគមម្រេចរូបនេះ វៀតណាមគឺជាប្រទេសដែលនាំចេញម្រេចច្រើនជាងគេទៅកាន់អឺរ៉ុប អាម៉េរិកខាងជើង ចិន ឥណ្ឌា ជាដើម។ ក្នុងនោះវៀតណាមបានប្រមូលទិញម្រេចពីកម្ពុជា ឥណ្ឌូណេស៊ី ប្រេស៊ីល... ។  
 
៧ខែនេះ កម្ពុជាបាននាំចេញម្រេចទៅវៀតណាមជាង ៦ ២០០តោន ខណៈអាល្លឺម៉ង់ជាង ៦០០តោន។ តៃវ៉ាន់ ២១តោន រួមប្រទេសមួយចំនួនទៀត។ នេះបើតាមទិន្ន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ កម្ពុជានាំចេញម្រេចបានជាង ២៨ពាន់តោន កើនឡើងជិត ៦ដងធៀបនឹង ៥​ ០៧៩ តោនក្នុងឆ្នាំ ២០២០។ ផ្ទៃដីម្រេចរបស់កម្ពុជាមានប្រហែល ៦ ០០០ហិកតា ដែលស្តិតនៅទាំង ១៨ខេត្ត ហើយភាគច្រើននៅក្នុងខេត្តត្បូងឃ្មុំ មណ្ឌលគិរី និងរតនគិរី ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com