អន្តរជាតិ
ស្ថានទូតចិន និងឥណ្ឌាឌឺដងផ្លែផ្កាដាក់គ្នាជុំវិញការចូលចតនាវាចិននៅ​កំពង់ផែ​ស្រីលង្កា
28, Aug 2022 , 5:37 pm        
រូបភាព
កំពង់ផែ Hambantota ដែលនាវាចិនចូលចត។ រូបថត AFP
កំពង់ផែ Hambantota ដែលនាវាចិនចូលចត។ រូបថត AFP
ស្ថានទូតឥណ្ឌា និងចិនប្រចាំទីក្រុងកូឡុំបូ ចេញសេចក្ដីថ្លែងការណ៍រៀងៗខ្លួន ដោយ​រិះគន់​គ្នា​ទៅ​វិញ​ទៅមកពាក់ព័ន្ធវត្តមាននាវាចិនដែលចូលចតនៅកំពង់ផែស្រីលង្កា។


ស្រីលង្កានៅថ្ងៃទី១៦ ខែសីហា បានអនុញ្ញាតឱ្យនាវាយោធា​ចិនចូលចតនៅកំពង់ផែ Hambantota របស់ខ្លួនដើម្បីបញ្ចូលប្រេងឥន្ទនៈ បើទោះជាបានពន្យារពេលដោយសារឥណ្ឌាមិនពេញចិត្ត​ដោយ​បារ​ម្ភពីសន្តិសុខក្នុងតំបន់ដែលនាវាចិនអាចនឹងចូលមកស៊ើប​ការណ៍។
 
ស្ថានទូតឥណ្ឌា និងចិននៅស្រីលង្កា ក៏ឌឺដងផ្លែផ្កាដាក់គ្នាមួយប្រាវ។ នៅថ្ងៃទី២៦ ខែសីហា ស្ថានទូត​ចិនប្រចាំ​ស្រីលង្កា​បានបង្ហោះសារមួយ​លើបណ្ដាញសង្គម Twitter ថា ស្រីលង្កា​មាន​សិទ្ធិ​គ្រប់​យ៉ាង​ក្នុង​ការ​អនុញ្ញាតឱ្យ​​នាវាបរទេស​ចូល​ចត​នៅ​កំពង់ផែ​របស់​ខ្លួន។ ស្ថានបេសកកម្ម បន្តថា ការរារាំងពីភាគី​ខាងក្រៅដោយផ្អែកលើលេសបារម្ភអំពី​សុវត្ថិភាពដែលគ្មាន​ព័ស្តុតាងជាក់លាក់ ជាការជ្រៀតជ្រែក​អធិបតេយ្យភាព និងឯករាជ្យ​ភាពស្រីលង្កា។
 
«ប្រទេសខ្លះទាំងនៅឆ្ងាយ ឬជិត តែងតែរកលេសមិនសមហេតុផល ដើម្បីគំរាមស្រីលង្កា ជាន់​ឈ្លី​អធិបតេយ្យភាព និងឯករាជ្យភាពរបស់ស្រីលង្កាម្តងហើយម្តងទៀត»។ ស្ថានទូត​ចិនប្រចាំស្រីលង្កា​សរសេរបែបនេះដោយមិនបានហៅឥណ្ឌាចំៗឡើយ។
 
ឆ្លើយតបទៅវិញ ស្ថានទូតឥណ្ឌាប្រចាំស្រីលង្កា នៅថ្ងៃទី២៧ ខែសីហា បានបង្ហោះសារលើ Twitter មួយដែរថា ស្រីលង្កា​ត្រូវការការគាំទ្រ មិនមែនការដាក់សម្ពាធ ឬភាពចម្រូងចម្រាសដែល​មិនគួរកើត​ឡើងដើម្បី​បម្រើប្រទេសមួយផ្សេងទៀតឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
 
កន្លងមក ឥណ្ឌាបានប្រកែកថា ខ្លួនមិនបានដាក់សម្ពាធលើស្រីលង្កាទេ បើទោះខ្លួនមិន​ពេញចិត្ត​ចំពោះ​ការអនុញ្ញាតឱ្យនាវាចិនចូលចតក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេស​ឥណ្ឌាលោក Arindam Bagchi បានសង្កត់ធ្ងន់ថា​ ឥណ្ឌាមិនបានធ្វើ​បែបនោះឡើយ ដោយសារស្រីលង្កាជាប្រទេស​ដែល​មាន​អធិបតេយ្យភាពមួយ និងធ្វើការសម្រេចចិត្តដោយ​ឯករាជ្យ។
 
គួរបញ្ជាក់ថា នាវាចិនដែលបានចូលចតនៅស្រីលង្កា ជាប្រភេទនាវាយោធា Yuan Wang-5 មាន​បំពាក់អង់តែន និងឧបករណ៍អេឡិចត្រូនិកដែលគាំទ្រការបាញ់បង្ហោះ​មីស៊ីល ត្រួត​ពិនិត្យមីស៊ីល និង​គ្រាប់រ៉ុក្កែត៕
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com