ជាតិ
សេដ្ឋកិច្ច
EuroCham ចុះ MOU ជាមួយអាជ្ញាធរមីន ដើម្បីលុបបំបាត់មីននៅកម្ពុជា
28, Aug 2022 , 9:30 pm        
រូបភាព
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានចុះអនុស្សារណយោគយល់គ្នា (MOU) ជាមួយអាជ្ញាធរមីន (CMAA)  ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា ក្នុងគោលបំណងលុបបំបាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។


អនុស្សារណយោគយល់គ្នារវាង EuroCham និង អាជ្ញាធរមីន ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា នឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ​ ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ EuroCham នាថ្ងៃទី ២៦សីហា។ 
 
ក្នុងរយៈពេលជាង៣០ឆ្នាំនេះ ផ្ទៃដីប្រមាណ២ ៣៨៥ គីឡូម៉ែត្រការ៉េ ដែលគ្របដណ្តប់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវបានបោសម្អាត ខណៈផ្ទៃដីចំនួន ១ ៩៩១ គីឡូម៉ែត្រការ៉េទៀត កំពុងនៅជាប់គាំងនិងបន្សល់នូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះជាច្រើន។  
 
លោក Tassilo Brinzer ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បានលើកឡើងថា៖«  EuroCham ប្តេជ្ញាជួយ CMAA ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ បង្កើនការយល់ដឹង និងសហការលើគំនិតផ្តួចផ្តើមរួមគ្នា»។
 
ទន្ទឹមនេះ EuroCham ក៏បានចុះ MOU ជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ក្នុងគោលបំណងលើកកម្ពស់ទិដ្ឋភាពធុរកិច្ចរួមគ្នា និងពង្រឹងទំនាក់ទំនងអឺរ៉ុប-កម្ពុជា ក្នុងគោលដៅកែលម្អជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា កាលពីថ្ងៃទី២២ សីហា។
 
គួរបញ្ជាក់ថា កាលពីដើមខែសីហាកន្លងទៅ អាជ្ញាធរមីនបានប្រកាសថា ខេត្តចំនួន៥ រួមមាន ខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត និងខេត្តស្វាយរៀង នឹងជាខេត្តអស់មីន ក្រោមគម្រោងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
 
កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៨ ខែកញ្ញា​។ អនុប្រធាន​គណៈកម្មការ និង​ជា​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​លោក Valdis Dombrovskis ត្រូវបានរំពឹងថា នឹងចូលរួមព្រឹត្តិការណ៍នេះ​ ហើយ EuroCham នឹងរៀកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ដាច់ដោយឡែកនាពេលនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com