កីឡាជាតិ
ជាតិ
បន្ទាយមានជ័យ ចាញ់ព្រៃវែងយ៉ាងអាម៉ាស ខណៈ ISI ដង្កោសែនជ័យ ឈ្នះ ណិចស្ដិប
29, Aug 2022 , 3:15 pm        
រូបភាព
រូបពីក្លិបបាល់ទាត់បន្ទាយមានជ័យ
រូបពីក្លិបបាល់ទាត់បន្ទាយមានជ័យ
ព្រៃវែងអេហ្វស៊ី យកឈ្នះលើម្ចាស់ផ្ទះ បន្ទាយមានជ័យអេហ្វស៊ី ក្នុងលទ្ធផល ១៣-១ កាលពីថ្ងៃទី២៨ ខែសីហា នៃការប្រកួត Cambodian League 2 សប្ដាហ៍ទី១៧ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្របពេល ណិចស្ដិប ចាញ់ ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ៥-០។

 
លោក ឡុង ឬទ្ធា គ្រូបង្វឹកក្រុមព្រៃវែងអេហ្វស៊ី ថា ការយកឈ្នះ លើបន្ទាយមានជ័យនេះ ដោយសារសមាជិកក្រុមខ្លួន មានស្មារតីសាមគ្គី និងឆន្ទៈប្រកួតជាក្រុម។ លោក ឡុង ឬទ្ធា បានប្រាប់សារព័ត៌មានថ្មីៗ ថា លោកតែងតែស្វែងយល់អំពីទម្រង់លេងរបស់គូប្រកួត ដើម្បីដឹងអំពីចំណុចខ្លាំង និងខ្សោយ មុនការប្រកួត។
 
«យើង ដឹងពីតាក់តិចរបស់ក្រុមគាត់។ យើង លេងយ៉ាងណាឲ្យគូប្រកួតបាត់ទម្រង់ ហើយបត់បែនតាមក្រុមយើងមិនទាន់ ហើយការសហការលេងតាមស្លាបរបស់យើង មានការយល់ចិត្តគ្នា រវាងកីឡាករ និងកីឡាករ។ គ្រប់ក្រុមទាំងអស់ ខ្ញុំ និងគ្រូជំនួយ តែងតែសិក្សាពីយុទ្ធសាស្ដ្រប្រកួត និងស្វែងយល់ពីទម្រង់របស់ក្លិបជាគូប្រកួត។»។ គ្រូបង្វឹករូបនេះ បានពន្យល់ដូច្នេះ។
ដោយឡែក លោក ឈឹម យៀក គ្រូបង្វឹកក្រុមបន្ទាយមានជ័យ បានប្រាប់ថា ក្រុមខ្លួន មានកីឡាករសំខាន់របួសច្រើន ហើយកីឡាករមួយចំនួន របួសតិចតួចក៏មិនអាចប្រកួតបានពេញតង់ ។ បើតាមលោក យៀក បញ្ហារបួសកីឡាករនេះ ដោយសារមមាញឺកច្រើនក្នុងការប្រកួត។
 
ចំណែក៥គូផ្សេងទៀតនោះ អាយ អេស អាយ ដង្កោសែនជ័យ យកឈ្នះ ណិចស្ដិប ក្នុងលទ្ធផល៥-០ នៅកីឡដ្ឋានហុនមាន ខណៈសាលាកីឡាបាល់ទាត់ជាតិ ចាញ់ នគរបាលជាតិ លទ្ធផល៣-០ នៅទីលានសាលបាល់ទាត់ជាតិបាទី។ រីឯនៅទីលានបាល់ទាត់វិទ្យាល័យតេជោសែន ម្ចាស់ផ្ទះ កោះកុងអេហ្វស៊ី ឈ្នះ សូលទីឡូអង្គរ ក្នុងលទ្ធផល៣-០។ ក្រុមភ្ញៀវ សៀមរាបអេហ្វស៊ី ប្រកួតស្មើជាមួយម្ចាស់ផ្ទះ ត្បូងឃ្មុំ នៅទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ ក្នុងលទ្ធផល ២-២ ដូចគ្នាទៅនឹងការប្រកួត នៅទីលានបាល់ទាត់ EDC អគ្គិសនីកម្ពុជា ស្មើជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផល១-១។
 
គួរបញ្ជាក់ថា អគ្គិសនីកម្ពុជា ឈរលេខ១ (បណ្ដោះអាសន្ន) មាន៣៩ពិន្ទុ និងលេខ២ កោះកុងអេហ្វស៊ី មាន៣៦ពិន្ទុ ស្មើគ្នានិង អាយ អេស អាយ ដង្កោសែនជ័យ លេខ៣ និងនគរបាលជាតិលេខ៤។ រីឯព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៣៥ពិន្ទុ តាមពីក្រោយដោយ អាស៊ីអឺរ៉ុបយូណាយធីត លេខ៦ មាន២៦ពិន្ទុ។ ចំណែកណិចស្តិប មាន៦ពិន្ទុ ឈរលើ បន្ទាយមានជ័យអេហ្វស៊ី នៅបាតតារាង មាន៥ពិន្ទុ៕
 

Tag:
 បន្ទាយមានជ័យ ចាញ់ព្រៃវែងយ៉ាងអាម៉ាស ខណៈ ISI ដង្កោសែនជ័យ ឈ្នះ ណិចស្ដិប
© រក្សាសិទ្ធិដោយ thmeythmey.com