អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន នឹងជួយអាហ្វ្រិកឱ្យមានកៅអីសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN
29, Aug 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ថ្លែងទៅកាន់សន្និសីទតូក្យូស្ដីពីការអភិវឌ្ឍអាហ្វ្រិក។ រូបថត AFP
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ថ្លែងទៅកាន់សន្និសីទតូក្យូស្ដីពីការអភិវឌ្ឍអាហ្វ្រិក។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ថា ជប៉ុននឹងជំរុញឱ្យអាហ្រិកទទួលបាន​កៅអី​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ​ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់ស្ថាប័នដ៏មានឥទ្ធិពលមួយនេះឱ្យមានតំណាងគ្រប់ជ្រុងជ្រោយ។ លោក គីស៊ីដា ក៏បានសន្យាជួយជ្រោមជ្រែង​អាហ្រិកក្នុងការស្ដារស្ថានភាពសន្តិសុខស្បៀង​អាហារផងដែរ។

 
ថ្លែងតាមប្រព័ន្ធវីដេអូពីទីក្រុងតូក្យូក្នុងសន្និសីទអន្តរជាតិតូក្យូស្តីពីការអភិវឌ្ឍអាហ្វ្រិក នាយករដ្ឋមន្ត្រី​ជប៉ុន បានបញ្ជាក់ជាថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​ភាព​អយុត្តិធម៌ដែលមាន​​យូរមក​ហើយចំពោះតំបន់​អាហ្វ្រិកដែល​មិនមាន​តំណាងជាសមាជិក​អចិន្ត្រៃយ៍​ក្នុងក្រុមប្រឹក្សា​សន្តិសុខ UN ។ 
 
«ដើម្បីឱ្យ UN ធ្វើការប្រកបដោយប្រសិទ្ធភាព និងដើម្បីសន្តិភាព និងស្ថិរភាពចាំបាច់ ត្រូវពង្រឹង UN ទាំងមូលតាមរយៈកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ»។ លោក គីស៊ីដា បានសង្កត់ធ្ងន់បែបនេះ មុនបន្ត​ថា UN កំពុងតែប្រឈមមុខនឹងចន្លោះខ្វះខាតមួយនេះ ហើយក៏ត្រូវដោះស្រាយបញ្ហា​មួយ​នេះផ​ង​ដែរ។
 
ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវបានបង្កើតឡើងដោយសមាជិកចំនួន១៥ប្រទេសដែលក្នុងនោះ៥​ប្រទេស ជាសមាជិកអចិន្ត្រៃយ៍មាន អាម៉េរិក, រុស្ស៊ី, ចិន, បារាំង និងចក្រភពអង់គ្លេស។ សមាសភាពនេះ បង្ហាញ​ពីការខ្វះសមាមាត្រប្រទេសតំណាងពីតំបន់អាហ្វ្រិកក្នុងការពិភាក្សាបញ្ហាសំខាន់​ៗក្នុង​ក្រុមប្រឹក្សាដ៏មានអំណាចមួយនេះ។ ជប៉ុនជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍កាលពីខែមិថុនាកន្លងទៅ។
 
ក្នុងសារវីដេអូដដែលនេះ លោក គីស៊ីដា ក៏បានបានរំឭកឡើងពីការសន្យាផ្ដល់​ប្រាក់​ប្រហែល​៣០​ពាន់​លានដុល្លារនៅទ្វីបអាហ្រ្វិកក្នុងរយៈពេល៣ឆ្នាំខាងមុខ ហើយបានសន្យាជួយស្ដារ​ស្ថានភាព​សម្រាប់​សន្តិសុខស្បៀងអាហារ ជាមួយការសម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍អាហ្វ្រិកផងដែរ។
 
មេដឹកនាំជប៉ុនរូបនេះក៏បានប្រកាសពីផែនការតែងតាំងប្រេសិតពិសេសមួយរូបទៅកាន់តំបន់កុយរមាសអាហ្វ្រិក ដែលជាកន្លែងដែលរងគ្រោះរាំងស្ងួតដ៏យូរ ហើយអាច នឹងប្រឈមនឹងគ្រោះមហន្តរាយ​មនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក។
 
លើសពីនេះ ជប៉ុន នឹងចាក់បញ្ចូលប្រាក់ចំនួន៨,៣លានដុល្លារជាជំនួយសម្រាប់ការ​អភិវឌ្ឍតំបន់​ត្រីកោណរវាង​ម៉ាលី នីហ្សេ និង​បួគីណាហ្វាសូដែលជាតំបន់សម្បូរដោយមាស ក៏ប៉ុន្តែត្រូវបាន​រង​ការ​វាយ​ប្រហារដោយក្រុមប្រដាប់អាវុធក្នុងប៉ុន្មានឆ្នាំក្រោយនេះ ។ ជំនួយនេះ នឹងបង្កើត​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ និង​ជួយ​កែលម្អ​សេវា​រដ្ឋបាល​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន៥លាន​នាក់​ក្នុង​តំបន់​នេះ។
 
ទន្ទឹមនេះ លោក គីស៊ីដា បានសន្យានឹងផ្តល់ជំនួយក្នុងការបណ្តុះបណ្តាលមន្រ្តីប៉ូលិស និងគាំទ្រ​ការ​បោះឆ្នោតដោយយុត្តិធម៌និងតម្លាភាពនៅទូទាំងទ្វីបអាហ្វ្រិក​ ហើយក៏គាំទ្រនីតិរដ្ឋនៅ​តំបន់​មួយ​នេះ​ផង​ដែរ៕
 
 
 
 
 

Tag:
 ជប៉ុន
  អាហ្វ្រិក
  UN
© រក្សាសិទ្ធិដោយ thmeythmey.com